ក្រោមមេឃខៀវ Manchester City បានយកឈ្នះក្រុមម្ចាស់ផ្ទះ Aston Villa ក្នុងលទ្ធផល២ទល់១ កាលពីរំលងអធ្រាត្រឈានចូលថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១ ដែលជ័យជម្នះនេះគឺធ្វើឲ្យក្រុម Man City ដាច់ពិន្ទុរហូតដល់១១ពិន្ទុ កៀកនឹងលើកពាន ហើយគ្រូបង្វឹកក្រុមនេះបានអះអាងថា ក្រុមរបស់លោកនឹងលើកពាននៅរដូវកាលនេះ។
ការប្រកួតជាមួយក្រុម Aston Villa នេះក្រុម Man City បានគ្រប់គ្រងបាល់រហូតដល់៧២ភាគរយឯណោះ បើទោះបីជាការប្រកួតនៅក្រៅទឹកដីរបស់ខ្លួនក៏ដោយ។ ចាប់ផ្តើមប្រកួតក្នុងតង់ទី១ មិនទាន់បាន១នាទីផង កីឡាករ McGinn របស់ក្រុម Aston Villa រកបាន១គ្រាប់នាំមុខមុន ប៉ុន្តែនៅនាទីទី២២ ខ្សែប្រយុទ្ធវ័យក្មេងរបស់ Man City កីឡាករ Fodenរកបាន១គ្រាប់សងវិញ។
ចូលដល់នាទីទី៤០ កីឡាករ Rodri របស់ Man City រកបាន១គ្រាប់បន្ថែមទៀត ធ្វើឲ្យក្រុម Man City នាំមុខក្រុមភ្ញៀវវិញ ហើយនៅនាទីទី៤៤ ជិតចប់ការប្រកួតក្នុងតង់ទី១ទៅហើយ កីឡាករ John Stones របស់ក្រុម Man City ត្រូវអាជ្ញាកណ្តាលផ្តល់កាតក្រហមដេញចេញពីការប្រកួត ដោយសារប៉ះទង្គិចគ្នាជាមួយកីឡាករក្រុម Aston Villa ។
ចូលដល់ការប្រកួតក្នុងតង់ទី២ គឺមិនមានគ្រាប់បាល់ចូលទីកើតឡើងនោះទេ ប៉ុន្តែនៅនាទីទី៥៣កីឡាករ Matty Cash របស់ក្រុម Aston Villa ត្រូវអាជ្ញាកណ្តាលផ្តល់កាតក្រហមបណ្តេញចេញដូច John Stones ដែរ ដោយសារការបង្កកំហុសធ្ងន់ធ្ងរទៅលើកីឡាករក្រុម Man City ។ ធ្វើឲ្យចប់ការប្រកួតក្រុម Man City យកឈ្នះក្រុមម្ចាស់ផ្ទះ Aston Villa ក្នុងលទ្ធផល២ទល់១ ដែលធ្វើឲ្យក្រុមនេះបន្តកាន់កាប់កំពូលតារាងមាន៧៧ពិន្ទុ ក្នុង៣៣ប្រកួត លើស១១ពិន្ទុពីក្រុមលេខ២ Man United ដែលមាន៦៦ពិន្ទុ ក្នុង៣២ប្រកួត។
លទ្ធផលនេះធ្វើឲ្យក្រុម Manchester City បានឈ្នះការប្រកួតក្រៅដីចំនួន១០លើកចុងក្រោយរបស់ពួកគេដោយក្លាយជាក្រុមដំបូងគេដែលឈ្នះ១០ប្រកួតជាប់ៗគ្នាក្នុងការប្រកួតប្រជែងច្រើនជាងមួយលើក (ឈ្នះ១១លើកជាប់គ្នារវាងខែឧសភា-ធ្នូ ឆ្នាំ២០១៧) ។ ចំណែកក្រុមមាន់ខ្នាយមាស Tottenham បានយកឈ្នះក្រុមភ្ញៀវ Southampton ក្នុងលទ្ធផល២ទល់១ដែរ ក្នុងការប្រកួតសម្រាប់សប្តាហ៍ទី៣២របស់ខ្លួន ក្រោមការដឹកនាំរបស់គ្រូបង្វឹកបណ្តោះអាសន្នលោក Ryan Mason ដែលជំនួសលោក Jose Mourinho ដែលត្រូវក្លិបបញ្ចប់កិច្ចសន្យាកាលពីថ្ងៃចន្ទកន្លងទៅ។ ការប្រកួតគូនេះគឺក្រុមម្ចាស់ផ្ទះ Tottenham គ្រប់គ្រងបាល់បានច្រើនជាងក្រុមភ្ញៀវរហូតដល់៦២ភាគរយ ប៉ុន្តែការស៊ុតចំគោលដៅគឺមានតិចជាង ដោយស៊ុតចំគោលបានតែ៣ដងប៉ុណ្ណោះ ខណៈដែលក្រុម Southampton មាន៥ដង។ ការប្រកួតក្នុងតង់ទី១ លេងបាន៣០នាទី កីឡាករ Danny Ings របស់ក្រុម Southampton រកបាន១គ្រាប់នាំមុខមុនក្រុមម្ចាស់ផ្ទះ រហូតដល់ចប់តង់ទី១។ ចូលដល់ការប្រកួតក្នុងតង់ទី២ ខ្សែប្រយុទ្ធ Gareth Bale រកបាន១គ្រាប់សងវិញនៅនាទីទី៦០ ហើយនៅនាទីទី៩០ជិតចប់ការប្រកួតទៅហើយ កីឡាកររបស់ក្រុម Southampton បានបង្កកំហុស ធ្វើឲ្យអាជ្ញាកណ្តាលផ្តល់បាល់ពិន័យប៉េណាល់ទី ដែលស៊ុតដោយខ្សែប្រយុទ្ធសញ្ជាតិកូរ៉េខាងត្បូង Son Heung-min ធ្វើឲ្យចប់ការប្រកួតក្រុមម្ចាស់ផ្ទះ Tottenham ឈ្នះក្រុម Southampton ក្នុងលទ្ធផល២ទល់១។ ជ័យជម្នះនេះគឺជាការឈ្នះដំបូងគេក្រោមការដឹកនាំរបស់គ្រូបង្វឹកបណ្តោះអាសន្ន គឺអតីតខ្សែបម្រើ Ryan Mason ដែលជាគ្រូបង្វឹកវ័យក្មេងជាងគេក្នុងក្របខ័ណ្ឌ Premier League មានវ័យ២៩ឆ្នាំបានទទួលតំណែងជំនួសលោក Jose Mourinho ។ លទ្ធផលនេះធ្វើឲ្យក្រុម Tottenham ទទួលបាន៣ពិន្ទុឈរលេខ៦បណ្តោះអាសន្ន មាន៥៣ពិន្ទុ។ សូមបញ្ជាក់ថា លោក Ryan Mason (អាយុ២៩ឆ្នាំ និង៣១២ថ្ងៃ) បានក្លាយជាអ្នកចាត់ការវ័យក្មេងជាងគេបំផុតក្នុងប្រវត្តិសាស្ត្រ Premier League ខណៈដែលគាត់ជាមនុស្សទី២ចាប់តាំងពីការប្រកួតបាល់ទាត់កាលពីឆ្នាំ១៩៤៦-១៩៤៧ ជាគ្រូបង្វឹកក្នុងការប្រកួតលីកលំដាប់កំពូលនេះ បន្ទាប់ពីលោក Frank Sibley ដែលការប្រកួតលើកដំបូងរបស់គាត់កាលពីខែសីហា ឆ្នាំ១៩៧៧ ទល់នឹង Aston Villa ដែលមានអាយុ២៩ឆ្នាំផងដែរក្នុងនាមជាអ្នកចាត់ការក្រុម QPR ។ ក្រុម Tottenham នឹងត្រូវជួបជាមួយក្រុម Manchester City ក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រ EFL Cup នៅថ្ងៃអាទិត្យទី២៥ ខែមេសា ខាងមុខ មុនពេលបន្តការប្រកួត Premier League ទល់នឹងក្រុម Sheffield United នៅថ្ងៃអាទិត្យទី២ ខែឧសភា ៕ ដោយ៖ ភារៈ