ព័ត៌មានទាន់ហេតុការណ៍៖

អ្នកមាននៅឥណ្ឌាជួលយន្តហោះគេចចេញពីការឆ្លងកូវីដ-១៩

ចែករំលែក៖

ក្រុមអ្នកមាននៅឥណ្ឌា បានចំណាយប្រាក់ជាច្រើនដើម្បីជួលយន្តហោះឯកជនហោះហើរចេញពីតំបន់ដែលមានការរាតត្បាតកូវីដ-១៩ច្រើននៅក្នុងប្រទេស ទៅកាន់ប្រទេសអារ៉ាប់រួមនិងប្រទេសផ្សេងទៀតដែលមិនមានការឆ្លងកូវីដ-១៩ច្រើន។
តាមសារព័ត៌មាន London Times បានផ្សាយថា មានយន្តហោះឯកជនដល់ទៅ៨គ្រឿង ត្រូវបានក្រុមអ្នកមាននៅឥណ្ឌាជួលហោះហើរទៅកាន់ទីក្រុងឡុងដុងប្រទេសអង់គ្លេសនៅថ្ងៃទី ២៣ខែមេសា មុនពេលច្បាប់ហាមប្រាមហោះហើរចេញចូលប្រទេសឥណ្ឌាចូលជាធរមាន។ អង់គ្លេសបានដាក់ប្រទេសឥណ្ឌាក្នុងបញ្ជីក្រហមហាមការហោះហើរចេញចូលអង់គ្លេស។
ក្រៅពីទៅកាន់ប្រទេសអង់គ្លេស យន្តហោះដឹកអ្នកមានឥណ្ឌាជាច្រើនក៏បានទៅកាន់ទីក្រុងឌូបៃប្រទេសអារ៉ាប់រួមផងដែរ។
ចំនួនអ្នកឆ្លងកូវីដ-១៩នៅឥណ្ឌាកើនឡើងខ្ពស់គួរឲ្យបារម្ភបំផុត ដោយក្នុងរយៈពេល៤ថ្ងៃជាប់គ្នាមានករណីឆ្លងលើសពី៣សែននាក់ក្នុងមួយថ្ងៃៗ។ នៅថ្ងៃអាទិត្យនេះឥណ្ឌាបានប្រកាសពីការរកឃើញអ្នកឆ្លង COVID-19 ដល់ទៅ ៣៤៩,៦៩១នាក់ និង២,៧៦៧នាក់បានស្លាប់ក្នុងរយៈពេល២៤ម៉ោង ។
នៅពេលនេះដែរ សហរដ្ឋអាមេរិកពិតជាមានការព្រួយបារម្ភជាខ្លាំងចំពោះករណីឆ្លង COVID-19 យ៉ាងគំហុកនៅក្នុងប្រទេសឥណ្ឌា ហើយបានត្រៀមខ្លួនជានិច្ចក្នុងការផ្ដល់ការគាំទ្រ ឬជំនួយបន្ថែមដល់រដ្ឋាភិបាល និងបុគ្គលិកសុខាភិបាលឥណ្ឌា។
សារព័ត៌មានរ៉យទ័របានផ្សាយថា អ្នកនាំពាក្យសេតវិមានម្នាក់បានបញ្ជាក់ថា «យើងកំពុងស្ថិតនៅក្នុងកិច្ចសន្ទនាយ៉ាងសកម្មកម្រិតខ្ពស់ និងមានផែនការផ្ដល់ការគាំទ្របន្ថែមភ្លាមៗដល់រដ្ឋាភិបាលឥណ្ឌា និងបុគ្គលិកសុខាភិបាលរបស់ពួកគេដែលកំពុងតស៊ូប្រយុទ្ធប្រឆាំង COVID-19 ដែលមានសភាពកាន់តែធ្ងន់ធ្ងរពីមួយថ្ងៃទៅមួយថ្ងៃ»៕ ដោយ៖ ធីរីណា

រូបភាព៖Reuters


ចែករំលែក៖