ភ្នំពេញ៖ ក្រសួងការបរទស និងសហប្រតិបត្តិការអន្តរជាតិ នៅល្ងាចថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១ បានចេញសេចក្ដីប្រកាសព័ត៌មានបញ្ជាក់អោយដឹងថា, តបតាមការអញ្ជើញរបស់ប្រទេសព្រុយណេដារ៉ូសាឡឹម ជាប្រធានអាស៊ាននាពេលបច្ចុប្បន្ន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នឹងដឹកនាំ គណៈប្រតិភូជាន់ខ្ពស់អញ្ជើញទៅចូលរួមដោយផ្ទាល់ក្នុងកិច្ចប្រជុំរបស់មេដឹកនាំអាស៊ាន ដែលនឹង ប្រព្រឹត្តិទៅនៅថ្ងៃទី ២៤ ខែមេសា ឆ្នាំ២០២១ នៅទីក្រុងហ្សាការតា ប្រទេសឥណ្ឌូនេស៊ី។
អញ្ជើញអមដំណើរ សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន រួមមាន លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងឥស្សរជនជាន់ខ្ពស់នៃ រាជរដ្ឋាភិបាលមួយចំនួនផងដែរ។
នៅក្នុងឱកាសកិច្ចប្រជុំនេះ មេដឹកនាំអាស៊ានរំពឹងថានឹងផ្តោតការយកចិត្តទុកដាក់ទៅលើ ប្រធានបទធំៗចំនួនបីគឺ ការជំរុញដំណើរការកសាងសហគមន៍អាស៊ាន រួមទាំងគំនិតផ្តួចផ្តើមនានា ដើម្បីឆ្លើយតបជំងឺរាតត្បាតកូវីដ-១៩ និងកិច្ចប្រឹងប្រែងស្តារសេដ្ឋកិច្ច -សង្គមឡើងវិញ ទំនាក់ទំនង អាស៊ានជាមួយដៃគូក្រៅតំបន់ និងការវិវត្តនៃស្ថានការណ៍អន្តរជាតិ និងក្នុងតំបន់ ដែលជាផល ប្រយោជន៍ និងការបារម្ភរួម។
នៅថ្ងៃទី ២៣ ខែមេសា ឆ្នាំ២០២១ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន នឹងអញ្ជើញ ចូលរួមកម្មវិធីអាហារស្វាគមន៍ពេលល្ងាច ដែលរៀបចំឡើងដោយលោកស្រី រ៉េតណូ ម៉ាស៊ូឌី រដ្ឋមន្តី្រ ការបរទេសឥណ្ឌូនេស៊ី នៅល្ងាចមុនថ្ងៃប្រជុំមេដឹកនាំអាស៊ាន៕
ដោយ៖ សុខ ខេមរា