ព័ត៌មានទាន់ហេតុការណ៍៖

រកឃើញសញ្ញានៅជិតទីតាំងដែលនាវាមុជទឹកឥណ្ឌូនេស៊ីបាត់ខ្លួន

ចែករំលែក៖

កម្លាំងទាហានឥណ្ឌូនេស៊ី បានរកឃើញសញ្ញានៅជិតទីតាំងដែលនាវាមុជទឹកបាត់ខ្លួន ។

សារព័ត៌មានរ៉យទ័រ បានដកស្រង់សម្តី មេបញ្ជាការកងទ័ពជើងទឹកឥណ្ឌូនេស៊ី លោក Yudo Margono បានប្រកាសឱ្យដឹងថា ក្រុមជំនាញបានរកឃើញសញ្ញានៅជម្រៅពី ៥០-១០០ម៉ែត្រក្រោមបាតសមុទ្រ កន្លែងដែលនាវាបាត់ខ្លួន។
តាមសារព័ត៌មាន Channel NewsAsia បានផ្សាយថា រដ្ឋាភិបាលឥណ្ឌូនេស៊ីទទួលបានការផ្តល់ជំនួយក្នុងការស្វែងរកពីប្រទេសជាច្រើន ក្នុងនោះមានអាមេរិក អាល្លឺម៉ង់ បារាំង តួកគី ឥណ្ឌា រុស្ស៊ី និងអូស្ត្រាលី ។
នៅពេលនេះឥណ្ឌាក៏បានបញ្ជូន នាវាមុជទឹកជ្រៅ ដើម្បីជួយដល់ឥណ្ឌូនេស៊ី ស្វែងរកនាវាបាត់ខ្លួនដែរ។ នាវាជួយសង្គ្រោះមុជទឹកជ្រៅរបស់ទាហានជើងទឹកឥណ្ឌាបានចាកចេញពីកំពង់ផែ Visakhapatnam មកកាន់ប្រទេសឥណ្ឌូនេស៊ី ។
កន្លងមកនាវាសង្គ្រោះរបស់សិង្ហបុរី និងម៉ាឡេស៉ី កំពុងត្រូវបានបញ្ជូនឱ្យទៅជួយ ក្នុងកិច្ចប្រឹងប្រែងតាមរក នាវាមុជទឹកឥណ្ឌូនេស៉ីមួយគ្រឿង ដែលបានបាត់ដំណឹងជាមួយនាវិក៥៣នាក់នៅក្នុងនោះ កាលពីថ្ងៃពុធសប្តាហ៍នេះ។
អ្នកនាំពាក្យយោធាឥណ្ឌូនេស៉ី ២២ខែមេសា បានឲ្យដឹងថា សិង្ហបុរីកំពុងបញ្ជូនកប៉ាល់សង្រ្គោះរបស់ខ្លួន ឈ្មោះ MV Swift Rescue ឲ្យមកជួយ។ ចំណែកម៉ាឡេស៉ី ក៏កំពុងរៀបចំបញ្ជូនកប៉ាល់សង្រ្គោះមួយគ្រឿង ឈ្មោះ Mega Bakti ឲ្យមកជួយដូចគ្នាផងដែរ។ កប៉ាល់សង្រ្គោះរបស់ប្រទេសទាំងពីរ ត្រូវរំពឹងថា នឹងទៅដល់កន្លែងតាមរកនាវាមុជទឹកឥណ្ឌូនេស៉ី នៅខ្ទង់ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យចុងសប្តាហ៍នេះ។
នាវាមុជទឹកឥណ្ឌូនេស៉ី KRI Nanggala 402 បានបាត់ដំណឹងកាលពីថ្ងៃពុធម្សិលមិញនេះ ជាមួយនាវិក៥៣នាក់ ពេលកំពុងធ្វើការហ្វឹកហ្វឺន នៅម្តុំដែនទឹកភាគខាងជើងកោះបាលី។ យោធាឥណ្ឌូនេស៉ីប្រាប់ថា ការហៀរប្រេងមួយ ត្រូវបានប្រទះឃើញក្បែរទីតាំង ដែលនាវាមុជចូលជ្រៅទៅក្នុងទឹក។ ប្រទេសដទៃទៀត រួមមានសហរដ្ឋអាមេរិក អាល្លឺម៉ង់ បារាំង តួកគី ឥណ្ឌា រុស្ស៉ី និង អូស្រ្តាលី ក៏បានស្នើជួយឥណ្ឌូណេស៉ី តាមរកនាវាមុជទឹកនេះផងដែរ៕ ដោយ ៖ ធីរីណា

រូបភាព៖ Zing news 


ចែករំលែក៖