ខេត្តស្ទឹងត្រែង៖ រដ្ឋបាលខេត្តស្ទឹងត្រែង នៅព្រលប់ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១ បានចេញសេចក្តីសម្រេច ស្តីពី ការបន្តអនុវត្តគោលការណ៍វិធានការរដ្ឋបាលជាបណ្ដោះអាសន្ន ដើម្បីទប់ស្កាត់ ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នៅក្នុងភូមិសាស្ត្រខេត្តស្ទឹងត្រែង។
រដ្ឋបាលខេត្តស្ទឹងត្រែងសម្រេច៖
ប្រការ ១…បន្តអនុវត្តគោលការណ៍នៃវិធានការរដ្ឋបាលជាបណ្ដោះអាសន្ន ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺ កូវីដ-១៩ នៅក្នុងភូមិសាស្ត្រខេត្តស្ទឹងត្រែង ដែលមានថេរវេលាអនុវត្តរយៈពេល ៨ (ប្រាំបី)ថ្ងៃ បន្តទៀតដោយ គិតចាប់ពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១ ដល់ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១។
ប្រការ ២..បទប្បញ្ញត្តិដូចមានចែងក្នុងប្រការ២ ប្រការ៣ និងប្រការ៤ នៃសេចក្តីសម្រេចលេខ០៣៥/២១ សសរ ចុះថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២១ របស់រដ្ឋបាលខេត្ត នៅមានសុពលភាព និងប្រសិទ្ធភាពអនុវត្តស្របតាមថេរ វេលាដូចមានចែងក្នុងប្រការ១ នៃសេចក្ដីសម្រេចនេះ។
ប្រការ ៣..ការអនុវត្តគោលការណ៍ពិន័យអន្តរការណ៍ចំពោះបុគ្គល ឬនីតិបុគ្គលដែលមិនគោរពវិធានការរដ្ឋបាល ក្នុងការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេង ទៀត នៅក្នុងភូមិសាស្ត្រខេត្តស្ទឹងត្រែង ត្រូវអនុលោមតាមបទប្បញ្ញត្តិដូចមានចែងក្នុងប្រកាសអន្តរក្រសួង លេខ ១០៤៥ ប្រក ចុះថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២១ របស់ក្រសួងមហាផ្ទៃ និងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងសេចក្តីសម្រេចលេខ ០៣៦/២១ សសរ ចុះថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១ របស់រដ្ឋបាលខេត្ត។
ប្រការ ៤..បទប្បញ្ញត្តិទាំងឡាយណា ដែលមានខ្លឹមសារផ្ទុយនឹងសេចក្តីសម្រេចនេះ ត្រូវទុកជានិរាករណ៍។
ប្រការ ៥..នាយករដ្ឋបាលសាលាខេត្ត ស្នងការនៃស្នងការដ្ឋាននគរបាលខេត្ត មេបញ្ជាការនៃបញ្ជាការដ្ឋានតំបន់ ប្រតិបត្តិការសឹករងស្ទឹងត្រែង មេបញ្ជាការនៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត អភិបាលក្រុង-ស្រុក ប្រធាន មន្ទីរ – អង្គភាពក្នុងខេត្ត និងគ្រប់ផ្នែកពាក់ព័ន្ធ ត្រូវទទួលបន្ទុកអនុវត្តសេចក្តីសម្រេចនេះឲ្យមានប្រសិទ្ធភាព ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ៕
ដោយ៖ សុខ ខេមរា