ខេត្តបន្ទាយមានជ័យ៖ ខណ:ដែលអ្នកសង្ស័យឆ្លងមេរោគកូវីដ-១៩ បានរកឃើញថ្មី បន្ថែមទៀតនៅរាយប៉ាយ ស្ទើរពាសពាសភូមិ អាជ្ញាធរមានសមត្ថកិច្ច នៅក្រុងប៉ោយប៉ែត និងផ្នែកពាក់ព័ន្ធ បាននឹងកំពុងបន្តការងារ យ៉ាងក្តៅគគុក ដើម្បីទប់ទល់សភាពការណ៍វិវត្តន៍ថ្មី នៃការផ្ទុះជំងឺកូវីដ-១៩ ដែលកើកើតឡើងក្នុងសហគមន៍។
ក្នុងនោះគេឃើញមន្ត្រីក្រុមការងារយ៉ាងច្រើនបានចុះទៅរឹតបន្តឹងតំបន់បិទខ្ទប់ នៅភូមិក្បាលស្ពាន១ និងភូមិសាមគ្គីមានជ័យ ដែលបានផ្ទុះករណីជំងឺកូវីដ-១៩ កាលពីយប់ថ្ងៃទី២២ ខែមេសា កន្លងមកនោះនិងកំពុងគិតពីសភាពការណ៍វិវត្តន៍ ពីយប់ថ្ងៃទី២៤ មកទល់ល្ងាច ថ្ងៃទី២៥ ខែមេសាម្សិលមិញនេះ។ក្នុងករណីនេះ រដ្ឋបាលក្រុង បាននឹងកំពុងពិចារណាមិនត្រឹមបិទខ្ទប់តែ ២ ភូមិនោះទេប៉ុន្តែនៅមានផ្នែកជាច្រើនទៀត នៃក្រុងប៉ោយប៉ែត ដែលតម្រូវឲ្យបិទខ្ទប់ដែរ។
លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យរួមជាមួយលោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត និងក្រុមការងារជាច្រើនបានចុះទៅពិនិត្យ ណែនាំ ដល់អាជីវករលក់ដូរទំនិញក្នុងផ្សារ នៅក្រុងប៉ោយប៉ែតសូមកុំឆ្លៀតកេងប្រវ័ញ្ចពី ឱកាសដ៏លំបាកនេះខណ:អាជ្ញាធរបិទខ្ទប់ ចំណុចនានា នៅភូមិក្បាលស្ពាន១ សាមគ្គីមានជ័យ សង្កាត់/ក្រុងប៉ោយប៉ែត ដោយលក់ទំនិញ ពិសេសម្ហូបអាហារ កុំដំឡើងថ្លៃ ។
ជាមួយនេះដែរលោក វេជ្ជបណ្ឌិត ឡេ ច័ន្ទសង្វាត ប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តបន្ទាយមានជ័យ បានប្រាប់ថា មកទល់ពេលនេះ គ្រូពេទ្យ បានយកសំណាក ពីមនុស្សជាង ៦០០ នាក់ហើយ។ ក្នុងនោះ លទ្ធផលបឋម ពីម៉ាស៊ីនតេស្តរហ័ស (Rapid Test) និងម៉ាស៊ុន Gene Xpert. បានរកឃើញ អ្នកវិជ្ជមានកូវីដ-១៩ (ថ្ងៃទី២៣ និង ២៤ ខែមេសា ចំនួនជាង ១២០ នាក់ ក្នុងនោះ មានជនជាតិឥណ្ឌួនេស៊ី ចិន ថៃ និងកម្ពុជា ។
ការរកឃើញមានចំនួនកើនឡើងនេះគឺបន្ទាប់ពីថ្ងៃទី២២ មកទល់ល្ងាចថ្ងៃទី២៥ ខែមេសានេះ ក្រុមការងារសុខាភិបាល និងគ្រូពេទ្យនៃមន្ទីរ និងសុខាភិបាល ស្រុក ក្រុង សហការជាមួយមន្ត្រីអាជ្ញាធរ សមត្ថកិច្ចជំនាញ និងកងកម្លាំងប្រដាប់អាវុធ បានបើកយុទ្ធនាការ ប្រមូលជនបរទេស មានឥណ្ឌូនេស៊ី ចិន ថៃ និងពលរដ្ឋកម្ពុជា ជាច្រើននាក់ ដែលសង្ស័យប៉ះពាល់ ឆ្លងពីអ្នកជំងឺកូវីដ-១៩ ឈ្មោះ ចូហាន់ ស៊ូសានតូ (Johan Sunsanto) ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរ អ្នកដើរទីផ្សារ (Markreting) ជនជាតិឥណ្ឌូនេស៊ី ស្នាក់នៅផ្ទះលេខ ១៣២បេ ក្នុងបូរីដួងច័ន្ទ មកយកវត្ថុសំណាកធ្វើតេស្តរកមេរោគកូវីដ-១៩ ហើយរកឃើញវិជ្ជមាន ៕
ដោយ ៖ ប្រាថ្នា