ភ្នំពេញ៖ ដើម្បីការពារសុខុមាលភាពជូនប្រជាពលរដ្ឋ ធានាដល់ការផ្គត់ផ្គង់ទំនិញដែលមានគុណភាព សុវត្ថិភាពជូនប្រជាពលរដ្ឋ នៅក្នុងដំណាក់កាលចូលរួមយុទ្ធនាការទប់ស្កាត់ប្រឆាំងនឹងជំងឺកូវីដ-១៩ នៅព្រឹកថ្ងៃពុធ ២រោច ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១នេះ មន្ត្រីជំនាញអគ្គនាយកដ្ឋាន ក.ប.ប. បានចុះទិញយកសំណាកគំរូបន្លែ ផ្លែឈើស្រស់មួយចំនួន ដើម្បីត្រួតពិនិត្យ និងវិភាគរកសំណល់ថ្នាំកសិកម្ម ដែលអាចមាននៅសេសសល់ជាយថាហេតុ។
នាឱកាសនោះ មន្ត្រីជំនាញអគ្គនាយកដ្ឋាន ក.ប.ប. បានបញ្ជាក់ថា ការចុះយកគំរូនេះត្រូវបានអនុវត្តនៅទីតាំងដែលអាជ្ញាធរមូលដ្ឋានបានរៀបចំជូនអាជីវករដាក់លក់តាមបណ្តោយផ្លូវវេងស្រេង ស្ថិតក្នុងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
គួរបញ្ជាក់ថា ក្នុងការត្រួតពិនិត្យនេះដែរ គឺដើម្បីធានាថាទំនិញចាំបាច់ យកទៅផ្គត់ផ្គង់ជូនប្រជាពលរដ្ឋមានគុណភាពល្អ និងមានសុវត្ថិភាពសម្រាប់អ្នកប្រើប្រាស់៕ដោយ៖សហការី