ភ្នំពេញ៖ បុរសជនជាតិខ្មែរ ២នាក់ និងជនជាតិចិនម្នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចប្រចាំការនៅគោលដៅរង្វង់មូលស្ពានជ្រោយចង្វា នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១នេះ ធ្វើការបង្ក្រាបក្នុងករណីល្មើសវិធានបិទខ្ទប់រាជធានីភ្នំពេញចំនួន២ករណី ដែលគ្មានលិខិតអនុញ្ញាត ព្រមទាំងដកហូតរ៉ឺម៉ក់ម៉ូតូមួយគ្រឿង និងម៉ូតូមួយគ្រឿង។
បើតាមអះអាងពីមន្រ្តីសមត្ថកិច្ចដែលប្រចាំការនៅចំណុចគោលដៅរង្វង់មូលស្ពានជ្រោយចង្វា បានឲ្យដឹងថា ករណីទី១៖ មានបុរសម្នាក់ជិះម៉ូតូតាមផ្លូវដោយគ្មានលិខិតអនុញ្ញាត ព្រមទាំងបុកបារ៉ាស់សមត្ថកិច្ច ទេីបកម្លាំងជំនាញឃាត់ខ្លួនតែម្តង។ រួចសមត្ថកិច្ចបាននាំខ្លួនបុគ្គលនេះ ឲ្យធ្វើចត្តាឡីស័កតាមវិធានសុខាភិបាលរយៈពេល១៤ថ្ងៃ នៅមណ្ឌលចត្តាឡីស័កព្រែកព្នៅ។ ក្រោយបញ្ជូនទៅធ្វើចត្តាឡីស័ក សមត្ថកិច្ចនឹងកសាងសំណុំរឿងបញ្ជូន ទៅតុលាការ ចាត់ការតាមនីតិវិធីច្បាប់ផងដែរ។
ចំណែកករណីទី២៖ បុរសជនជាតិចិនម្នាក់ និងបុរសជនជាតិខ្មែរម្នាក់ ជាអ្នកបើករ៉ឺម៉ក់ម៉ូតូ ត្រូវបានសមត្ថកិច្ចតាមគោលដៅឃាត់ខ្លួន ធ្វើដំណើរល្មើសនឹងបំរាមគោចរ ហើយគ្មានលិខិតអនុញ្ញាតទៀតផង។
ប្រភពដដែល បន្តថា ក្រោយឃាត់ខ្លួនបុរសជនជាតិចិន សមត្ថកិច្ចបានធ្វេីការពិន័យតាមសេចក្តីសម្រេចរបស់សាលារាជធានីភ្នំពេញ ព្រមទាំងបានអនុញ្ញាតឱ្យបុរសជនជាតិចិននេះ វិលត្រឡប់ទៅទីតាំងចាស់វិញដោយថ្មើរជើង។ ដោយឡែកម្ចាស់រ៉ឺម៉កម៉ូតូ ដែលបានដឹកបុរសជនជាតិចិន ត្រូវសមត្ថកិច្ចដកហូតវត្ថុតាងសម្រាប់ដឹកជនជាតិចិនខាងលេីនេះ យកមករក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វាជាបណ្តោះអាសន្ន។
គួរបញ្ជាក់ថា ការដកហូតវត្ថុតាងនេះដោយសារសាមីខ្លួនអត់មានប្រាក់បង់នៅនឹងកន្លែង ហើយសមត្ថកិច្ចទុករយៈពេលឱ្យម្ចាស់កង់បីចំនួន៣០ថ្ងៃ តាមកាលកំណត់ ក្នុងករណីម្ចាស់កង់បីខាងលើ មិនចូលខ្លួនដោះស្រាយសមត្ថកិច្ច នឹងកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕ដោយ៖សហការី