ខេត្តតាកែវ៖ នៅព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១នេះ ស្នងការដ្ឋាននគរបាលខេត្តតាកែវ បានបង្ហាញអត្តសញ្ញាណអ្នកកើតកូវីដ១៩ចំនួន៤នាក់បន្ថែមទៀត ក្រោយរកឃើញនៅស្រុកបាទី ហើយពួកគេទាំង៤នាក់ ត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរបង្អែកស្រុកបាទីរួចហើយ។
បេីយោងតាមការបញ្ជាក់ពីលោកវេជ្ជបណ្ឌិត នុត ស៊ីណាត ប្រធានមន្ទីរសុខាភិបាលខេត្តតាកែវ បានថ្លែងនៅព្រឹកថ្ងៃព្រហស្បតិ៍ទី២២ ខែមេសានេះថា មន្រ្តីសុខាភិបាលបានធ្វើតេស្តរកឃើញអ្នកផ្ទុកជំងឺកូវីដ១៩ចំនួន៤នាក់បន្តទៀត នៅក្នុងស្រុកបាទី។
លោកវេជ្ជបណ្ឌិត នុត ស៊ីណាត ថ្លែងបន្តថា អ្នកផ្ទុកជំងឺកូវីដ៤នាក់ គឺត្រូវរកឃើញនៅក្នុងឃុំ៤របស់ស្រុកបាទី រួមមាន៖ ឃុំក្រាំងធ្នង់ ដែលអាជ្ញាធរបានបិទខ្ទប់ភូមិមួយកាលពីម្សិលមិញ ឃុំកណ្ដឹង ឃុំពត់ស និងឃុំត្រពាំងសាប។
ដោយឡែកទាក់ទិននឹងបញ្ហានេះដែរ អភិបាលស្រុកបាទី លោក ភួន ឈីម ក៏បានឲ្យដឹងថា អ្នកជំងឺកឺកូវីដ១៩ទាំង៤នាក់ ត្រូវបានបញ្ជូនមកព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកបាទី ដោយឡែកបងប្អូនប្រជាពលរដ្ឋដែលពាក់ព័ន្ធផ្ទាល់ត្រូវយកសំណាកទៅធ្វើតេស្តរកមេរោគកូវីដ១៩ ហើយអាជ្ញាធក៏បានណែនាំពួកគាត់ឲ្យធ្វើចត្តាឡីស័កឲ្យបានត្រឹមត្រូវ តាមការណែនាំរបស់មន្រ្តីសុខាភិបាលផងដែរ។
ចំណែកស្នងការដ្ឋាននគរបាលខេត្តតាកែវ បានបញ្ជាក់ដែរថា កាលពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១ម្សិលមិញនេះ ក្រុមគ្រូពេទ្យបានរកឃើញករណីវិជ្ជមានជំងឺកូវីដ១៩ ផ្ទុកលើប្រជាពលរដ្ឋខ្មែរចំនួន០៤នាក់រួមមាន៖ ទី១៖ ឈ្មោះ កែវ ប៊ុនណា អាយុ៥៨ឆ្នាំ រស់នៅភូមិហនុមាណជើង ឃុំក្រាំងធ្នង់ ស្រុកបាទី ;ទី២៖ ឈ្មោះ ឌួង រ៉ាន់ អាយុ៤២ឆ្នាំ រស់នៅភូមិទន្លេបាទី ឃុំក្រាំងធ្នង់ ស្រុកបាទី;ទី៣៖ ឈ្មោះ សរ សារ៉េត អាយុ៤២ឆ្នាំ រស់នៅភូមិឱភាសាំង ឃុំកណ្តឹង ស្រុកបាទី ; និងទី៤៖ ឈ្មោះ ឆិល នឿន អាយុ៤១ឆ្នាំ រស់នៅភូមិត្រពាំងត្រាវ ឃុំពត់សរ ស្រុកបាទី។
គួរបញ្ជាក់ថា អ្នកជំងឺទាំង៤នាក់នេះ ជាអ្នកប៉ះពាល់ដោយប្រយោលជាមួយឈ្មោះ ខាត់ អ៊ីរ៉ាក់ ភេទប្រុស អាយុ៥១ឆ្នាំ រស់នៅភូមិក្រាំងធ្នង់ ឃុំក្រាំងធ្នង់ ស្រុកបាទី ដែលរកឃើញវិជ្ជមានកូវីដ១៩ កាលពីថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១។ បច្ចុប្បន្ន អាជ្ញាធរ និងក្រុមគ្រូពេទ្យ កំពុងចុះស្រាវជ្រាវរកអ្នកពាក់ព័ន្ធជាមួយ បុគ្គលទាំង០៤នាក់ខាងលើបន្ថែមទៀត៕ ដោយ៖សហការី