ព័ត៌មានទាន់ហេតុការណ៍៖

ឆេះមន្ទីរពេទ្យព្យាបាលជំងឺកូវីដ-១៩ នៅអុីរ៉ាក់ស្លាប់កើនឡើងដល់៨២នាក់ហើយ

ចែករំលែក៖

ក្រសួងមហាផ្ទៃអុីរ៉ាក់ នៅថ្ងៃទី ២៥ខែមេសា បានប្រកាសថា ភ្លើងឆេះមន្ទីរពេទ្យដែលផ្តើមចេញពីផ្ទុះបំពង់អុកស៊ីហ្សែននៅទីក្រុងបាដាដ កាលពីយប់ថ្ងៃទី២៤ ខែមេសា មកទល់ពេលនេះបណ្តាលឲ្យមានអ្នកស្លាប់កើនឡើងដល់ទៅ៨២នាក់ហើយ ។ នាយករដ្ឋមន្ត្រីអុីរ៉ាក់ប្រកាសកាន់ទុក្ខ៣ថ្ងៃនៅទូទាំងប្រទេស ។
កន្លងមក ប្រភពព័ត៌មានពីមន្ត្រីសុខាភិបាលបានឱ្យដឹងថា មានអ្នកស្លាប់២៧នាក់នៅនឹងកន្លែង និង ៤៦នាក់រងរបួស ក្នុងគ្រោះអគ្គិភ័យឆេះមន្ទីរពេទ្យ Ibn Khatib ស្ថិតនៅ តំបន់ Diyala Bridge ទីក្រុងបាដាដ។ នេះជាមន្ទីរពេទ្យមើលថែអ្នកជំងឺកូវីដ-១៩ កម្រិតធ្ងន់។
ក្រសួងសុខាភិបាលបានប្រកាសថា នៅពេលគ្រោះថ្នាក់កើតឡើង ក្រុមជួយសង្គ្រោះបានជួយមនុស្ស ២០០នាក់ចេញពីមន្ទីរពេទ្យ។ ប៉ុន្មានម៉ោងក្រោយការឆេះមន្ទីរពេទ្យនោះមក នាយករដ្ឋមន្ត្រីអុីរ៉ាក់ លោក
Mustafa al-Kadhimi បានដកតំណែងមន្ត្រីមួយរូបដែលពាក់ព័ន្ធ គឺប្រធានមន្ទីរសុខាភិបាលទីក្រុងបាដាដ ។
នាយករដ្ឋមន្ត្រីអុីរ៉ាក់បានកោះប្រជុំជាបន្ទាន់មន្ត្រីពាក់ព័ន្ធ ។ ហេតុការណ៍គ្រោះថ្នាក់បែបនេះមិនមែនជាបទល្មើស តែអ្នកដែលខ្វះការប្រុងប្រយ័ត្នបង្កឲ្យមានសោកនាដកម្មកើតឡើងគឺត្រូវតែទទួលខុសត្រូវទាំងស្រុង។ នាយករដ្ឋមន្ត្រីអុីរ៉ាក់ ស្នើឲ្យបើកការស្រាវជ្រាវក្នុងរយៈពេល ២៤ម៉ោងខាងមុខ ។
គ្រោះអគ្គិភ័យកើតឡើងក្នុងពេលអុីរ៉ាក់កំពុងប្រឈមការឆ្លងរាលដាលកូវីដ-១៩កាន់តែខ្លាំង ដោយក្នុងមួយថ្ងៃអុីរ៉ាក់រកឃើញអ្នកឆ្លងរហូតដល់ទៅ៨ពាន់នាក់ក្នុងមួយថ្ងៃ គឺជាចំនួនខ្ពស់បំផុតមិនធ្លាប់មានពីមុនមក៕ដោយ៖ ធីរីណា

រូបភាព៖Reuters

អ្នកពន្លត់អគ្គិភ័យអុីរ៉ាក់បានព្យាយាមពន្លត់ភ្លើង។ រូបភាព៖CNN


ចែករំលែក៖