ក្រុមខ្លាំងមកពីអេស្ប៉ាញ Atletico Madrid បានបន្តកាន់កាប់កំពូលតារាង La Liga ក្រោយយកឈ្នះក្រុមភ្ញៀវ Huesca ២ទល់០ កាលពីរំលងអធ្រាត្រឈានចូលថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១។
យោងតាមការចេញផ្សាយរបស់ BBC Sport បានឲ្យដឹងថា ក្រុម Atletico Madrid បានវិលត្រឡប់មកឈរនៅលើកំពូលតារាង La Ligaវិញជាមួយនឹងជ័យជម្នះលើក្រុម Huesca នេះបន្ទាប់ពីបានដកខ្លួនចេញពីក្របខ័ណ្ឌ European Super League ដែលទើបបង្កើតថ្មី។
ការប្រកួតនេះក្រុមម្ចាស់ផ្ទះ Atletico Madrid បានយកឈ្នះក្រុម Huesca២គ្រាប់គឺក្នុងតង់ទី១មួយគ្រាប់ និងតង់ទី២មួយគ្រាប់។ តង់ទី១រកបានដោយកីឡាករ Angel Correa នៅនាទីទី៣០ និងតង់ទី២រកបានដោយកីឡាករYannick Carrasco នៅនាទីទី៨០។
ក្រុមរបស់លោក Diego Simeone មាន៣ពិន្ទុឈរនៅកំពូលតារាងដោយនៅសល់៦ប្រកួតទៀតចប់ការប្រកួតរដូវកាលនេះនៅអេស្ប៉ាញហើយ។ ក្រុម Atletico Madrid បានធ្វើការសុំទោសដល់អ្នកគាំទ្រចំពោះការបង្កភាពច្របូកច្របល់បន្ទាប់ពីបញ្ចប់ការចូលរួមរបស់ពួកគេនៅក្នុងក្របខ័ណ្ឌ European Super League ។
ក្លិបកំពុងដេញដណ្តើមជើងឯក La Liga លើកដំបូងចាប់តាំងពីឆ្នាំ២០១៤ ប៉ុន្តែនៅតែត្រូវប្រកួតប្រជែងជាមួយក្រុមខ្លាំង Barcelona នៅថ្ងៃទី៨ ខែឧសភា។
បច្ចុប្បន្នក្រុមអធិរាជស Real Madrid កំពុងឈរចំណាត់ថ្នាក់លេខ២ បន្ទាប់ពីឈ្នះ ៣-០ លើក្រុម Cadiz កាលពីថ្ងៃពុធ។ ចំណែកក្រុម Barcelona វិញ ក្រោយពីយកឈ្នះក្រុមភ្ញៀវ Getafe ក្នុងលទ្ធផល៥ទល់២ក៏កំពុងឈរចំណាត់ថ្នាក់លេខ៣ដែរ ដែលក្រុមនៅសល់១ប្រកួតក្នុងដៃ ខណៈដែលក្រុម Atletico Madrid និង Real Madrid មាន៣២ប្រកួតដូចគ្នា ។
៥គ្រាប់របស់ក្រុម Barcelona កាលពីយប់មិញរកបានដោយកីឡាករ Messi ២គ្រាប់ម្នាក់ឯងគឺនៅនាទីទី៨ និងនាទីទី៣៣, ១គ្រាប់ទៀតគឺជាការស៊ុតចូលទីខ្លួនឯងដោយកីឡាករ Chakla របស់ក្រុម Gatafe នៅនាទីទី២៨, គ្រាប់ទី៤រកបានដោយកីឡាករ Araújo នៅនាទីទី៨៧ និងគ្រាប់ទី៥រកបានដោយកីឡាករ Griezmann ដោយបាល់ពិន័យ១១ម៉ែត្រ នៅនាទីទី៩០+៣ជិតចប់ការប្រកួត។
ចំណែក២គ្រាប់របស់ក្រុម Gatafe គឺគ្រាប់ជាការស៊ុតចូលទីខ្លួនឯងរបស់កីឡាករ Lenglet នៅក្រុម Barcelona នៅនាទីទី២៨ និង១គ្រាប់ទៀតរកបានដោយកីឡាករ Ünal នៅនាទីទី៦៩ ដោយបាល់ពិន័យប៉េណាល់ទី១១ម៉ែត្រ។ លទ្ធផលនេះធ្វើឲ្យក្រុម Gatafe ឈរចំណាត់ថ្នាក់លេខ១៥មាន៣១ពិន្ទុ ខណៈ Barcelona ឈរចំណាត់ថ្នាក់លេខ៣មាន៦៨ពិន្ទុ(សល់១ប្រកួត), Real Madrid ឈរចំណាត់ថ្នាក់លេខ២ មាន៧០ពិន្ទុ និង Altetico Madrid ឈរកំពូលតារាងមាន៧៣ពិន្ទុ ៕ដោយ៖ ភារៈ