ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមគ្រួសារ និងអ្នកភូមិ៤៨នាក់ ដែលជាអ្នកពាក់ព័ន្ធនឹងសពឈ្មោះ នូ ចុល ស្លាប់ដោយសារកូវីដ១៩​ នៅឃុំជ្រៃបាក់ ស្រុករលាប្អៀរធ្វើតេស្តលើកទី១ អវិជ្ជមានទាំងអស់

ចែករំលែក៖

ខេត្ត​កំពង់ឆ្នាំង៖ បើតាមការបញ្ជាក់ពីលោកវេជ្ជបណ្ឌិត ប្រាក់ វ៉ុន ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង ដែលដកស្រង់ទិន្នន័យលទ្ធផលសំណាក នៅថ្ងៃទី២២ ខែមេសា​ ឆ្នាំ​២០២១នេះថា៖​ ប្រពន្ធ កូន គ្រួសារ និងអ្នកភូមិទាំង៤៨នាក់ ពាក់ព័ន្ធនឹងសពឈ្មោះ នូ ចុល ដែលបានស្លាប់ដោយសារកូវីដ-១៩ រហូតមកដល់ពេលនេះ​ទទួលបានលទ្ធផលតេស្តលើកទី១ គឺអវិជ្ជមានទាំងអស់។

គួររម្លឹកថា​ កាលពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១កន្លងទៅ​ថ្មីៗ​នេះ​ ក្រុមគ្រូពេទ្យ នៃមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង​ បានចុះទៅប្រមូលក្រុមគ្រួសារ​ និងប្រជាពលរដ្ឋ ដែលបានពាក់ព័ន្ធនៅថ្ងៃបុណ្យសពរបស់ឈ្មោះ នូ ចុល មានទីលំនៅក្នុងភូមិព្រះរាមរង្សី ឃុំជ្រៃបាក់ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ដែលបានស្លាប់កាលពីវេលាម៉ោង ២​ និង០០នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១ នៅក្នុងមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង ដើម្បីយកទៅធ្វើចត្តាឡីស័ក និងតេស្តសំណាក។ ការរៀបចំបុណ្យសព ដោយសារតែពួកគាត់មិនដឹងថា ឈ្មោះ នូ ចុល កើតកូវីដ១៩ឡើយ។

លុះព្រឹកឡើងនៅវេលាម៉ោង ៨​ និង០០នាទីព្រឹក ក្រុមគ្រូពេទ្យក៏បានចុះ ទៅយកសំណាកសពជនរងគ្រោះ បញ្ជូនទៅធ្វើតេស្តនៅរាជធានីភ្នំពេញ ដោយឧបករណ៍តេស្តរហ័ស (Rapid Test) និងទទួលបានលទ្ធផលនៅវេលាម៉ោង ៤​ និង០០នាទីល្ងាច ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១ ដែលលទ្ធផលបានបញ្ជាក់ថា សពជនរងគ្រោះមានវិជ្ជមានកូវីដ-១៩។

ដើម្បីដោះស្រាយបញ្ហាចំពោះមុខ នៅភូមិព្រះរាមរង្សី បន្ទាប់ពីដឹងថា សពជនរងគ្រោះឈ្មោះ នូ ចុល មានជំងឺកូវីដ-១៩ អាជ្ញាធរបាត់សម្រេចបិទភូមិនេះ ជាបណ្តោះអាសន្ត ចាប់ពីព្រឹកថ្ងៃទី២០ ខែមេសាតទៅ។

ដោយឡែក​ នៅថ្ងៃទី២០ ខែមេសា​ ឆ្នាំ​២០២១ រដ្ឋបាលខេត្តកំពង់ឆ្នាំង​ ក៏បានសម្រេចបិទទីតាំង ៣កន្លែងទៀត ជាបណ្តោះអាសន្នចាប់ពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១ ដោយសារពាក់ព័ន្ធនឹងព្រឹត្តិការណ៍ខាងលើនេះ មានដូចជា៖​ ទីតាំង​១; មន្ទីរសម្រាកព្យាបាលផ្សារឆ្នាំង ស្ថិតនៅក្នុងភូមិផ្សារលើ សង្ការផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង​។ ទីតាំង​២; វត្តទួលសទ្ធាសត្ថារាម ហៅវត្តភ្នំយោង ស្ថិតក្នុងភូមិទី៧ សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង។ និងទីតាំង៣; ផ្សារព្រៃខ្មែរ ស្ថិតនៅក្នុងភូមិស្ពករាជ្យ ឃុំអណ្តូងស្នាយ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង៕ដោយ​៖សហការី​


ចែករំលែក៖