ថ្មីៗនេះក្នុងឱកាសខួបគម្រប់២០ឆ្នាំនៃកូនស្រីបណ្តូលចិត្តដែលជាតំណក់ឈាមរួមគ្នារវាងតារាចម្រៀង យ៉ែម សំអូន នឹងអ្នកនាងយ៉ាន លីនដា ពួកគេបានបង្ហាញក្តីស្រសាញ់យ៉ាងជ្រាលជ្រៅបំផុតទៅកាន់កូនស្រី។ ការបញ្ចេញសារនេះបើទោះបីជាពួកគេចែកផ្លូវគ្នាដើររៀងខ្លួនអស់ជាច្រើន ឆ្នាំក្តី ក៏អ្នកទាំងពីរបានបង្ហាញពីទំហំទឹកចិត្តស្រលាញ់កូនស្រីដែលជាអារម្មណ៍កក់ក្តៅមួយ។
គេចាំបានថា ចំណងស្នេហាផ្អែមល្ហែមជាង១ទសវត្សរ៍រវាងតារាសម្តែងនិងចម្រៀងលោកយ៉ែម សំអូន នឹងភរិយាអ្នកនាង យ៉ាន លីនដា បានបែកបាក់គ្នាអស់រយៈពេល៦ឆ្នាំកន្លងមកហើយក្រោយពីលេចចេញរឿងចម្រូងចម្រាសរហូតផ្អើលអស់មហាជន។ ក្រោយពីលែងលះគ្នាមក ពួកគេបានបន្តរក្សាភាពស្ងប់សុខ ខណៈដែលអ្នកនាងយ៉ាន លីនដាបានវិលទៅរស់នៅប្រទេសអូស្ត្រាលីជាមួយកូនស្រីវិញ ចំណែកលោកយ៉ែម សំអូនបន្តរស់នៅកម្ពុជា និងតែងផ្ញើសារក្តីនឹករលឹកទៅកាន់កូនស្រីជាប្រចាំ។ កូនស្រីរបស់លោកក៏ធ្លាប់បានអ្នកនាងយ៉ាន លីនដា ទម្លាយថានាងមានវិបត្តិផ្លូវចិត្តរហូតធ្លាប់ត្រូវបានបញ្ជូនទៅព្យាបាល និងជួបជាមួយវេជ្ជបណ្ឌិតជំនាញ ហើយពេលនេះនាងមានសុខភាពល្អ និងមានសម្រស់ស្រស់សោភា ។
កូនស្រីទោលរបស់អ្នកទាំងពីរឈ្មោះ យ៉ែម វេរ៉ូនីកា កំពុងរស់នៅប្រទេសអូស្ត្រាលីជាមួយអ្នកនាង យ៉ាន លីនដា ។
ឆ្នាំនេះយ៉ាន លីនដា បានធ្វើឲ្យកូនស្រីភ្ញាក់ផ្អើលដោយរៀបចំពិធីខួបកំណើតដោយការជួបជុំទ្រង់ទ្រាយធំមួយ អមដោយការចូលរួមពីមិត្តភក្តិនាងដោយមិនប្រាប់កូនស្រីឲ្យបានដឹងមុនឡើយ។ កូនស្រីនាងបានបង្ហាញពីអារម្មណ៍រំភើបនឹងភ្ញាក់ផ្អើលយ៉ាងខ្លាំងសម្រាប់ការពញ្ញាក់អារម្មណ៍មិននឹកស្មានដល់មួយនេះ។ ទោះជាយ៉ាងណា កន្លងទៅនាងក៏ធ្លាប់បាននាំកូនស្រីមកលេងកម្សាន្តនៅកម្ពុជាផងដែរ ដោយថែមទាំងបានផ្តល់ឱកាសម្រាប់កូនស្រីជួបមុខឪពុកគឺលោកយ៉ែម សំអូន ផងដែរ បើទោះបីជាពួកគេបានចែកផ្លូវគ្នាដើរហើយក៏ដោយ ។ នាងក៏ធ្លាប់បានបង្ហាញពីការព្យាយាមថែរក្សា ផ្តល់កម្លាំងចិត្តធំធេងទៅកាន់កូនស្រីដែលនាងធ្លាប់រងវិបត្តិផ្លូវចិត្តរហូតលេចចេញជាជំងឺដែលគួរឲ្យបារម្ភបំផុត។
នៅកម្ពុជាឯណេះវិញលោកយ៉ែម សំអូនក៏បានផ្ញើសារជូនដោយក្តីនឹករលឹកទៅកាន់កូនស្រីបណ្តូលចិត្តពីចម្ងាយផងដែរ។ លោកបានចាត់ទុកកូនស្រីជាមនុស្សដែលធ្វើឲ្យលោកមានមោទកភាព និងចាត់ទុកនាងគឺជាដុំពេជ្រជាកែវភ្នែក និងជាជីវិតរបស់លោក ហើយលោកក៏បានត្រៀមកាដូពិសេសសម្រាប់កូនស្រីក្នុងថ្ងៃពិសេសនេះទៀតផង។ អមដោយសារយ៉ាងរំជួលចិត្តពីចម្ងាយ បង្ហាញពីក្តីនឹករលឹកយ៉ាងកម្សត់លោកក៏ទទួលបានការសាទរ និងលើកទឹកចិត្តពីក្រុមសិល្បករ និងអ្នកគាំទ្រលោកផងដែរ៕
ដោយ៖ វឌ្ឍនា