ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលខណ្ឌដូនពេញឃាត់ខ្លួនជនសង្ស័យ២នាក់ក្រោយលួចកាច់កញ្ចក់រថយន្តបាន១ថ្ងៃ

ចែករំលែក៖

ភ្នំពេញ ៖ កម្លាំងនគរបាលជំនាញខណ្ឌដូនពេញ បានឃាត់ខ្លួនជនសង្ស័យ២នាក់ ក្រោយពីពួកគេលួចកាច់កញ្ចក់រថយន្តបាន១ថ្ងៃហើយមកលាក់ខ្លួននៅខ្ទមច្រាំងទន្លេ ជិតស្ថានីយបូមទឹក ។

ហេតុការណ៍កាច់កញ្ចក់រថយន្តនេះបានកេីតឡើងកាលពីម៉ោងជាង១១យប់ ថ្ងៃទី២៤ខែមេសាឆ្នាំ២០២១ នៅត្រង់ចំណុចផ្ទះលេខ6E0 ផ្លូវលេខ១១៨ សង្កាត់ផ្សារថ្មីទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យទី១-ឈ្មោះ គឹម វិសាល មុខរបរមិនពិតប្រាកដ និងទី២-ឈ្មោះ សន វុត្ថា មុខរបរមិនពិតប្រាកដ។

សមត្ថកិច្ចបានឱ្យដឹងទៀតថា ដោយទទួលបានពាក្យបណ្ដឹងពីជនរងគ្រោះនិងរូបថតតាមកាមេរ៉ាសុវត្ថិភាព កម្លាំងជំនាញព្រហ្មទណ្ឌខណ្ឌបានបេីកការស្រាវជ្រាវកំណត់មុខសញ្ញារហូតដល់ចុះមកឃាត់ខ្លួនក្រុមជនសង្ស័យបានចំនួន២នាក់នៅចំណុចច្រាំងទន្លេកាលពីម៉ោង៧និង២០នាទីយប់ ថ្ងៃទី២៥ខែមេសាឆ្នាំ២០២១ និងដកហូតបានវត្ថុតាងកញ្ចក់រថយន្តចំនួន១ ។

បច្ចុប្បន្នជនសង្ស័យទាំង២នាក់ ត្រូវបានសមត្ថកិច្ចប្រគល់ជូននគរបាលប៉ុស្តិ៍ផ្សារថ្មីទី១ ដេីម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងចាត់ការបន្តតាមនីតិវិធី៕          

ដោយ៖ ជ្រោយពេជ្រ


ចែករំលែក៖