ខេត្តស្វាយរៀង៖ កម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលក្រុងបាវិត បានធ្វើការឃាត់ខ្លួនជនសង្ស័យជាយោធាថ្នាក់ឧត្តមសេនីយ៍ទោ ចំនួន០១នាក់៖ ឈ្មោះ ស៊ុំ ពៅ អត្តលេខ ០២៣៦៣២ មុខងារ អនុប្រធានក្រុមការងារស្រាវជ្រាវយុទ្ធសាស្ត្រយោធា អគ្គបញ្ជាការដ្ឋាន កងយោធពលខេមរភូមិន្ទ។
ពាក់ព័ន្ធករណី នាំមនុស្សឆ្លងដែន(ជនជាតិចិន)ដោយខុសច្បាប់ បម្រុងយកឆ្លងទៅប្រទរសវៀតណាម។
ប្រតិបត្តិការបង្ក្រាបក្រុមជនសង្ស័យបានធ្វើឡើងកាលពីវេលាម៉ោង០៣និង២០រំលងអធ្រាត្រឈានចូលថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១ នៅចំណុចសណ្ឋាគារ TTP 1 ស្ថិតក្នុង ភូមិ បាវិតកណ្តាល សង្កាត់ បាវិត ក្រុង បាវិត ខេត្តស្វាយរៀង ។
នៅរសៀលថ្ងៃទី២២ ខែមេសាឆ្នាំ២០២១ បើទោះជាមិនទាន់មានរបាយការណ៍ជាក់លាក់ណាមួយពីសមត្ថកិច្ចនគរបាលខេត្តស្វាយរៀងនៅឡើយក៏ដោយ ក៏នៅក្នុងរូបភាព គេឃើញសមត្ថកិច្ចបានឃាត់ខ្លួនលោកផ្កាយពីរ ស៊ុំ ពៅ ជាមួយនិងទាហានចំនួន៥រូបទៀត ដែលមានឯកសណ្ឋានជាកងទ័ព និងមានរថយន្តទំនើបចំនួន ៤គ្រឿង ក្នុងនោះមួយគ្រឿងពាក់ផ្លាកកងយោធពលខេមរភូមិន្ទ នឹងមានជនជាតិចិនចំនួន ២៨នាក់ ដែលសមត្ថកិច្ចបង្ហាញខ្លួន នឹងកំពុងធ្វើកំណត់ហេតុស្ដាប់ចម្លើយតាមនីតិវិធី។
សូមបញ្ជាក់ថា, នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទបានបញ្ជាក់យ៉ាងដូច្នេះថា «ចំពោះបុគ្គល ស៊ុំ ពៅ នេះ ធ្វើទៅតាមផ្លូវច្បាប់ទៅ។ ខ្ញុំមិនយោគយល់មិនអីទៀតទេ ព្រោះនេះមិនគោរពបទបញ្ជា ហើយអនុវត្តល្មើសច្បាប់បាត់ទៅហើយ។ អាហ្នឹងធ្វើទៅតាមហ្នឹងទៅ ធ្វើតាមផ្លូវច្បាប់ទៅ គ្មាននរណាមួយទៅពាំងអ្នកបំពានបទបញ្ជារបស់សម្តេច ខ្ញុំអត់ទទួលទេ»។
នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការកងយោធពលខេរមភូមិន្ទ បានបើកផ្លូវឲ្យសមត្ថកិច្ចខេត្ដស្វាយរៀង ចាត់វិធានការតាមផ្លូវច្បាប់យ៉ាងម៉ឺងម៉ាត់ មិនលើកលែងឲ្យនោះឡើយ
ចំពោះមន្ដ្រីយោធាផ្កាយពីរ ស៊ុំ ពៅ មានតួនាទីជាអនុប្រធានក្រុមការងារស្រាវជ្រាវយុទ្ធសាស្ដ្រយោធា នៃអគ្គបញ្ជាការ ក្រោយមន្ដ្រីយោធាជាន់ខ្ពស់រូបនេះ ត្រូវបានបង្ក្រាបពាក់ព័ន្ធការរត់ពន្ធជនជាតិចិនជិត៣០នាក់ ពីភ្នំពេញ ទៅស្វាយរៀង។
ចំណាត់ការរបស់អគ្គបញ្ជាការកងទ័ពដែលអនុវត្តតាមបទបញ្ជារបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ទៅលើក្រុមមន្ដ្រីយោធាប្រព្រឹត្តិបទល្មើសក្នុងដំណាក់កាលបិទខ្ទប់ ដោយសារជំងឺកូវីដ-១៩ នៅតាមរាជធានី-ខេត្តខាងលើនេះ ក្រោយពីលោកឧត្តមសេនីយ៍ផ្កាយពីរ ស៊ុំ ពៅ ត្រូវបានកម្លាំង នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ចាប់ខ្លួនកាលពីយប់ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១ ខណៈដែលបុគ្គលរូបនេះ បានលួចរត់ពន្ធជនជាតិចិន២៨នាក់ ពីភ្នំពេញ ទៅខេត្តស្វាយរៀង ទំនងជាចេញទៅក្រៅប្រទេស។
យោងតាមសំឡេងរបស់នាយឧត្តមសេនីយ៍ វង្ស ពិសេន ដែលត្រូវបានគេចែកចាយតាមបណ្ដាញសង្គម បានបញ្ជាក់ថា ករណីនេះនាយឧត្តមសេនីយ៍ នឹងអនុវត្តតាមវិធានការច្បាប់ដោយមិនការពារនោះឡើយ គឺអនុវត្តទៅតាមបទបញ្ជារបស់សម្ដេចតេជោ ហ៊ុន សែន និងបើកផ្លូវឲ្យសមត្ថកិច្ចខេត្តស្វាយរៀង អនុវត្តទៅតាមនីតិវិធី៕
ដោយ ៖ សិលា