ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានធ្វើការណែនាំឱ្យអាជ្ញាធរខណ្ឌ ទាំង១៤ ពិនិត្យឱ្យបានម៉ត់ចត់ចំពោះសកម្មភាពនៅតាមផ្សារនានា ដោយយើងនឹងត្រូវបិទផ្សារមួយចំនួនធំទៀតនៅក្រុងភ្នំពេញដើម្បីកាត់ផ្តាច់ឱ្យបាននូវ ការឆ្លងរីករាលដាលជម្ងឺកូវីដ-១៩ ខណៈដែលជម្ងឺនេះបាននិងកំពុងវាយលុកយ៉ាងខ្លាំងនៅក្នុងរាជធានីភ្នំពេញ។
ការណែនាំបែបនេះរបស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានធ្វើឡើងនារាត្រីថ្ងៃទី២៣មេសានេះ នៅក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ តាមរយៈកិច្ចប្រជុំ video conference នៅសាលារាជធានីភ្នំពេញ ដោយមានការចូលរួមពីអភិបាលខណ្ឌទាំង១៤ ស្នងការនគរបាលរាជធានីភ្នំពេញនិងមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីពង្រឹងការងារមួយចំនួន ដូចជាការងារចាក់វ៉ាក់សាំងការពារជម្ងឺកូវីដ-១៩ ការរៀបចំវិធានការលើការបិទផ្សារនានា និងការងាររៀបចំកន្លែងយកសំណាកពីអ្នកសង្ស័យកូវីដ-១៩ ផងដែរ។
លោក ឃួង ស្រេង បានមានប្រសាសន៍ថា៖ ចំពោះការងារនៃការចាក់វ៉ាក់សាំងការពារជម្ងឺកូវីដ-១៩ អាជ្ញាធរខណ្ឌទាំងអស់ ត្រូវតែរៀបចំដោយការយកចិត្តទុកដាក់និងម៉ត់ចត់ ពិសេស រក្សាគម្លាតសុវត្ថិភាពចំពោះប្រជាពលរដ្ឋមកចាក់វ៉ាក់សាំង ។
លោក ឃួង ស្រេង បានបន្តទៀតថា ៖កន្លងមកនេះយើងបានឃើញហើយនៅតាមផ្សារនានា បងប្អូនប្រជាពលរដ្ឋ និងកម្មករ កម្មការិនី ពេលពួកគាត់ទៅផ្សារហាក់មិនខ្លាចឆ្លងកូវីដ-១៩សោះឡើយ ។ទង្វើទាំងនេះ បានធ្វើអោយចំនួនអ្នកឆ្លងនៅតាមផ្សារនានានៅក្នុុងក្រុងភ្នំពេញបានកើនឡើងយ៉ាងលឿន គួរឱ្យព្រួយបារម្ភ ។ដោយឃើញពីបញ្ហាប្រឈមខ្លាំងនេះ រដ្ឋបាលរាជធានីរបស់យើងបានធ្វើការបិទផ្សារជាបន្តបន្ទាប់ ហើយជាគម្រោងយើងនឹងបិទផ្សារមួយចំនួនធំទៀត នៅក្នុងក្រុងភ្នំពេញ ដើម្បីកាត់ផ្តាច់ឱ្យបាននូវ ការឆ្លងរីករាលដាលជម្ងឺកូវីដ-១៩ ។
ចំពោះផ្សារដែលយើងត្រូវបិទបន្តទៀតនេះ មានផ្សារគីឡូម៉ែត្រលេខ៦ ផ្សារគីឡូម៉ែត្រលេខ៧ និងផ្សារព្រែកព្នៅជាដើម ដោយរដ្ឋបាលរាជធានីភ្នំពេញ នឹងចេញលិខិតបិទតែម្តង ។
លោកបញ្ជាក់ផងដែរថា ៖បើទោះជាមានការបិទផ្សារក៏ពិតមែន ប៉ុន្តែបងប្អូនប្រជាពលរដ្ឋរបស់យើងនៅតែអាចទិញបន្លែ ត្រីសាច់ ម្ហូបអាហារបាន តាមរយៈ អនឡាញ តាមឡានលក់បន្លែត្រី សាច់ឬ តាមរុឺម៉ក ជាដើម ដោយមិនឱ្យពួកគាត់លក់លើសពីតម្លៃទីផ្សារឡើយ ដោយអាជ្ញាធររបស់យើងជាអ្នកតាមដាននិងពិនិត្យទៅលើតម្លៃនេះ៕
ដោយ៖ សំរិត