ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋបាលខណ្ឌសែនសុខ៖​ សម្រេចផ្អាកដំណើរការបណ្ដោះអាសន្នផ្សារទឹកថ្លា និងការលក់ដូរនៅជុំវិញផ្សារទាំងអស់ ក្រោយរកឃើញមានអ្នកកើតជំងឺកូវីដ-១៩

ចែករំលែក៖

ភ្នំពេញ​៖ បេីយោង​តាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលខណ្ឌសែនសុខ​ ចេញដោយ​លោក ម៉ូវ ម៉ានិត អភិបាល​ នៃគណៈអភិបាលខណ្ឌសែនសុខ នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១​ បានសម្រេចផ្អាកដំណើរការបណ្ដោះអាសន្នផ្សារទឹកថ្លា និងការលក់ដូរនៅជុំវិញផ្សារទាំងអស់ ក្រោយរកឃើញមានអ្នកកើតជំងឺកូវីដ-១៩។

យោង​តាមសេចក្ដីជូនដំណឹងរបស់រដ្ឋបាលខណ្ឌ​ បានបញ្ជាក់ថា ការផ្អាកដំណើរការបណ្ដោះអាសន្ននេះ ធ្វើឡើងរយៈពេល១៤ថ្ងៃ ដោយគិតចាប់ពីថ្ងៃទី២២ ខែមេសា ដល់ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២១ ដើម្បីបង្ការ និងទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ដល់អាជីវករ អតិថិជន ក៏ដូចជាប្រជាពលរដ្ឋដែលចេញចូលក្នុងទីតាំងផ្សារនេះ។

ទន្ទឹមនឹង​នេះ រដ្ឋបាលខណ្ឌសែនសុខ បានអំពាវនាវដល់អាជីវករ សន្ដិសុខ បុគ្គលិក កម្មករបម្រើការងារក្នុងផ្សារទឹកថ្លា ហើយមានអាការៈសង្ស័យ សូមប្រញាប់រួសរាន់ទៅយកសំណាក់តេស្ដរកមេរោគកូវីដ-១៩ ជាបន្ទាន់នៅផ្លូវ A ខាងត្បូងផ្សារពិភពថ្មី ឈូកមាស សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ នៅព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១។

គួរជម្រាបថា រហូតមកដល់ពេលនេះ ផ្សារតូច ធំជាច្រើននៅក្នុងរាជធានីភ្នំពេញ បានបិទបណ្ដោះអាសន្នជាបន្ដបន្ទាប់ ក្រោយពាក់ព័ន្ធអ្នកឆ្លងជំងឺកូវីដ-១៩ ពិសេសអាជីវករនៅក្នុងផ្សារតែម្ដង៕ដោយ​៖សហការី​


ចែករំលែក៖