ព័ត៌មានទាន់ហេតុការណ៍៖

Update ៖ ថៅកែចម្ការកៅស៊ូចិត្តសាហាវអប្រិយ ! បាញ់សម្លាប់កម្មករស្លាប់ក្នុងថ្លុកឈាម ខឹងជនរងគ្រោះ ចង់វាយកញ្ចក់រថយន្តរបស់ខ្លួន !

ចែករំលែក៖

ខេត្តរតនគិរី៖ កម្មករម្នាក់ត្រូវបានម្ចាស់ចម្ការជាខ្មាន់កាំភ្លើងបាញ់ប្រហារសម្លាប់ក្នុងថ្លុកឈាម បង្ហាញអោយឃើញពីភាពសាហាវ យង់ឃ្នង ឃោរឃៅបំផុត ខណៈបាញ់សម្លាប់ មើលតែបាញ់ចាប គ្មានគិតដល់ រឿងបុណ្យបាប នរកប្រែតអីបន្តិចសោះ។

ប្រភពក្រៅផ្លូវការ បានបង្ហើបថា, ជនរងគ្រោះត្រូវបានខាងជនដៃដល់ចោទថា ជាមនុស្សបែកថ្នាំ មានបំណងវាយកញ្ចក់រថយន្តរបស់ខ្លួន ទើបខឹងដកកាំភ្លើងបាញ់ប្រហារតែម្តង។

សមត្ថកិច្ចឃាត់ខ្លួនជនខ្មាន់កាំភ្លើងនោះមកសួរនាំនិងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងហើយ ប៉ុន្តែស្ថិតក្នុងការលាក់លៀមនៅឡើយ ខណៈខាងសមត្ថកិច្ចមិនបានបញ្ជាក់អំពីដើមចម រហូតដល់មានបទឧក្រិដ្ឋនេះ។

សូមបញ្ជាក់ថា, ការបាញ់ប្រហារទៅលើកម្មករ ប្រព្រឹត្តដោយម្ចាស់ចម្ការ ដែលជាខ្មាន់កាំភ្លើងបានធ្វើសកម្មភាពនៅវេលា១៤៖៣០នាទីថ្ងៃទី២៤ខែមេសាឆ្នាំ២០២១ ត្រង់ចំណុចផ្ទះចម្ការក្នុងភូមិគងយុ ឃុំប៉ាតេ ស្រុកអូរយាដាវខេត្តរតនគិរី។

តាមប្រភពបង្ហើបថា, ជនរងគ្រោះឈ្មោះ រិន ចន្ថា ជាកម្មករជៀជ័រកៅស៊ូ ស្នាក់នៅបំរើប្រចាំគ្រួសារជាមួយនិងម្ចាស់ចម្ការ ជាឃាតកនោះស្ថិតក្នុងភូមិឃុំកើតហេតុខាងលើ។

ប្រភពបន្តថាជនសង្ស័យខ្មាន់កាំភ្លើង ជាឃាតកបាញ់ប្រហារជនរងគ្រោះនោះឈ្មោះ លី ថេងជាង ភេទប្រុសអាយុ៤៨ឆ្នាំមានស្រុកកំណើតនៅភូមិដំបូក ឃុំព្រែកដំបូក ស្រុកស្រីសន្ធរខេត្តកំពង់ចាម ហើយមានតួនាទីជាមន្ត្រីយោធាមុខងារទីចាត់ការកលិយុគអគ្គបញ្ជាការកងទ័ពមានទីលំនៅបច្ចុប្បន្ន ភូមិគងយុ ឃុំប៉ាតេ ស្រុកអូរយាដាវ ខេត្តរតនគិរី។

ការបាញ់ប្រហារនោះ ដោយជនដៃដល់លើកហេតុផលថា, ជនរងគ្រោះជាមនុស្សញៀនថ្នាំនៅថ្ងៃកើតហេតុគេបានបែកថ្នាំហើយបង្កការអុកឡុករករឿងចង់វាយកញ្ចក់រថយន្តថៅកែម្ចាស់ចម្ការជាខ្មាន់កាំភ្លើង ទើបធ្វើឱ្យថៅកែនោះទប់កំហឹងមិនបានក៏បាញ់ប្រហារតែម្តងទៅ។

ក្នុងអំពើបាញ់ប្រហានោះបណ្តាលឱ្យជនរងគ្រោះរងរបួសធ្ងន់ធ្ងរដាច់ខ្យល់ស្លាប់ពេលបញ្ជូនទៅសង្គ្រោះនៅមណ្ឌលសុខភាពស្រុកបរកែវ។ ប៉ុន្តែក្នុងរូបភាព ឃើញជនរងគ្រោះហាក់ដូចជាស្លាប់ក្នុងថ្លុកឈាមពេលបាញ់ប្រហារសម្លាប់ភ្លាមៗបាត់ទៅហើយ ព្រោះការបាញ់នេះ បាញ់ជាច្រើនគ្រាប់ចំៗគោលដៅ។

តាមការត្រួតពិនិត្យរបស់សមត្ថកិច្ចបច្ចេកទេសឃើញថាគ្រាប់កាំភ្លើងត្រូវជនរងគ្រោះចំនួនប្រាំគ្រាប់ ៖ទី១.មួយគ្រាប់ចំភ្លៅក្បែរជង្គង់ខាងស្ដាំ ទី២.ចំកំភួនជើងឆ្វេង – ទី៣និងទី៤ត្រូវចំដើមទ្រូងក្រោមឃ្លៀកខាងឆ្វេងនិងគ្រាប់ទី៥ចំដើមដៃឆ្វេង។

សូមជម្រាបថា, បើត្រឹមតែជនរងគ្រោះបែកថ្នាំ និងចង់រកវាយកញ្ចក់ឡានសោះ ហេតុអ្វីថៅកែ ដល់ថ្នាក់ដកកាំភ្លើងបាញ់ប្រហារជាច្រើនគ្រាប់ ,? ឬមួយមានចេតនាទុច្ចរិតគិតទុកជាមុន ក្នុងការប្រព្រឹត្តបទល្មើសឧក្រិដ្ឋនេះ ?

ក្រោយកើតហេតុកម្លាំងព្រហ្មទណ្ឌកំរិតធ្ងន់នៃស្នងការដ្ឋាននគរបាកខេត្តបានចុះទៅដល់កន្លែងកើតហេតុភ្លាមៗនិងធ្វើការឃាត់ខ្លួនជនសង្ស័យជាខ្មាន់កាំភ្លើងនោះមកឃុំខ្លួនបណ្តោះអសន្នធ្វើកំណត់ហេតុបញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមនីតិវិធីច្បាប់ផងដែរ៕

                                     

ដោយ៖ ជីវ័ន្ត


ចែករំលែក៖