ភ្នំពេញ ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានបន្តចុះចែកអំណោយ របស់សម្ដេចតេជោហ៊ុន សែន ជូនដល់បងប្អូនប្រជាពលរដ្ឋចំនួន១៣៤៥គ្រួសារដែលរស់នៅសហគមន៍ភូមិអណ្ដូង សង្កាត់គោករកា ខណ្ឌព្រែកព្នៅ ។
នាឱកាសចុះចែកអំណោយរបស់សម្ដេចតេជោជូនបងប្អូនប្រជាពលរដ្ឋចំនួន១៣៤៥គ្រួសារដែលរស់នៅសហគមន៍ភូមិអណ្ដូង សង្កាត់គោករកា ខណ្ឌព្រែកព្នៅ នៅរសៀលថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១នេះ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បាន បញ្ជាក់ថា៖ រាជរដ្ឋាភិបាលបានសម្រេចធ្វើការបិទខ្ទប់ភូមិ សង្កាត់ ខណ្ឌ លំនៅឋានបងប្អូននេះ ពិតជាធ្វើឱ្យបងប្អូនមានការលំបាកហើយ ទាំងការប្រកបរបរ និងការរស់នៅប្រចាំថ្ងៃ ប៉ុន្តែសូមប្រជាពលរដ្ឋទាំងអស់មេត្តាអត់ធ្មត់ យោគយល់ និងចូលរួមជាមួយរាជ រដ្ឋាភិបាលដើម្បីទប់ស្កាត់នូវជំងឺកូវីដ-១៩ ។ សម្ដេចតេជោ ហ៊ុន សែន បានខិតខំប្រឹងប្រែងខ្លាំងណាស់ដើម្បីធ្វើយ៉ាងណាឱ្យជំងឺកូវីដ-១៩បាត់ពីកម្ពុជា ដោយសម្តេចបានដាក់ចេញនូវវិធានការជាច្រើន ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺនេះ។
លោកឃួង ស្រេង បានបញ្ជាក់ថា ជាការឆ្លើយតបនឹងសភាពការណ៍នេះ សម្ដេចតេជោក៏បានចាត់ចែងឱ្យមានការចុះចែកអំណោយជាគ្រឿងឧបភោគបរិភោគភ្លាមៗ ជូនដល់បងប្អូន ប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់ត្រូវបិទខ្ទប់ ។ស្ថិតក្នុងស្ថានភាពនេះ សូមប្រជាពលរដ្ឋទាំងអស់ចូលរួមថែរក្សាអនាម័យឱ្យបានជាប់ជាប្រចាំ និងអនុវត្ត ៣កុំ ៣ការពារ ជាប់ជានិច្ច។
លោក សុខ សម្បត្ដិ អភិបាលខណ្ឌព្រែកព្នៅ បានឱ្យដឹងថា ការចែកអំណោយនាពេលនេះ គឺមានប្រជាពលរដ្ឋ ១៣៤៥គ្រួសារ ដែលរស់នៅក្នុង៤សហគមន៍ភូមិអណ្ដូង១,២,៣ និងសហគមន៍ភូមិថ្មី សង្កាត់គោករកា ខណ្ឌព្រែកព្នៅ ។ អំណោយរបស់សម្ដេចតេជោហ៊ុន សែន ដែលលោកឃួង ស្រេង យកមកចែកជូនបងប្អូននៅពេលនេះ គឺមាន អង្ករ២៥គីឡូក្រាម ,ទឹកត្រី១យួរ ,ទឹកស៊ីអុីវ១យួរ, មីមួយកេស និងត្រីខមួយយួរ ក្នុងមួយគ្រួសារៗ គឺទទួលបានស្មីៗគ្នាទាំងអស់ ៕
ដោយ៖ សំរិត