ខេត្តស្វាយរៀង៖ យ៉ាងហោចណាស់បុរសពីរនាក់ បានរងរបួសធ្ងន់ទាំងសងខាងដោយសារ ករណីគ្រោះថ្នាក់ចរាចរណ៍ជិះម៉ូតូបុកគូទម៉ូតរ៉ឺម៉កដែលគ្មានភ្លើងបំភ្លឺផ្លូវពីក្រោយ យ៉ាងពេញទំហឹងបណ្ដាលឲ្យធ្លាក់ស្រែ បង្កការភ្ញាក់ផ្អើលដល់ អ្នកភូមិនិងអ្នកធ្វើដំណើរទាំងយប់ជួយសង្គ្រោះដឹកមកកាន់មន្ទីរពេទ្យ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៦និង៣០នាទីព្រលប់ ថ្ងៃទី ២៤ ខែ មេសា ឆ្នាំ ២០២១ លើផ្លូវជាតិលេខ ០១ គីឡូម៉ែត្រ១៣៣និង១៣៤ ស្ថិតក្នុងភូមិព្រៃសម្ភ័រ ឃុំសំបួរ ស្រុកស្វាយទាប ខេត្តស្វាយរៀង ។
សមត្ថកិច្ចនគរបាលស្រុកបានឲ្យដឹងថាបុរសដែលជិះម៉ូតូរងរបួសធ្ងន់មានឈ្មោះ សូ សារឹម អាយុ ២៩ ឆ្នាំ មុខរបរ កម្មករ រស់នៅភូមិ ចេក សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ខេត្ត ស្វាយរៀងជិះម៉ូតូ ម៉ាក ហុងដាឌ្រីម សេ១២៥ ពណ៌ ខ្មៅ ស៊េរីឆ្នាំ២០១៩ ពាក់ស្លាកលេខភ្នំពេញ១HJ ៤៧៤៧ ខូចខាតយ៉ាងដំណំ។
ចំណែកអ្នកបើកម៉ូតូរ៉ឺម៉កមានឈ្មោះ សុខ រុំ អាយុ ៣២ឆ្នាំ មុខរបរ កសិករ រស់នៅភូមិពោន ឃុំសង្កែ ស្រុក រំដួល ខេត្តស្វាយរៀង ។
តាមអ្នកភូមិបានឲ្យដឹងថាមុនកើតហេតុមានបុរសម្នាក់បានជិះម៉ូតូ មួយគ្រឿងម៉ាក ហុងដាឌ្រីម សេ១២៥ ពណ៌ ខ្មៅ ស៊េរីឆ្នាំ២០១៩ ពាក់ស្លាកលេខភ្នំពេញ១HJ ៤៧៤៧លើផ្លូវជាតិលេខ១ក្នុងទិសដៅពីកើតមកលិចស្រាប់តែទៅបុកគូទ ម៉ូតូរុឺម៉កពីក្រោយម៉ាកយ៉ាម៉ាហាស៊ីរ៉ួស ពាក់ស្លាកលេខ សៀមរាប ១H ៣២៩៣ ដែលគ្មានភ្លើងបំភ្លឺផ្លូវពេញទំហឹងបណ្ដាលធ្លាក់ស្រែបង្កការភ្ញាក់ផ្អើលតែម្ដង។
ក្រោយមកអ្នករងរបួសទាំងសងខាងត្រូវបានសមត្ថកិច្ចដឹកមកសង្គ្រោះនៅមន្ទីពេទ្យបង្អែកនិងធ្វើការវាស់វែងមធ្យោបាយធ្វើដំណើរទាំងពីរគ្រឿងយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកស្វាយទាប ដើម្បីដោះស្រាយពេលក្រោយតាមច្បាប់ ៕
ដោយ៖យឹម សុថាន