ព័ត៌មានទាន់ហេតុការណ៍៖

អភិបាល​ខណ្ឌច្បារអំពៅ​៖​ សម្រេចបិទផ្សារជនជាតិ នៅសង្កាត់ព្រែកប្រា បន្ទាប់ពី​រកឃើញមានអ្នកឆ្លងជំងឺកូវីដ-១៩

ចែករំលែក៖

ភ្នំពេញ​៖ លោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ បន្ទាប់ពី​​រកឃើញមានអ្នកឆ្លងជំងឺកូវីដ១៩​ នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១នេះ បានសម្រេចផ្អាកដំណើរការបណ្ដោះអាសន្នផ្សារជនជាតិ ដែលមានទីតាំងស្ថិតនៅសង្កាត់ព្រែកបា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

នៅក្នុងសេចក្ដីជូនដំណឹងរបស់រដ្ឋបាលខណ្ឌច្បារអំពៅ បានបញ្ជាក់ថា​ លោក ចេង មុនីរ៉ា បានសម្រេចផ្អាកទីតាំងផ្សារមួយនេះ ចាប់ពីម៉ោងសូន្យថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២១ ដើម្បីបង្ការ និងទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩ ដល់អាជីវករ អតិថិជន ក៏ដូចជាប្រជាពលរដ្ឋដែលចេញចូលទីតាំងផ្សារខាងលើ។

ទន្ទឹមនឹង​នេះ​ រដ្ឋបាលខណ្ឌច្បារអំពៅ ក៏បានអំពាវនាវដល់អាជីវករ សន្ដិសុខ បុគ្គលិក កម្មករបម្រើការងារក្នុងផ្សារ និងក្រុមគ្រួសារអាជីវករពាក់ព័ន្ធ ព្រមទាំងប្រជាពលរដ្ឋដែលកន្លងមកធ្លាប់បានចេញ-ចូលផ្សារខាងលើ នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១ បើមានអាការៈក្ដៅខ្លួន ក្អក ពិបាកដកដង្ហើម ហើយមានការសង្ស័យថាឆ្លងជំងឺកូវីដ១៩ សូមទៅពិនិត្យសំណាកនៅទីតាំងទល់មុខការដ្ឋានសាងសង់ផ្សារក្រុមហ៊ុន ប៉េង ហួត នៅខាងជើងផ្លូវលេខ១ ភូមិបឹងឈូក សង្កាត់និរោធ ព្រមទាំងត្រូវធ្វើចត្ដាឡីស័កផងដែរ៕ដោយ​៖សហការី​


ចែករំលែក៖