ព័ត៌មានទាន់ហេតុការណ៍៖

សេចក្តីណែនាំ ស្តីពីការប្រមូលវត្ថុសំណាកដើម្បីវិភាគរកមេរោគកូវីដ-១៩ ចំពោះប្រជាពលរដ្ឋទាំងអស់ដែលកំពុងស្នាក់នៅក្នុងភូមិសាស្រ្ត (តំបន់ក្រហម) នៅខេត្តព្រះសីហនុ

ចែករំលែក៖

ខេត្តព្រះសីហនុ៖ នៅព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១ រដ្ឋបាលខេត្តព្រះសីហនុ ចេញសេចក្ដីណែនាំ ស្តីពី ការប្រមូលវត្ថុសំណាកដើម្បីវិភាគរកមេរោគកូវីដ-១៩ ចំពោះប្រជាពលរដ្ឋទាំងអស់ដែលកំពុងស្នាក់នៅក្នុងភូមិសាស្ត្រ-តំបន់ក្រហម នៅខេត្តព្រះសីហនុ។

កាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១ កន្លងទៅនេះ រដ្ឋបាលខេត្តព្រះសីហនុបានចេញសេចក្តីសម្រេចកំណត់ ភូមិសាស្ត្រភូមិ១ ភូមិ២ ភូមិ៣ ភូមិ៤ និងភូមិ៥ នៃសង្កាត់លេខ៤ ក្រុងព្រះសីហនុ ដែលកំពុងមានការឆ្លងរាលដាលធ្ងន់ធ្ងរ នៃជំងឺកូវីដ-១៩ ជា“តំបន់ក្រហម ក្នុងគោលបំណងធានាដល់ការអនុវត្តសេចក្តីសម្រេច និងវិធានការនានារបស់ រាជរដ្ឋាភិបាល និងរដ្ឋបាលខេត្តព្រះសីហនុឱ្យមានប្រសិទ្ធភាពខ្ពស់។

ដើម្បីកាត់ផ្តាច់ប្រភពចម្លង និងឈានទៅគ្រប់គ្រងការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នៅក្នុងសហគមន៍ រដ្ឋបាល ខេត្តព្រះសីហនុ សូមធ្វើការណែនាំដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ដែលកំពុងស្នាក់នៅក្នុងភូមិសាស្ត្រ-តំបន់ក្រហម» ត្រូវតែផ្តល់កិច្ចសហការចុះឈ្មោះជាមួយក្រុមការងារដែលកំពុងចុះស្រង់ឈ្មោះនៅតាមផ្ទះ ក្រុមហ៊ុន គ្រឹះស្ថាន សហគ្រាសនៅ ក្នុងក្រុម ភូមិរបស់បងប្អូន និងត្រូវទៅផ្តល់វត្ថុសំណាកដើម្បីវិភាគរកមេរោគកូវីដ-១៩ ដល់មន្ត្រីសុខាភិបាល នៅតាមទីតាំង និងពេលវេលាតាមការជូនព័ត៌មានរបស់ក្រុមការងារ និងអាជ្ញាធរមានសមត្ថកិច្ច។ ក្រោយពេលបានផ្តល់វត្ថុសំណាករួចហើយ ត្រូវដាក់ខ្លួនធ្វើចត្តាឡីស័កឱ្យបានត្រឹមត្រូវរយៈពេល ១៤ថ្ងៃ តាមបទបញ្ជាផ្ទៃក្នុងដែលបានកំណត់។

ក្នុងករណីប្រជាពលរដ្ឋណាម្នាក់មិនព្រមសហការ ឬគេចវេះមិនព្រមទៅផ្តល់វត្ថុសំណាកដើម្បីធ្វើតេស្តរកមេរោគ កូវីដ-១៩ និងមិនព្រមធ្វើចត្តាឡីស័កតាមការណែនាំនេះនឹងត្រូវទទួលទោសដូចមានកំណត់នៅក្នុងច្បាប់ស្តីពីវិធានការទប់ ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវនិងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត និងលិខិតបទដ្ឋាន គតិយុត្តពាក់ព័ន្ធជាធរមាន។

ទទួលបានសេចក្ដីណែនាំនេះ នាយករដ្ឋបាលសាលាខេត្ត ស្នងការនគរបាលខេត្ត មេបញ្ជាការកងរាជអាវុធហត្ថខេត្ត អភិបាលនៃគណៈអភិបាលក្រុងព្រះសីហនុ ប្រធានមន្ទីរសុខាភិបាលខេត្ត ប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធ ក្រុមការងារប្រចាំការ នៅគោលដៅបិទខ្ទប់«តំបន់ក្រហម» និងប្រជាពលរដ្ឋដែលកំពុងស្នាក់នៅក្នុងភូមិសាស្ត្រ -តំបន់ក្រហម។ ត្រូវចូលរួម អនុវត្តតាមខ្លឹមសារនៃសេចក្ដីណែនាំនេះឱ្យមានប្រសិទ្ធភាព និងប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់៕

ដោយ ៖ សិលា


ចែករំលែក៖