ព័ត៌មានទាន់ហេតុការណ៍៖

សូមប្រុងប្រយ័ត្នជាមួយល្បិចកលបោកប្រាស់មួយចំនួនក្នុងពេលដែលជំងឺកូវីដ-១៩ កំពុងតែរីករាលដាល

ចែករំលែក៖

ភ្នំពេញ៖ អង្គភាពនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យានៃអគ្គស្នងការនគរបាលជាតិនៅល្ងាចថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១ បានបញ្ជាក់ឲ្យដឹងថា, ស្របពេលដែលប្រជាពលរដ្ឋកំពុងមានការព្រួយបារម្ភយ៉ាងខ្លាំងនឹងការរាតត្បាតពីជំងឺកូវីដ-១៩ ក៏មានជនខិលខូចមួយចំនួនបានកំពុងរិះរកល្បិចកលដើម្បីបោកប្រាស់ប្រជាពលរដ្ឋ ដោយបន្លំធ្វើជា អាជ្ញាធរ ឬសប្បុរសជនដើម្បីចែកម្ហូបអាហារ ជួយឧបត្ថម្ភថវិកា ឬផ្ដល់ប្រាក់កម្ចីជាដើម ដូច្នេះនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា សូមណែនាំដល់ប្រជាពលរដ្ឋទាំងអស់ ឱ្យមានការប្រុងប្រយ័ត្នចំពោះជនខិលខូចមួយចំនួន ដែលអាចឆ្លៀតឱកាសបោកប្រាស់បងប្អូនតាមរយៈទូរស័ព្ទ ឬបណ្ដាញទំនាក់ទំនងសង្គមក្រោមរូបភាពផ្សេងៗមានដូចជា៖

១-ការជួយឧបត្ថម្ភថវិកា ឬម្ហូបអាហារ៖

– ជនខិលខូចអាចផ្ញើសារ ឬផ្សព្វផ្សាយតាមបណ្ដាញទំនាក់ទំនងសង្គមក្នុងន័យជួយឧបត្ថម្ភ  ប៉ុន្តែទាមទារឱ្យបងប្អូនចុច Like ដើម្បីបង្កើនចំនួន Like ផេករបស់ពួកគេ ឬ Share ព័ត៌មានដើម្បីបំពុលសង្គមតែប៉ុណ្ណោះ។

២- ការផ្ដល់ប្រាក់កម្ចីងាយៗ

– ទាមទារឱ្យបង់កម្រៃសេវាកម្មជាមុន។

– ភ្ជាប់មកជាមួយនូវតំណរភ្ជាប់ (Link) ដែលមានផ្ទុកមេរោគដើម្បីលួចយកទិន្នន័យ។

៣-ក្លែងបន្លំជាអាជ្ញាធរ ឬមន្ត្រីមន្ទីរពេទ្យ ហើយទាមទារឱ្យបង់ប្រាក់ដើម្បីជួយឧបត្ថម្ភ ឬជួយសង្គ្រោះបងប្អូន។

ដើម្បីការពារពីការបោកបន្លំដោយជនខិលខូចមួយចំនួន តាមរយៈរូបភាពដូចខាងលើ សូមបងប្អូនអនុវត្តតាមការណែនាំមួយចំនួន ដូចខាងក្រោម៖

  សូមធ្វើការបញ្ជាក់ប្រភពព័ត៌មាន ថាជាប្រភពផ្លូវការ មុននឹងចុចលើតំណភ្ជាប់ (Link) ឬចុច Like ឬ Share ផេកណាមួយ។

  សូមពិនិត្យឱ្យបានច្បាស់លាស់មុននឹងផ្ដល់ព័ត៌មានផ្ទាល់ខ្លួនទាក់ទងនឹងការឧបត្ថម្ភម្ហូបអាហារ ឬការឧបត្ថម្ភផ្សេងៗទៀត ដើម្បីចៀសវាងកុំឱ្យជនខិលខូចអាចយកទិន្នន័យទាំងនេះទៅធ្វើការបោកបញ្ឆោតនៅពេលក្រោយ។ ក្នុងករណីដែលមានការសង្ស័យ បងប្អូនអាចធ្វើការទំនាក់ទំនងទៅលេខទូរស័ព្ទ ដែលរាជរដ្ឋាភិបាលបានដាក់ឱ្យប្រើប្រាស់ ដើម្បីទទួលព័ត៌មានលម្អិត។

  ក្នុងករណីដែលមានការពាក់ព័ន្ធនឹងការផ្ដល់សេវាសុខាភិបាល សូមទូរសព្ទទៅលេខ ១១៥ ឬទំនាក់ទំនងទៅអាជ្ញាធរមូលដ្ឋាន ដើម្បីសួរនាំបន្ថែម ឬបញ្ជាក់ពីព័ត៌មានទាំងនោះ៕

ដោយ ៖ សិលា


ចែករំលែក៖