ខេត្តកំពង់ឆ្នាំង ៖ ផ្ទះ១ខ្នង ត្រូវបានអគ្គិភ័យឆាបឆេះស្ទើទាំងស្រុង ក្រោយពីផ្ទុះដែកកេះ ឆាបទៅឆេះប៊ីដុងសាំង ។ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១៣និង៣៤នាទីរសៀល ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១ នៅភូមិពាមឆ្កោក ឃុំពាមឆ្កោក ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង ។
សមត្ថកិច្ចបានឲ្យដឹងថា ផ្ទះដែលអគ្គិភ័យឆាបឆេះនេះ មានទំហំ៦ម៉ែត្រ គុណនិង ១១ម៉ែត្រ ប្រក់ស័ង្កសី ជញ្ជាំងស្លឹក ខាងក្រោមថ្ម ដែលមានម្ចាស់ឈ្មោះ កៃ សុផល ភេទប្រុស អាយុ៥២ឆ្នាំ មានសមាជិកគ្រួសារចំនួន១១នាក់ ។
ម្ចាស់ផ្ទះបានប្រាប់សមត្ថកិច្ចឲ្យដឹងថា នៅមុនពេលកើតហេតុ បានទុកដែកកេះហ្គាសនៅក្បែរ ប៊ីដុងសាំង ហើយមិនដឹងជាយ៉ាងម៉េច ក៏ឮសម្លេងផ្ទុះពេលដែលនាំគ្នាចេញមកមើល ស្រាប់តែឃើញភ្លើងឆេះប៊ីដុងសាំងបាត់ទៅហើយ ក៏ស្រែកឲ្យគ្នីគ្នាជួយពន្លត់ មិនឲ្យរាលដាលទៅឆេះផ្ទះជាប់ខាង ។
សមត្ថកិច្ចបានបញ្ជាក់ទៀតថា អគ្គិភ័យនេះបានឆេះបំផ្លាញ មុង កន្ទេល ភួយ ខោអាវ សម្ភារ និង ថវិកា មួយចំនួន ប៉ុន្តែមិនប៉ះពាល់គ្រោះថ្នាក់ដល់មនុស្សនោះទេ ៕
ដោយ៖ ចន្ថា