ព័ត៌មានទាន់ហេតុការណ៍៖

ជំងឺកូវីដ-១៩ វាយលុកខ្លាំងណាស់ ! នាយការិយាល័យអាវុធជីវសាស្ត្រ វិទ្យុសកម្ម កើតរោគដ៏សាហាវមួយនេះ !

ចែករំលែក៖

ភ្នំពេញ ៖ លោកវរសេនីយ៍ទោ ប៊ូយ សុចិត្រា នាយការិយាល័យអាវុធជីវសាស្ត្រ វិទ្យុសកម្ម ទីចាត់ការការពារគីមីសាស្រ្ត  បានកើតជំងឺកូវីដ១៩ បើយោងតាមទីចាត់ការការពារគីមីសាស្ត្រ អគ្គបញ្ជាការដ្ឋាន បញ្ជាក់បានឱ្យដឹង។ 

សូមបញ្ជាក់ថា, ក្នុងសេចក្តីប្រកាសព័ត៌មាននៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១នេះ បានបញ្ជាក់ថា លោក ប៊ូយ សុចិត្រា និងភរិយា មានទីលំនៅផ្ទះលេខ ២៥D ក្រុម៧ ភូមិត្រពាំងក្រសាំង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ត្រូវបានរកឃើញវិជ្ជមានកូវីដ-១៩ នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១។ បច្ចុប្បន្ន កំពុងព្យាបាលជំងឺនៅ មជ្ឈមណ្ឌលសន្និបាតកោះពេជ្រ។

លោកវរសេនីយ៍ទោ ប៊ូយ សុចិត្រា ធ្លាប់បានចាក់វ៉ាក់សាំងចំនួន២លើក រួចមកហើយ ចំណែកប្រពន្ធមិនបានចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ទេ។

ទីចាត់ការការពារគីមីសាស្ត្រ បានអំពាវនាវដល់នាយទាហាន នាយទា និងពលទាហានដែលបានពាក់ព័ន្ធដោយផ្ទាល់ ឬ ដោយប្រយោល ត្រូវអនុវត្តន៍តាមវិធានការការពារកូវីដ-១៩ របស់ក្រសួងសុខាភិបាលឱ្យបានខ្ចាប់ខ្ជួន និងម៉ឺងម៉ាត់បំផុត។

សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ តែងក្រើនរំឮកថា, សូមបងប្អូនប្រជាពលរដ្ឋដែលដឹងថាខ្លួនបានប៉ះពាល់ដោយផ្ទាល់ នឹងដោយប្រយោលជាមួយអ្នកមានជំងឺកូវីដ-១៩ សូមអញ្ជើញទៅធ្វើសំណាកទៅតាមទីតាំងដែលក្រសួងសុខាភិបាលបានប្រកាស។ 

សម្តេចសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋខ្មែរបន្តរការប្រុងប្រយ័ត្នខ្ពស់ចំពោះស្ថានភាពនៃការឆ្លងរីករាលដាលជំងឺកូវីដ-១៩ នាពេលបច្ចុប្បន្ននេះ ៕

ដោយ ៖ សិលា


ចែករំលែក៖