ភ្នំពេញ៖ ថ្លែងនៅក្នុងពិធីចែកជូននូវអំណោយសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនដល់ប្រជាពលរដ្ឋក្រីក្រ ចាស់ជរា ស្ថិតក្នុង សង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញចំនួន ៣៥៦គ្រួសារ នៅព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១នេះ លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានរាជធានីភ្នំពេញ បានសូមអោយប្រជាពលរដ្ឋ ជឿជាក់ និងចូលរួមអនុវត្តតាមវិធានការរបស់រាជរដ្ឋាភិបាល ក្នុងការបិទខ្ទប់ ក្នុងអំឡុងពេលនេះ គឺដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ដោយរាជរដ្ឋាភិបាល បានគិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋ និងងាយស្រួលក្នុងការកំណត់ទីតាំង ជាមួយនិងការនាំយកនូវអ្នកជំងឺ ដែលវិជ្ជមានកូវីដ-១៩ មកព្យាបាលអោយបានជាសះស្បើយ ចៀសវាងការបង្កអោយមានចម្លង រីករាលដាលពីម្នាក់ទៅម្នាក់ទៀតបន្ថែមទៀត ។
លោកស្រីក៏បាននាំមកនូវប្រសាសន៍ផ្តាំផ្ញើការសាកសួរសុខទុក្ខ ពីសម្តេចទាំងទ្វេរ ផ្ញើជូនបងប្អូនប្រកបដោយក្តីនឹករលឹក និងសម្តេចទាំងទ្វេបានចូលរួមចែករំលែកនូវទុក្ខលំបាក របស់ប្រជាពលរដ្ឋ ក្នុងពេលដែលស្ថានភាពជំងឺកូវីដ១៩ កំពុងរីករាលដាល ដែលនាំអោយមានការបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្តាល ។
លោកស្រីបានបន្តទៀតថា នៅក្នុងដំណាក់កាលដ៏លំបាកនេះ ក្រោមការគិតគូរយ៉ាងយកចិត្តទុក្ខដាក់ពីប្រមុខរាជរដ្ឋាភិបាល ក្នុងបញ្ចប់នូវព្រឹត្តិការណ៍ ២០កុម្ភៈ នេះបាន គឺត្រូវទាមទាឲ្យមានការចូលរួមពីសំណាក់បងប្អូនទាំងអស់គ្នា ដើម្បីឲ្យស្ថានភាពបិទខ្ទប់នេះវិលមករកស្ថានភាពធម្មតាវិញ។
លោកស្រី បានធ្វើការសំណូមពរឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ សូមមានការអត់ធ្មត់ និងគោរពតាមវិធានការ ៣ការពារ ៣កុំ និងអនុវត្តឲ្យបានតាមសេចក្តីសម្រេចស្តីពីវិធានការដែលត្រូវអនុវត្តក្នុងអំឡុងពេលបិទខ្ទប់ក្នុងភូមិសាស្រ្ត រាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្តាល ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលកូវីដ១៩ និងកាត់ផ្តាច់នៃការឆ្លងនៃព្រឹត្តិការណ៍ ២០ កុម្ភៈ ។
លោកស្រីក៏បានថ្លែងអំណរគុណ និងកោតសសើរដល់ថ្នាក់ដឹកនាំរដ្ឋបាលរាជធានីភ្នំពេញ កងកម្លាំងទាំងបីប្រភេទ ក្រុមគ្រូពេទ្យទាំងអស់ ជាពិសេស ក្រុមគ្រូពេទ្យសម្តេចតេជោ (TYDA) ដែលបានខិតខំបំពេញភារកិច្ចយ៉ាងសស្រាក់សស្រាំទាំងថ្ងៃ ទាំងយប់ ក្នុងការអនុវត្តតាមបទបញ្ជារបស់រដ្ឋាភិបាល គឺក្នុងគោលបំណងកាត់ផ្តាច់ការចម្លងនៃព្រឹត្តិការណ៍ ២០កុម្ភៈ ៕
ប្រភព ៖ ទទក