ខេត្តមណ្ឌលគិរី៖ ស្រ្តីម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ឯកូនរងរបួសបាក់ជើង ខណៈដែលស្ត្រីរងគ្រោះជិះម៉ូតូតាមពីក្រោយគោយន្ដដែលប្តីបើកបរដឹកទឹកយកទៅចម្ការ តែពេលមកដល់ចំណុចឡើងភ្នំបើកឡើងមិនរួចធ្វើឱ្យគេាយន្តរអិលថយក្រោយកិនម៉ូតូនិងអ្នកជិះយ៉ាងពេញទំហឹងតែម្តង។
ហេតុការណ៍គោយន្តបើកឡើងភ្នុំមិនរួចថយក្រោយកិនស្រ្តីម្នាក់ស្លាប់នោះបានកើតឡើងនៅវេលាម៉ោង១៥៖៣០នាទីថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១នៅត្រង់ចំណុចភូមិស្រែល្វី ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។
ប្រភពពីសមត្ថកិច្ចបានប្រាប់ថា ស្ត្រីដែលរងគ្រោះត្រូវគោយន្តរអិលថយក្រោយកិនស្លាប់បាត់បង់ជីវិតនោះឈ្មោះ ពើប សាអុីត ជនជាតិព្នងអាយុ២១ឆ្នាំ ត្រូវជាប្រពន្ធអ្នកបើកបរគោយន្ត។
ក្នុងហេតុការណ៍នោះបានបង្កឱ្យមនុស្សម្នាក់ស្លាប់ត្រូវជាម្តាយនិងក្មេងប្រុសអាយុ៤ឆ្នាំម្នាក់ទៀតត្រូវជាកូនរងគ្រោះបាក់់ជើងខាងស្តាំផងដែរ ។
ប្រភពបន្តថា គោយន្ដកែច្នៃនោះដឹកទឹកទៅចម្ការ ហើយអ្នកបើកបរឈ្មោះ ទុំ ភេទប្រុស ជនជាតិខ្មែរ ត្រូវជាប្តីជាឪពុកអ្នករងគ្រោះដែលពួកគាត់បានដឹកទឹកយកទៅប្រើប្រាស់នៅក្នុងចម្ការ តែអកុសលក៏ជួបគ្រោះថ្នាក់គោយន្ដរបស់គាត់ឡើងភ្នំមិនរួចដោយសារតែច្រាលលេខក៏រអិលថយក្រោយកិនប្រពន្ធនិងកូនដែលជិះម៉ូតូតាមពីក្រោយបណ្ដាលឱ្យប្រពន្ធស្លាប់បាត់បង់ជីវិត ឯកូនរងរបួសបាក់ជើងខាងស្ដាំជាទម្ងន់បែបនេះតែម្តង។
ក្រោយកើតហេតុសមត្ថកិច្ចបានចុះទៅដល់ពិនិត្យស្ថានភាពជាក់ស្តែងនិងធ្វើកំណត់ហេតុប្រគល់សាកសពឱ្យសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណីឯកូនបានបញ្ជូនទៅសង្គ្រោះព្យាបាលជាបន្ទាន់ តែប្តីជាជនបង្កសមត្ថកិច្ចបានឃាត់ខ្លួនសួរនាំនិងមានចំណាត់ការបន្តផងដែរ៕
ដោយ ៖ ជីវ័ន្ត