ព័ត៌មានទាន់ហេតុការណ៍៖

ហ្វេសប៊ុកផេកមួយឈ្មោះថា​ Khmer Plus ដែលបានឡាយព័ត៌មានមិនពិតបំពុលបរិយាកាសសង្គម ត្រូវសមត្ថកិច្ចឃាត់យកមកអប់រំ

ចែករំលែក៖

ភ្នំពេញ៖ សេចក្តីបកស្រាយបំភ្លឺព័ត៌មាន​ របស់ក្រុមការងារព័ត៌មាន​ និងប្រតិកម្មរហ័សនៃស្នងការដ្ឋាន​ ទាក់ទងទៅនឹងហ្វេសប៊ុកផេកមួយឈ្មោះថា​ Khmer Plus ដែលបានឡាយព័ត៌មានមិនពិតបំពុលបរិយាកាសសង្គម​ ថាម្ចាស់ផ្ទះជួលមួយកន្លែងនៅសង្កាត់ទួលសង្កែទី១​ ខណ្ឌឬស្សូីកែវ បានចាក់សោរមិនឲ្យអ្នកជួលជាច្រេីននាក់ចេញក្រៅ​បន្ទប់ ហេីយបានឡាយថាម្ចាស់ផ្ទះលក់ទំនិញថ្លៃ១ជា២ដល់អ្នកជួលបន្ទប់ទាំងនោះទៀតផង​

បន្ទាប់ពីទទួលបានព័ត៌មាននេះភ្លាម​ កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវ សហការជាមួយអជ្ញាធរសង្កាត់បានចុះដល់ទីតាំងជាក់ស្តែង ហេីយបានធ្វេីការសាកសួរម្ចាស់បន្ទប់ជួល គាត់បានបញ្ជាក់យ៉ាងច្បាស់ថា ដោយអនុវត្តតាមការណែនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាការចុះណែនាំផ្ទាល់របស់អជ្ញាធរមូលដ្ឋាន បានបញ្ជាក់ថាទីតាំងផ្ទះប្រជាពលរដ្ឋដែលស្ថិតនៅទីនេះមិនត្រូវបានអនុញ្ញាតឲ្យចេញក្រៅផ្ទះនោះទេ បេីសិនជាមិនមានការចាំបាច់ ។

ដេីម្បីឆ្លេីយតបទៅនឹងការឡាយព័ត៌មានខុសពីការពិតនេះ​ នៅរសៀលថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង ៥:០០នាទី​ ប្រជាពលរដ្ឋចំនួន​ ៥រូបតំណាងឲ្យប្រជាពលរដ្ឋទាំងអស់ដែលបានជួលបន្ទប់ដូចមានទីតាំងបានបញ្ជាក់ជូនខាងលេី​ បានចូលខ្លួនមកធ្វេីការបំភ្លឺ​ និងបកស្រាយជូនប្រជាពលរដ្ឋទាំងអស់ដោយបានថតវីដេអូខ្លី​ ដេីម្បីបញ្ជាក់ឲ្យប្រជាពលរដ្ឋទាំងអស់បានជ្រាបច្បាស់ថា​ ការឡាយរបស់ផេក​ Khmer Plus គឺខុសពីការពិតទាំងស្រុង​ ជាការឡាយក្នុងគោលបំណងអាក្រក់បំពុលបរិយាកាសសង្គម​ ជាក់ស្តែងម្ចាស់បន្ទប់គាត់អនុវត្តបានយ៉ាងត្រឹមត្រូវតាមការណែនាំរបស់អជ្ញាធរមូលដ្ឋាន​ ហេីយអ្នកជួលបន្ទប់ក៏បានបញ្ជាក់បន្ថែមថា​ បេីមានបញ្ហាសុខភាព​ ឬកិច្ចការចាំបាច់ណាមួយក៏ម្ចាស់បន្ទប់ជួលគាត់រាយការណ៍ទៅអជ្ញារមូលដ្ឋានដេីម្បីសុំការអនុញ្ញាតឲ្យចេញដែរ តំណាងអ្នកជួលបន្ទប់បានបញ្ជាក់បន្ថែមថា​ ហេីយក៏មិនមានការលក់បន្លែ​ ត្រី​ សាច់​ ក្នុងតម្លៃខ្ពស់ទ្វេរដង​ ដូចសារព័ត៌មាននោះបានឡាយនោះទេ​ ។

សូ​មចូលរួមផ្សព្វផ្សាយតែព័ត៌មានពិត​ និងសហការដេីម្បីលុបបំបាត់ព័ត៌មានមិនពិត​ ៕​

ក្រុមការងារព័ត៌មាន​ និងប្រតិកម្មរហ័ស​នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងសមត្ថកិច្ចនៃអធិការដ្ឋាននគរបាលខណ្ឌឬស្សី​កែវ​ កំពុងតែស្វែងរកម្ចាស់ផេកនេះដេីម្បីចូលខ្លួនមកបំភ្លឺលេីករណីឡាយព័ត៌មានមិនពិតនេះផងដែរ​ ៕

ដោយ ៖ សិលា


ចែករំលែក៖