ព័ត៌មានទាន់ហេតុការណ៍៖

អាជ្ញាធរខេត្តសៀមរាប បើកការចេញ ចូលឡើងវិញ ទីតាំងផ្ទះ ចំនួន២០ ស្ថិតនៅក្នុងភូមិសាស្ត្រក្រុងសៀមរាប ខេត្តសៀមរាប ចាប់ពីថ្ងៃទី ២៨ ខែមេសា ឆ្នាំ ២០២១

ចែករំលែក៖

ភ្នំពេញ៖ រដ្ឋបាលខេត្តសៀមរាប មានកិត្តិយសសូមជម្រាបជូនដល់បងប្អូនប្រជាពលរដ្ឋ និងសាធារណជន មេត្តាជ្រាបថា៖ ចំពោះករណីពាក់ព័ន្ធនឹងអ្នកវិជ្ជមានជំងឺកូវីដ-១៩ ឈ្មោះ អ៊ឹង ខៃលី ឈ្មោះ សរ សុវណ្ណារិទ្ធ ឈ្មោះ ជា គីម (១២ មេសា ២០២១) និងឈ្មោះ សួរ សារ៉ាន់ (១៣ មេសា ២០២១) រដ្ឋបាលខេត្តសម្រេចបិទទីតាំងផ្ទះ ចំនួន២០។ ក្រោមការតាមដានយ៉ាងយកចិត្តទុកដាក់របស់ក្រុមការងារជំនាញ និងវិធានចត្តាឡីស័ក បាន ធ្វើឲ្យករណីនេះបានវិលទៅរកភាពប្រក្រតី និងស្ថិតក្រោមការគ្រប់គ្រង ដូចនេះគណៈបញ្ជាការឯកភាព រដ្ឋបាលខេត្ត សម្រេចបើកការចេញ-ចូល ឬដំណើរការឡើងវិញទីតាំងផ្ទះ ចំនួន២០ ក្នុងភូមិសាស្ត្រក្រុងសៀមរាប។ គណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង ត្រូវដឹកនាំកម្លាំងមានសមត្ថកិច្ច ចុះអនុវត្តប្រកាស

បើកដំណើការទីតាំងពាក់ព័ន្ធដូចមានតារាងជូនភ្ជាប់។ រដ្ឋបាលខេត្ត សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ និងសាធារណជន មេត្តាយកចិត្តទុកដាក់ អនុវត្តនូវវិធានការរបស់ក្រសួងសុខាភិបាល និងអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា គឺ ៣ ការពារ(ត្រូវពាក់ម៉ាស់ ត្រូវលាងដៃជាមួយសាប៊ូ ឬជែល និងត្រូវរក្សាគម្លាតសង្គម) ៣កុំ (កុំចូលទៅកន្លែងបិទជិតគ្មានខ្យល់ចេញ-ចូល កុំទៅកន្លែងមាន មនុស្សច្រើនកុះករ និងកុំប៉ះពាល់គ្នា)។

ទទួលបានសេចក្តីជូនដំណឹងនេះ ស្នងការនគរបាលខេត្ត មេបញ្ជាការកងរាជអាវុធហត្ថខេត្ត រដ្ឋបាលក្រុងសៀមរាប ប្រធានមន្ទីរ-អង្គភាពពាក់ព័ន្ធ ចៅសង្កាត់ បងប្អូនប្រជាពលរដ្ឋ និងសាធារណជន មេត្តាជ្រាប និងចូលរួមសហការអនុវត្តសេចក្តីជូនដំណឹងនេះដោយស្មារតីទទួលខុសត្រូវខ្ពស់៕

ដោយ ៖ សិលា


ចែករំលែក៖