ខេត្តមណ្ឌលគិរី ៖ នារសៀលថ្ងៃព្រហស្បតិ៍ទី២២ ខែមេសា ឆ្នាំ២០២១ សាខាកាកបាទក្រហមកម្ពុជា ខេត្តមណ្ឌលគិរី ដឹកនាំដោយលោក ស្វាយ សំអ៊ាង ប្រធានគណៈកម្មាធិការសាខា និងមានការចូលរួមពី លោក លោកស្រី ជាអាជ្ញាធរដែនដី មន្ទីរ-អង្គភាព ពាក់ព័ន្ធជុំវិញខេត្ត មន្ត្រីប្រតិបត្តិសាខា អនុសាខា ព្រមទាំងសហការី បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកនូវអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ជូនដល់ប្រជាពលរដ្ឋរងគ្រោះដោយឧបទ្ទវហេតុគ្រោះធម្មជាតិ ខ្យល់កន្ត្រាក់ ចំនួន ១៣ខ្នងផ្ទះ ស្មើនឹង ១៣គ្រួសារ (រងគ្រោះធ្ងន់ធ្ងរចំនួន ៤គ្រួសារ និងស្រាលចំនួន ៩គ្រួសារ) ដែលពិធីនេះប្រព្រឹត្តទៅនៅភូមិក្បាលកោះ ឃុំស្រែសង្គម ស្រុកកោះញែក ខេត្តមណ្ឌលគិរី។
ឆ្លៀតក្នុងឱកាសនោះ លោកប្រធាន បានសម្ដែងការសោកស្ដាយចំពោះឧបទ្ទវហេតុខ្យល់កន្ត្រាក់នេះ ដែលបានបក់បោក ធ្វើឲ្យរលំផ្ទះសម្បែងរបស់ប្រជាពលរដ្ឋជាច្រើនខ្នង និងបាត់បង់ទ្រព្យសម្បត្តិមួយចំនួន ហើយសូមកុំអស់សង្ឃឹម ត្រូវខិតខំប្រកបរបររកស៊ីចិញ្ចឹមជីវិត ដើម្បីស្ដារជីវភាពគ្រួសារឡើងវិញ។
លើសពីនេះទៀតលោកប្រធានក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមមេត្តាយកចិត្តទុកដាក់ចំពោះសុខភាព ដោយការលាងសម្អាតដៃឱ្យបានជាប្រចាំ ហាត់ប្រាណឲ្យបានទៀងទាត់ សម្អាតបរិស្ថានជុំវិញផ្ទះការពារកុំឲ្យឆ្លងមេរោគផ្សេងៗ ជាពិសេសជំងឺកូវីដ-១៩ ត្រូវរស់នៅធម្មតា តាមបែបគន្លងថ្មី និងវិធានការ ៣កុំ ៣ការពារ ដោយអនុវត្តតាមការណែនាំរបស់រាជរដ្ឋាភិបាលកម្ពុជា និងក្រសួងសុខាភិបាលដូចតទៅ៖
+ ៣ការពារ៖
១.ពាក់ម៉ាស់ការពារជាប្រចាំពេលធ្វើដំណើរ
២.លាងសម្អាតដៃជាមួយសាប៊ូ ទឹកអាល់កុល ឬជែល ឲ្យបានញឹកញប់
៣.អនុវត្តរក្សាគម្លាតសុវត្ថិភាពយ៉ាងតិច ១,៥០ម៉ែត្រពីអ្នកដទៃ
+ ៣កុំ៖
១.កុំចូលទៅកន្លែងបិទជិត មិនមានខ្យល់ចេញចូលគ្រប់គ្រាន់
២.កុំទៅកន្លែងមានមនុស្សអ៊ូអរ មានមនុស្សនៅជិតៗគ្នាច្រើន
៣.កុំប៉ះពាល់គ្នា កុំចាប់ដៃគ្នា កុំកៀកស្មាគ្នា កុំឱបគ្នាជាដើម។
ក្រៅពីការចុះសួរសុខទុក្ខ និងចូលរួមសោកស្ដាយ ដល់ក្រុមគ្រួសាររងគ្រោះដោយឧបទ្ទវហេតុខ្យល់កន្ត្រាក់ទាំងអស់ សាខាបាននាំយកនូវសម្ភារមួយចំនួនដែលរួមមាន៖ អង្ករ ២៥គីឡូក្រាម ត្រីខ ១០កំប៉ុង ទឹកត្រី ១យួរ មី ១កេស ភួយ១ ក្រមា១ សារុង១ ម៉ាស់៥ សាប៊ូលាងដៃចំនួន ២ដុំ តង់១។
ដោយឡែកសម្រាប់ថវិកាផ្តល់ជូនក្រុមគ្រួសាររងគ្រោះធ្ងន់ធ្ងរចំនួន ៤គ្រួសារទទួលបាន ៨០០,០០០រៀល និង រងគ្រោះស្រាល ៩គ្រួសារទៀត ទទួលបាន ២០០,០០០រៀល៕
ដោយ៖ សូរិយា