ខេត្តត្បូងឃ្មុំ ៖ យ៉ាងតិចណាស់ក៏មានមនុស្សម្នាក់ស្លាប់ និងពីរនាក់រងរបួសធ្ងន់ស្រាលដោយសារការផ្ទុះគ្រាប់បែក បន្ទាប់ពីជនរងគ្រោះម្នាក់ក្នុងចំណោមទាំង៣នាក់រេីសបានគ្រាប់បែកដែលកប់ក្នុងដីហេីយយកមកវាយដំយករំសេវ ។
ប្រភពព័ត៌មានឱ្យដឹងថា ហេតុការណ៍នេះកេីតឡេីងនៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង១២:១០នាទី នៅចំណុចខាងកើតភូមិត្រពាំងព្រីងចម្ងាយ២០០ម៉ែត្រ ក្នុងឃុំត្រពាំងព្រីង ស្រុកតំបែរ ខេត្តត្បូងឃ្មុំ នៃផ្ទះឈ្មោះ បេ គួយ ភេទប្រុស អាយុ៧៨ឆ្នាំ ។
ប្រភពព័ត៌មានដដែលបានបន្តថាអ្នករងគ្រោះទាំង៣នាក់រួមមាន ៖
១- ឈ្មោះ ពឿន ពៅ ភេទប្រុស អាយុ១២ឆ្នាំ ស្លាប់ក្រោយពេលបញ្ជូនទៅមន្ទីរពេទ្យ ។
២- ឈ្មោះ ម៉ុត សំណាង ភេទប្រុស អាយុ២៩ឆ្នាំ (របួសធ្ងន់ដាច់ប្រអប់ដៃស្ដាំ) ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យខេត្តកំពង់ចាម។
៣- ឈ្មោះ បេ គួយ ភេទប្រុសអាយុ៧៨ឆ្នាំ (របួសស្រាល) បញ្ជូនទៅព្យាបាលនៅ មន្ទីរពេទ្យបង្អែកស្រុក។
ជនរងគ្រោះទាំង៣នាក់នេះ មានទីលំនៅភូមិ ឃុំកើតហេតុខាងលើ។
សមត្ថកិច្ចបានបញ្ជាក់ប្រាប់ពីមូលហេតុថា ពួកគេរេីសបានគ្រាប់កប់ក្នុងដីដែលកំពុងភ្ជួរ ហើយយកមកដំចាក់យករំសេវ ក៏បណ្ដាលឱ្យផ្ទុះតែម្តង ។
គួរកត់សម្គាល់ថា បម្រាមអាជ្ញាធរកម្ចាត់មីនសរសេរថា សូមកុំប៉ះពាល់គ្រប់យុទ្ធភណ្ឌ មិនទាន់ផ្ទុះនានា។
ក្នុងករណីបានប្រទះឃើញសូមរាយការណ៍ទៅសមត្ថកិច្ចដែលនៅជិតលោកអ្នកបំផុត ៕
ដោយ៖ វណ្ណៈ