ខេត្តកំពង់ចាម ៖ កម្លាំងអធិការដ្ឋាននគរបាលស្រុកកំពង់សៀម សហការ ជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកកោះសូទិន បានធ្វើការបង្ក្រាបនិងឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ ពាក់ព័ន្ធនឹងករណីលួចគោប្រជាពលរដ្ឋ ដែលជនសង្ស័យប្រព្រឹត្តកាលពីថ្ងៃទី១៣ និងថ្ងៃទី១៦ ខែមេសា ឆ្នាំ ២០២១ នៅចំណុចភូមិកោះដាច់ ឃុំកោះមិត្ត ស្រុកកំពង់សៀម និងថ្ងៃទី១៨ ខែមេសា ឆ្នាំ ២០២១ លួចនៅស្រុកកោះសូទិន ខេត្តកំពង់ចាម ។ ការឃាត់ខ្លួនជនស្ស័យខាងលើធ្វើឡើងកាលពីវេលាម៉ោង៣និង ១០នាទីរសៀលថ្ងៃទី២០ ខែមេសា ឆ្នាំ ២០២១ ។
តាមប្រភពពីសមត្ថកិច្ចឱ្យដឹងថា ជនសង្ស័យជាចោរលួចគោទាំង២នាក់គឺ ១-ឈ្មោះ វុធ ស៊ីណាត ភេទប្រុស អាយុ ៣៧ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិកោះដាច់ ឃុំកោះមិត្ត ស្រុកកំពង់សៀម ខេត្តកំពង់ចាម និង២-ឈ្មោះ ម៉ាត់ សុក្រី ភេទប្រុស អាយុ ៣៩ឆ្នាំ ជនជាតិខ្មែរអ៊ិស្លាម មុខរបរ ដឹកនិងទិញលក់សត្វគោ មានទីលំនៅភូមិទី១៣ ឃុំកោះសូទិន ស្រុកកោះសូទិន ខេត្តកំពង់ចាម ។ ក្រៅពីជនសង្ស័យទាំង២នាក់ សមត្ថកិច្ចជំនាញ ក៏បានដកហូតវត្ថុតាង ម៉ូតូសណ្តោងរុឺម៉ក ពណ៌ស្លឹកឈើចាស់ គ្មានស្លាកលេខ១គ្រឿងផងដែរ ។
តាមការសន្និដ្ឋានរបស់សមត្ថកិច្ចថា ការលួចគោទាំង៣ករណីនេះ គឺជនសង្ស័យបានយកទៅលក់នៅភូមិស្រែសៀម ឃុំជីរោទ៍ទី២ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ឲ្យមនុស្សប្រុសម្នាក់មានវ័យប្រហែល៤០ឆ្នាំ មិនស្គាល់ឈ្មោះ ក្នុងតម្លៃគោ១ក្បាល ចំនួន ៤.០០០.០០០រៀល ។
បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាងខាងលើ ត្រូវបានជំនាញនាំមកកាន់អធិការដ្ឋាននគរបាលស្រុកកំពង់សៀម ដើម្បីធ្វើការសួរនាំ និងកសាងសំណុំរឿង តាមនីតិវិធី ៕
ដោយ៖ វណ្ណៈ