ព័ត៌មានទាន់ហេតុការណ៍៖

Breaking News ៖ រាជរដ្ឋាភិបាលចេញសេចក្តីណែនាំស្ដីពីការពង្រឹងការអនុវត្តវិធានការដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងការពង្រឹងការអនុវត្តវិធានការនៅក្នុងភូមិសាស្ត្រដែលត្រូវបានបិទខ្ទប់នៅតាមបណ្ដារាជធានី-ខេត្ត

ចែករំលែក៖

ភ្នំពេញ៖ នៅយប់ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១ រាជរដ្ឋាភិបាល ចេញសេចក្ដីណែនាំ ស្តីពី ការពង្រឹងការអនុវត្តវិធានការដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងការពង្រឹងការអនុវត្តវិធានការនៅក្នុងភូមិសាស្ត្រដែលត្រូវបានបិទខ្ទប់នៅតាមបណ្តារាជធានី-ខេត្ត។

កន្លងមក រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវវិធានការនានាជាបន្តបន្ទាប់ សំដៅកាត់ផ្តាច់ និងទប់ស្កាត់ ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នៅក្នុង “ព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ២០២១៥ ដែលវិធានការទាំងនេះ រួមមាន៖ ការហាមឃាត់ការធ្វើដំណើរចេញ-ចូល និងឆ្លងកាត់រាជធានី-ខេត្ត ការបិទរមណីយដ្ឋាន ទេសចរណ៍នៅទូទាំងប្រទេស ព្រមទាំងការបិទខ្ទប់ភូមិសាស្ត្រនៃរាជធានីភ្នំពេញ និងក្រុងតាខ្មៅនៃខេត្តកណ្តាល ដែលមានផ្ទុះការឆ្លងរាលដាលធ្ងន់ធ្ងរនៃជំងឺកូវីដ-១៩។ ទន្ទឹមនេះ គណៈអភិបាលខេត្តនានាក៏បានដាក់ចេញ នូវវិធានការចាំបាច់ជាបន្តបន្ទាប់ដើម្បីគ្រប់គ្រងការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក្នុងភូមិសាស្ត្ររបស់ខ្លួន ជាពិសេសការដាក់ចេញនូវវិធានការបិទខ្ទប់ និងការកាត់ផ្តាច់ចរាចរណ៍មិនឱ្យចេញពីតំបន់ ដែលមានការ ឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក្នុងសហគមន៍។ ដោយផ្អែកលើបរិបទខាងលើនេះ និងដើម្បីធានា ក៏ដូចជា សម្រួលឡើងវិញដល់ដំណើរការសេដ្ឋកិច្ច និងសង្គមជាតិ រាជរដ្ឋាភិបាលបានសម្រេចអនុញ្ញាតឱ្យមានការ ធ្វើដំណើរឆ្លងកាត់ពីខេត្តមួយទៅខេត្តមួយឡើងវិញ ក៏ដូចជាការបើកឱ្យដំណើរការឡើងវិញនូវរមណីយដ្ឋាន ទេសចរណ៍នៅតាមបណ្តាខេត្ត តាមរយៈសេចក្តីសម្រេចលេខ ៥៣ សសរ ចុះថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១ លើកលែងតែតំបន់បិទខ្ទប់នៃភូមិសាស្ដ្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅនៃខេត្តកណ្តាល និងតំបន់បិទខ្ទប់ ផ្សេងទៀត ដែលស្ថិតនៅជាធរមាន។

ក្នុងសភាពការណ៍ថ្មីនេះ និងក្នុងគោលដៅបន្តប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នៅតាមបណ្តារាជធានី-ខេត្ត រាជរដ្ឋាភិបាល សូមធ្វើការណែនាំដល់គណៈអភិបាលរាជធានី -ខេត្ត ត្រូវ ផ្តោតការយកចិត្តទុកដាក់បន្ថែមទៀតដើម្បីដាក់ចេញ និងអនុវត្តឱ្យបានម៉ឺងម៉ាត់នូវវិធានការនានាដូចខាងក្រោម៖

១- សម្រាប់ភូមិសាស្ដ្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅនៃខេត្តកណ្ដាលដែលត្រូវបានបិទខ្ទប់ ដោយ សេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល, គណៈអភិបាលរាជធានីភ្នំពេញ និងគណៈអភិបាលខេត្តកណ្តាលត្រូវបន្ត ពង្រឹងការអនុវត្តឱ្យបានម៉ឺងម៉ាត់នូវវិធានការបិទខ្ទប់នេះ សំដៅកាត់ផ្តាច់ និងទប់ស្កាត់ការឆ្លងរាលដាល ទៅតំបន់ផ្សេងទៀត ជាពិសេស ចរាចរណ៍មនុស្សចេញ-ចូលតំបន់បិទខ្ទប់នេះ។ ការពង្រឹងការអនុវត្ត ដោយម៉ឺងម៉ាត់នូវវិធានការនេះ ក៏ត្រូវអនុវត្តផងដែរសម្រាប់តំបន់បិទខ្ទប់ផ្សេងទៀតដែលត្រូវបានសម្រេច ដោយគណៈអភិបាលខេត្តនៅក្នុងភូមិសាស្ត្រដែលស្ថិតក្នុងសមត្ថកិច្ចរបស់ខ្លួន។

២- សម្រាប់ភូមិសាស្ត្រ ឬទីតាំងដែលមានការផ្ទុះឆ្លងរាលដាលនៃជំងឺកូវីដ-១៩ គណៈអភិបាលខេត្ត ត្រូវចាត់វិធានការ សំដៅកាត់ផ្តាច់ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺនេះទៅតំបន់ផ្សេងទៀតឱ្យបានឆាប់ រហ័ស និងទាន់ពេលវេលា តាមរយៈការដាក់ចេញវិធានការនានា ជាអាទិ៍ ការបិទខ្ទប់នូវភូមិសាស្ត្រដែលមាន ការផ្ទុះឆ្លងរាលដាលនៃជំងឺកូវីដ-១៩, ការផ្អាកសកម្មភាពអាជីវកម្ម មុខរបរ ឬសកម្មភាពការងារ, ការកាត់ផ្តាច់ ចរាចរណ៍ចេញ-ចូលតំបន់នោះ, ការដាក់ចេញនូវវិធានការកំណត់ និងស្វែងរកអ្នកពាក់ព័ន្ធដោយផ្ទាល់ និង ដោយប្រយោលជាមួយអ្នកមានផ្ទុកមេរោគកូវីដ-១៩, ការយកសំណាកទៅវិភាគរកមេរោគកូវីដ-១៩, ការពង្រឹង វិធានការធ្វើចត្តាឡីស័ក និងការព្យាបាល ដោយអនុវត្តស្របតាមច្បាប់ អនុក្រឹត្យ និងបទប្បបញ្ញត្តិពាក់ព័ន្ធ ផ្សេងទៀតស្តីពីការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។

៣- សម្រាប់អ្នកធ្វើដំណើរចេញពីតំបន់ដែលមានផ្ទុះការឆ្លងរាលដាលធ្ងន់ធ្ងរនៃជំងឺកូវីដ-១៩, គណៈ អភិបាលខេត្ត ត្រូវចាត់វិធានការដោយម៉ឺងម៉ាត់ និងចាំបាច់ ជាពិសេសការយកសំណាករបស់អ្នកធ្វើដំណើរ ដើម្បីវិភាគរហ័សរកមេរោគកូវីដ-១៩, ការពង្រឹងវិធានការសុខាភិបាលនានា ដូចជា ការពាក់ម៉ាស និងការរក្សា គម្លាតសុវត្ថិភាព , ការអនុវត្តវិធានការធ្វើចត្តាឡីស័កចំពោះអ្នកធ្វើដំណើរដែលវិលត្រឡប់មករស់នៅ ឬស្នាក់នៅ រយៈពេលវែងនៅក្នុងភូមិសាស្ត្រដែលស្ថិតក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។ ដោយឡែក ចំពោះអ្នកធ្វើដំណើរដែល មានលិខិតបញ្ហាបេសកកម្មរបស់ស្ថាប័នសាធារណៈ ឬអ្នកធ្វើដំណើរឆ្លងកាត់ ឬអ្នកធ្វើដំណើរស្នាក់នៅរយៈពេល ខ្លី (តិចជាង១សប្តាហ៍) គណៈអភិបាលខេត្ត ដោយសហការជាមួយមន្ត្រីសុខាភិបាល ត្រូវរៀបចំការយកសំណាក ទៅវិភាគរហ័សរកមេរោគកូវីដ-១៩។ ក្នុងករណីដែលរកឃើញថាវិជ្ជមានមេរោគកូវីដ-១៩ គណៈអភិបាលខេត្ត ដោយសហការជាមួយមន្ត្រីសុខាភិបាល ត្រូវអនុវត្តនីតិវិធីបន្តផ្នែកសុខាភិបាល។ ផ្ទុយទៅវិញ ក្នុងករណីដែលពុំ រកឃើញវិជ្ជមានមេរោគកូវីដ-១៩ អ្នកធ្វើដំណើរនោះត្រូវបានអនុញ្ញាតឱ្យចូលទៅស្នាក់នៅ និងបំពេញការងារ ដោយត្រូវជូនដំណឹងអំពីទីកន្លែងស្នាក់នៅដល់អាជ្ញាធរដែនដីមានសមត្ថកិច្ច និងត្រូវអនុវត្តវិធានការសុខាភិបាល នានា ដូចជា ការពាក់ម៉ាស និងការរក្សាគម្លាតសុវត្ថិភាព

នៅក្នុងអំឡុងពេលដែលខ្លួនស្នាក់នៅ។ លទ្ធផល នៃការវិភាគរហ័សរកមេរោគកូវីដ-១៩ ដែលអនុវត្តនៅក្នុងភូមិសាស្ត្រនៃខេត្តមួយ មានសុពលភាពសម្រាប់ ភូមិសាស្ត្រនៃខេត្តដទៃ នៅក្នុងថ្ងៃតែមួយ។

៤- ក្នុងករណីដែលមានផ្ទុះការឆ្លងរាលដាលនៃជំងឺកូរីដ-១៩ នៅក្នុងខេត្តដែលមានព្រំប្រទល់ជាប់នឹង ខេត្តដែលស្ថិតក្នុងសមត្ថកិច្ចរបស់ខ្លួន, គណៈអភិបាលខេត្តពាក់ព័ន្ធអាចសហការគ្នាដើម្បីដាក់ចេញនូវវិធានការ រឹតត្បិត ឬហាមឃាត់ការធ្វើដំណើរចេញ-ចូលឆ្លងកាត់ភូមិសាស្ត្រខេត្តដែលស្ថិតក្នុងសមត្ថកិច្ចរៀងខ្លួនជា បណ្តោះអាសន្ន ដោយអនុវត្តស្របតាមអនុក្រឹត្យលេខ៥៧ អនក្រ.បក ចុះថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ ស្ដីពីវិធានការរដ្ឋបាលដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវនិងប្រកបដោយ គ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត៕

ដោយ៖ សុខ ខេមរា


ចែករំលែក៖