ខេត្តស្វាយរៀង ៖ លោកឧត្ដមសេនីយ៍ទោ ស៊ុំ ពៅ អនុប្រធានក្រុមស្រាវជ្រាវយុទ្ធសាស្ត្រយោធាអគ្គបញ្ជាការដ្ឋាន និងបក្សពួក០៦នាក់ទៀត ត្រូវសមត្ថកិច្ចខេត្តស្វាយរៀង ចាប់ឃាត់ខ្លួនពីបទបំពាន បទបញ្ជារបស់រាជរដ្ឋាភិបាល ស្តីពីការបិទខ្ទប់ភូមិសាស្ត្ររាជធានីភ្នំពេញ មិនឲ្យធ្វើដំណើរចេញ-ចូលឆ្លងពីរាជធានីភ្នំពេញទៅខេត្ត ទូទាំងប្រទេសដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ក៏ប៉ុន្តែលោកផ្កាយ២ និងបក្សពួកហ៊ានប្រឆាំងបទបញ្ជាលួចដឹកជនជាតិចិនចំនួន២៨នាក់ពីក្រុងបាវិត ខេត្តស្វាយរៀង ទៅរាជធានីភ្នំពេញ ដោយខុសច្បាប់ ដោយអំពើរត់ពន្ធមនុស្ស និងបង្កើតជាក្រុមដោយប្រើឯកសណ្ឋានយោធា ហើយសុទ្ធតែជាអ្នកអត់មានមុខរបរពិតប្រាកដ ជាអាជីវករ ជាជាងជុសជុលឡាន។
សូមបញ្ជាក់ថា, ករណីនេះបានកើតឡើង កាលពីវេលាយប់ម៉ោង៣និង០០នាទីទៀបភ្លឺ ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១ នៅខាងមុខសណ្ឋាគារTTP1 ស្ថិតនៅភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ឃាត់ខ្លួនដោយកម្លាំងនៃអធិដ្ឋាននគរបាលក្រុងបាវិត ។
ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុសមត្ថកិច្ចដើរល្បាតបានប្រទះឃើញរថយន្តសង្ស័យចំនួន៤គ្រឿង នៅខាងមុខសណ្ឋាគារTTP1 ក្រុងបាវិត និងកំពុងនាំជនជាតិចិនទាំងនោះ ឡើងចូលក្នុងរថយន្ត ដោយសង្ស័យក៏ឃាត់សាកសួរនាំ ទើបបែកធ្លាយរឿងរត់ពន្ធដឹកចិនទៅរាជធានីភ្នំពេញ ទើបចាប់ឃាត់ខ្លួនតែម្តង។
ក្រោយពីសាកសួររួច ជនជាតិចិនទាំង២៨នាក់នោះ ត្រូវឲ្យធ្វើចត្តាឡីស័កនៅសណ្ឋាគារខាងលើបណ្តោះអាសន្នសិន រង់ចាំយកសំណាកពិនិត្យចេញលទ្ធផល បានរកទីតាំងដាក់ជាក្រោយ។
ដោយឡែក មេខ្លោងឈ្មោះ ស៊ុំ ពៅ មានឋានៈជាឧត្តមសេនីយ៍ទោ ផ្កាយ២ មានតួនាទីជាអនុប្រធានក្រុមការងារស្រាវជ្រាវយុទ្ធសាស្ត្រយោធា នៃអគ្គបញ្ជាការកងយោធពលខេមរភូមិន្ទ ក្រសួងការពារជាតិ ហើយបុរសម្នាក់ទៀត ឈ្មោះ ស៊ូ សុភា (ពាក់អាវក្រហម ខោក្រហម) ជាមេខ្យល់ប្រមូលភ្ញៀវជនជាតិចិន (ពីរស្រុកស្វាយជ្រំ ពីស្រុករមាសហែក មកដាក់ឲ្យស្នាក់នៅក្នុងសណ្ឋាគារTTP1 ក្រុងបាវិត រួចឲ្យក្រុមលោកផ្កាយ២នេះ ដឹកពីក្រុងបាវិត ទៅរាជធានីភ្នំពេញ និងដឹកពីរាជធានីភ្នំពេញ មកក្រុងបាវិតខេត្តស្វាយរៀង)។
សមត្ថកិច្ចបានបញ្ជាក់ថា ចំណែកមនុស្ស៥នាក់ផ្សេងទៀត គឺមិនមែនជាមន្ត្រីយោធាទេ គឺពួកគេត្រូវលោកផ្កាយ២ បានឲ្យក្លែងជាមន្ត្រីយោធា ហើយជួលឲ្យបើករថយន្តប៉ុណ្ណោះ នេះបើតាមចម្លើយសារភាពអ្នកទាំង៥នាក់ នៅចំពោះមុខសមត្ថកិច្ច។
ក្រោយពីសាកសួរអស់រយៈពេញ១ថ្ងៃ នៅវេលាម៉ោង៦ល្ងាច ថ្ងៃ២២ ខែមេសា ជនសង្ស័យទាំង០៧នាក់នេះ ត្រូវបានក្រុមសមត្ថកិច្ច អធិការនគរបាលក្រុងបាវិត បញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ដើម្បីកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តស្វាយរៀង ចាត់ការតាមនីតិវិធី។
លោកផ្កាយ២ ស៊ុំ ពៅ រៀបចំជាក្រុមក្នុងការប្រព្រឹត្តបទល្មើស រត់ពន្ធមនុស្ស ខ្លួនជាមេខ្លោងផ្តើមគំនិត ៥នាក់អោយក្លែងឯកសណ្ឋានជាយោធា ម្នាក់ជាមេខ្យល់ប្រមូលចិន មិនដឹងថា, លោកផ្កាយ២ គាត់បានប្រព្រឹត្តបានសម្រេចប៉ុន្មានលើករួចមកហើយ៕
ដោយ ៖ សិលា