ព័ត៌មានទាន់ហេតុការណ៍៖

អាជ្ញាធរខេត្តបន្ទាយមានជ័យ សម្រេចបិទខ្ទប់ការធ្វើដំណើរចេញ ចូល ជាបណ្ដោះអាសន្នសង្កាត់ប៉ោយប៉ែតទាំងស្រុង និងមួយផ្នែក នៃសង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ អាជ្ញាធរខេត្តបន្ទាយមានជ័យ សម្រេចបិទខ្ទប់ការធ្វើដំណើរចេញ ចូល ជាបណ្ដោះអាសន្នសង្កាត់ប៉ោយប៉ែតទាំងស្រុង និងមួយផ្នែក នៃសង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ។ នេះបើយោងតាមសេចក្តីជូនដំណឹង របស់រដ្ឋបាលខេត្តបន្ទាយមានជ័យ នៅល្ងាចថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១ ។

រដ្ឋបាលខេត្តបន្ទាយមានជ័យ, សម្រេច៖

ប្រការ១…ត្រូវបានបិទខ្ទប់ការធ្វើដំណើរចេញ-ចូលជាបណ្តោះអាសន្នលើទីតាំងមួយចំនួនក្នុងក្រុងប៉ោយប៉ែត ចាប់ពីចំណុច ផ្លូវខាងកើតវត្តស្ទឹងបត់ ភូមិស្ទឹងបត់ សង្កាត់ផ្សារកណ្តាល ឡើងមកផ្លូវជាតិលេខ៥ បន្តទៅផ្លូវជាតិលេខ៥៨ ឆ្ពោះទៅផ្លូ៥០ម៉ែត្រ ស្ថិតនៅភូមិព្រៃគប់ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត រហូតដល់ព្រំដែនកម្ពុជា-ថៃ រយៈពេល១៤ថ្ងៃ ដោយគិតចាប់ពី វេលាម៉ោងសូន្យនៃថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១ រហូតថ្ងៃទី០៩ ខែឧសភាឆ្នាំ២០២១ក្នុងគោលបំណងធានាដល់ប្រសិទ្ធភាព នៃការគ្រប់គ្រងការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក្នុងភូមិសាស្ត្រដែលត្រូវបិទខ្ទប់ និងទប់ស្កាត់ជំងឺនេះមិនឲ្យឆ្លងរីករាល ដាលទៅកាន់តំបន់ផ្សេងទៀត ។

ប្រការ២.…ក្នុងអំឡុងពេលនៃការអនុវត្តវិធានការបិទខ្ទប់នេះ បុគ្គលគ្រប់រូបត្រូវបានហាមឃាត់ការធ្វើដំណើរចេញពីលំនៅឋាន ឬទីសំណាក់បច្ចុប្បន្ន លើកលែងតែក្នុងករណីចាំបាច់ដូចខាងក្រោម ៖
– ការដឹកជញ្ជូនទំនិញគ្រប់ប្រភេទ
– ការធ្វើដំណើរទៅមន្ទីរពេទ្យ មណ្ឌលសុខភាព សម្ភព ទីកន្លែងព្យាបាល ឬឱសថស្ថាន ដោយមូលហេតុ សុខភាពតែនៅក្នុងរង្វង់ភូមិសាស្ត្រដែលត្រូវបិទខ្ទប់ ។ ចំពោះការធ្វើដំណើរដោយមូលហេតុសុខភាពចេញ ទៅក្រៅរង្វង់ភូមិសាស្ត្រដែលត្រូវបិទខ្ទប់នេះ អាចធ្វើទៅបានដោយមានការអនុញ្ញាតពីអាជ្ញាធរដែលទទួល បន្ទុក អនុវត្តវិធានការបិទខ្ទប់ ដោយកំណត់ចំនួនមនុស្សមិនឲ្យលើសពី៤(បួន)នាក់ សម្រាប់ករណ៍នីមួយៗ
– ការធ្វើដំណើរដើម្បីទៅបង្ហាញខ្លួនឲ្យមន្ត្រីសុខាភិបាលធ្វើការយកវត្ថុសំណាកទៅវិភាគរកវីរុសកូវី៨-១៩ និង ដើម្បីទៅទទួលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩
-ការធ្វើដំណើររបស់បុគ្គលិកក្រុមគ្រូពេទ្យទាំងផ្នែករដ្ឋ និងឯកជន មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ដែល បំពេញបេសកកម្មតាមការចាត់តាំងរបស់ប្រធានអង្គភាព ក្រោមការដឹកនាំរបស់គណៈបញ្ជាការឯកភាព រដ្ឋបាលខេត្ត គណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងប៉ោយប៉ែត ឬពីប្រធានកងឯកភាពដែលបានស្នើសុំការ · ការដឹកជញ្ជូនកម្មករទៅកាន់ទីកន្លែងការងារនៅតាមរោងចក្រ សហគ្រាស ដែលត្រូវមានប័ណ្ណអនុញ្ញាត ចេញដោយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឬមន្ទីការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តអនុញ្ញាតចូលទៅក្នុងភូមិសាស្ត្រដែលត្រូវបានបិទខ្ទប់នោះ
– ការធ្វើដំណើរទៅកាន់ទីន្លែងលក់ម្ហូបអាហារ ឬគ្រឿងឧបភោគ បរិភោគ និងសំភារៈប្រើប្រាស់ចាំបាច់ប្រចាំថ្ងៃ ដែលអនុញ្ញាតបើកឲ្យដំណើរការដោយអាជ្ញាធរមានសមត្ថកិច្ច។ ការធ្វើដំណើរក្នុងគោលបំណងនេះ អាច ធ្វើឡើងដោយសមាជិកយ៉ាងច្រើន០២(ពីរ)នាក់ ក្នុង១លំនៅឋាន ឬទីសំណាក់មិន ឲ្យលើស០២(ពីរ)ដង ក្នុង១សប្តាហ៍ និងក្នុងរង្វង់ភូមិសាស្ត្រដែលត្រូវបានបិទខ្ទប់
– ការធ្វើដំណើររបស់ក្រុមពន្លត់អគ្គិភ័យ

-ការធ្វើដំណើរដើម្បីចូលរួមក្នុងសកម្មភាពមនុស្សធម៌ សកម្មភាពដែលបម្រើផលប្រយោជន៍សាធាណរ: ឬ គោលបំណងចាំបាច់ផ្សេងទៀតតាមការស្នើសុំ ឬតាមការកំណត់របស់អាជ្ញាធរសាធារណៈ
– ការធ្វើដំណើរដោយមូលហេតុចាំបាច់ និងបន្ទាន់ផ្សេងៗទៀតដែលមានការអនុញ្ញាតជាមួយពីអាជ្ញាធរ សមត្ថកិច្ចដែលទទួលបន្ទុកអនុវត្តវិធានការបិទខ្ទប់៕

ដោយ៖ សុខ ខេមរា


ចែករំលែក៖