ខេត្តកណ្តាល៖ កងកម្លាំងតំបន់ប្រតិបត្តិការសឹករងកណ្តាល នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១ម្សិលមុិញ នៅតែចុះប្រចាំការ និងល្បាតទៅតាមគោលដៅ ឈរជើងសហការរៀងៗខ្លួន បើទោះបីជាមេឃមានភ្លៀងលាយឡំជាមួយនិងខ្យល់យ៉ាងខ្លាំង ដើម្បីអនុវត្តបិទខ្ទប់ក្រុងតាខ្មៅខេត្តកណ្តាល និងការធ្វើដំណើរទៅរាជាធានីភ្នំពេញ ទៅតាមការណែនាំរបស់គណៈបញ្ជាការ ឯកភាពខេត្ត ក៏ដូចជាអនុវត្តន៍ ទៅតាមបទបញ្ជាររបស់ លោក នៃ និយម មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកណ្តាល ។
ក្នុងបេសកកម្មសហការយាមល្បាតការពារតំបន់បិទខ្ទប់នៅក្រុងតាខ្មៅខេត្តកណ្តាលនៅថ្ងៃនេះ ឧត្តមសេនីយ៍ត្រី នៃ និយម មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកណ្តាលបានដាក់បញ្ជាផ្ទាល់ ទៅដល់បងប្អូនកងកម្លាំងទាំងអស់ នៅតាមគោលដៅ ត្រូវត្រៀមសម្ភារៈគ្រប់ប្រភេទបម្រើឱ្យការបំពេញបេសកកម្មមិនមានបញ្ហានៅតាមគោលដៅដែលខ្លួនឈរជើងពិសេសអាវភ្លៀង នៅក្នុងរដូវភ្លៀង ហើយត្រូវរាយការណ៍នូវចំណុចអសកម្ម ឬបញ្ហាណាមួយជាបន្ទាន់ដើម្បីបានដោះស្រាយទាន់ពេលវេលា។
គួរបញ្ជាក់ថា រហូតមកទល់ពេលនេះ កងកម្លាំងតំបន់ប្រតិបត្តិការសឹករងកណ្តាលគឹនៅតែបំពេញបេសកកម្មភារកិច្ចនៅតាមគោលដៅគ្រប់ចំនុចដែលបានកំណត់ ការបែងចែករបស់ លោក មេបញ្ជាការ ខណៈដែលការអនុវត្ត បទបញ្ជានៃការបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅនៃខេត្តកណ្តាលនៅតែបន្តរហូតដល់ពេលនេះ និងទៅពេលខាងមុខទៀត រហូតដល់មានបញ្ជាបញ្ចប់បេសកកម្មនេះ។ ក្រៅអំពីការ ឈរជើងនៅតាមតំបន់ខ្ទប់ទាំង៥ទីតាំងក្នុងក្រុងតាខ្មៅ ខេត្តកណ្តាល កងកម្លាំងតំបន់ប្រតិបត្តិការសឹករងកណ្តាលនៅពេលយប់ គឺនៅតែបន្តចុះល្បាតតាមតំបន់គោលដៅ ដើម្បីពិនិត្យមើលការចល័តរបស់បងប្អូនប្រជាពលរដ្ឋចេញមកខាងក្រៅតំបន់បិទខ្ទប់នេះ ទៅតាមការណែនាំរបស់ គណៈបញ្ជាការឯកភាពខេត្តផងដែរ៕
ដោយ ៖ សិលា