ខេត្តស្វាយរៀង៖ យ៉ាងតិចមានមនុស្សចំនួន៧រូប ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ពាក់ព័ន្ធ ករណី នាំមនុស្សឆ្លងដែនដោយខុសច្បាប់ ចេញទៅក្រៅប្រទេស។ ក្នុងនោះមានលោកផ្កាយ២ ស៊ុំ ពៅ ជាមេខ្លោងផ្តើមគំនិត ក្នុងបទល្មើសឧក្រិដ្ឋ និង៥នាក់ស្លៀកឯកសណ្ឋានជាយោធា និងម្នាក់ស្លៀកពាក់ជាសុីវិល ប៉ុន្តែគ្មានមុខរបរពិតប្រាកដ។
សូមបញ្ជាក់ថា, នៅវេលាម៉ោង០៣:២០នាទីរំលងអាធ្រាតឈានចូលថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១ នៅចំណុចសណ្ឋាគារ TTP 1 ស្ថិតក្នុង ភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុង បាវិត ខេត្តស្វាយរៀង មានកម្លាំងនៃអធិការដ្ឋាននគរបាលក្រុងបាវិត បានធ្វើការឃាត់ខ្លួនជនសង្ស័យជាយោធាថ្នាក់ឧត្តមសេនីយ៍ទោ ចំនួន១នាក់ និបក្ខពួកចំនួន០៦នាក់ ៖ ក្នុងនោះសមត្ថកិច្ចបញ្ជាក់ថា,
ជនសង្ស័យជាមេខ្លោងផ្តើមគំនិតក្នុងបទល្មើសឧក្រិដ្ឋរត់ពន្ធមនុស្សឆ្លងដែនទៅក្រៅប្រទេស ទី១.ឈ្មោះ ស៊ុំ ពៅ អត្តលេខ ០២៣៦៣២ មានឋានន្តរសក្តិ ឧត្តមសេនីយ៍ទោ មុខងារ អនុប្រធានក្រុមការងារស្រាវជ្រាវយុទ្ធសាស្ត្រយោធា អគ្គបញ្ជាការដ្ឋាន នៃកងយោធពលខេមរៈភូមិន្ទ។
ទី២.ឈ្មោះ ឆើយ សារ៉ន ភេទ ប្រុស អាយុ៤០ឆ្នាំ បុខរបរ មិនពិតប្រាកដ មានទីលំនៅ ស្រុក ស្អាង ខេត្ត កណ្តាល។
ទី៣. ឈ្មោះ នាង សុីណាត ភេទប្រុស អាយុ ៣១ ឆ្នាំ មុខរបរ មិនពិតប្រាកដ ទីលំនៅ សង្កាត់ ក្រាំងធ្នង់ ខណ្ឌសែនសុខ ភ្នំពេញ។
ទី៤. ឈ្មោះ សេង ហាក់ ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរ ជាងឡាន មានទីលំនៅ សង្កាត់ ចោមចៅ ពោធិសែនជ័យ ភ្នំពេញ។
ទី ៥. អាត កក្តដា ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរ អាជីវករ ទីលំនៅ ខណ្ឌ សែនសុខ ភ្នំពេញ។
ទី៦. ទាន់ ចាន់វិបុល ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរ អាជីវករ ទីលំនៅ ស្រុក ពញាឮ ខេត្ត កណ្តាល។
ទី៧. សូ គន្ធា ភេទប្រុស អាយុ៤២ឆ្នាំ ទីលំនៅ ភូមិ បាវិតកណ្តាល សង្កាត់ បាវិត ក្រុង បាវិត ខេត្តស្វាយរៀង។
បច្ចុប្បន្ន ជនសង្ស័យទាំង០៧នាក់ ឃាត់ខ្លួននៅ អធិការដ្ឋាននគរបាលក្រុងបាវិតកំពុងធ្វើកំណត់ហេតុស្តាប់ចម្លើយ។
ចំណែកជនជាតិចិនទាំង២៨នាក់ ដាក់ឲ្យធ្វើចត្តាឡីស័កនៅសណ្ឋាគារTTP1 ស្ថិតក្នុងភូមិ បាវិតកណ្តាល សង្កាត់ បាវិត ក្រុង បាវិត។
សូមជម្រាបជូនថា, លោកផ្កាយ២ ស៊ុំ ពៅ មានគំនិតទុច្ចរិត ក្នុងបទល្មើសរត់ពន្ធមនុស្សឆ្លងទៅក្រៅប្រទេស ខណ:បក្ខពួកសុទ្ធតែមានឯកសណ្ឋានជាយោធា តែគ្មានមុខរបរពិតប្រាកដ និងខ្លះទៀតជាជាងឡាន ។ ករណីនេះជាសមត្ថកិច្ចមន្ត្រីនគរបាលយុត្តិធម៌ បន្តស្រាវជ្រាវតាមជំនាញនីតិវិធី។ ដោយឡែកនាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទបានបញ្ជាក់យ៉ាងដូច្នេះថា «ចំពោះបុគ្គល ស៊ុំ ពៅ នេះ ធ្វើទៅតាមផ្លូវច្បាប់ទៅ។ ខ្ញុំមិនយោគយល់មិនអីទៀតទេ ព្រោះនេះមិនគោរពបទបញ្ជា ហើយអនុវត្តល្មើសច្បាប់បាត់ទៅហើយ។ អាហ្នឹងធ្វើទៅតាមហ្នឹងទៅ ធ្វើតាមផ្លូវច្បាប់ទៅ គ្មាននរណាមួយទៅពាំងអ្នកបំពានបទបញ្ជារបស់សម្តេច ខ្ញុំអត់ទទួលទេ»៕
ដោយ៖ សុខ ខេមរា