ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្តីណែនាំម្ដងរួចមកហើយ ផ្អាកការលក់គ្រឿងស្រវឹង បិទភោជនីយដ្ឋាន ក្លឹបកំសាន្ត ហាងលក់ដូរ ចៀសវាងមានការប្រមូលផ្ដុំគ្នា បន្ទាប់ពីជំងឺកូវីដ-១៩ បានរាតត្បាតចូលក្នុងសហគមន៍ ២០កុម្ភៈ។
នៅយប់ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១ រដ្ឋបាលរាជធានីភ្នំពេញបានចេញសេចក្ដីណែនាំ ស្ដីពីការបន្តផ្អាកការលក់គ្រឿងស្រវឹងគ្រប់ប្រភេទ ក្នុងមូលដ្ឋានរាជធានីភ្នំពេញ រយៈពេល ២សប្ដាហ៍បន្ថែមទៀត គិតចាប់ពីថ្ងៃទី២៥ ខែមេសា រហូតដល់ថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២១ បន្តទៀត។
ប៉ុន្តែម្ចាស់ហាង និងប្រជាពលរដ្ឋមួយចំនួន នៅតែមិនព្រមអនុវត្តតាមវិធានសុខាភិបាល ទើបអាជ្ញាធរសមត្ថកិច្ចមូលដ្ឋាន ចាត់វិធានការក្តៅបង្ក្រាបទីតាំងដែលបន្តលួចលក់ និងអ្នកចូលផឹកស៊ី។
ជាក់ស្ដែងនៅរសៀលថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១ លោក ម៉ូវ ម៉ានិត អភិបាលនៃគណ:អភិបាលខណ្ឌ និងជាប្រធានគណៈបញ្ជាការឯកភាពខណ្ឌរដ្ឋបាលសែនសុខ បានដឹកនាំកំលាំងចុះបិទទីតាំងភោជនីយដ្ឋាន ម្លប់ស្បូវមានលាភ ដែលមិនអនុវត្តតាមការណែនាំរបស់រដ្ឋបាលរាជធានីភ្នំពេញ ស្ថិតនៅផ្លូវលេខ ១០០៧ហ្សិត ភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភំ្នពេញ និងបានឃាត់ខ្លួនមនុស្សសរុបចំនួន០៦នាក់ បច្ចុប្បន្នបាននាំខ្លួនទៅកាន់អធិការរដ្ឋាននគរបាលខណ្ឌសែនសុន ដេីម្បីអនុវត្តតាមនិតីវិធី៕
ដោយ ៖ សិលា