ខេត្តកំពត៖ ប្រទះឃើញនារីជាជនជាតិប្រេស៊ីលម្នាក់ដេកដួល នៅលើដងផ្លូវ ហើយបានស្លាប់ ពេលបញ្ជូនទៅកាន់មន្ទីរពេទ្យ កាលពីយប់ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១ លើដងផ្លូវជាតិលេខ៣ ក្នុងភូមិតាដឹប សង្កាត់អណ្តូងខ្មែរ ក្រុងកំពត ។
មន្ត្រីសមត្ថកិច្ចនគរបាលចរាចរណ៍ ក្រុងកំពត បានឱ្យដឹងថា នារីរងគ្រោះ ឈ្មោះ MONTONI NATALIA កើតឆ្នាំ១៩៨៨។ សមត្ថកិច្ច បន្តថា កាលពីវេលាម៉ោង ៧និង៣០នាទី យប់ថ្ងៃទី២៧ ខែមេសា អ្នកដំណើរបានរាយការណ៍ អំពីការប្រទះឃើញនារីបរទេសម្នាក់ ដេកដួលលើដងផ្លូវជាតិលេខ៣ ដោយនៅក្បែរ ជនរងគ្រោះដេកនោះគេប្រទះ ឃើញម៉ូតូមួយគ្រឿង ដែលមានស្នាមដួល អូសយ៉ាងឆ្ងាយ នៅចន្លោះបង្គោលគីឡូម៉ែត្រលេខ ១៥១-១៥២ ដោយមាន ឈាមជោកជាំខ្លួន។ ភ្លាមៗ សមត្ថកិច្ច បានចុះដល់គោលដៅ ក៏ប្រញាប់ប្រញាល់ បញ្ជូជនរងគ្រោះ ទៅកាន់មន្ទីរពេទ្យ តែអកុសល នារីរូបនោះ បានស្លាប់ដោយសារ ស្ថានភាព របួសធ្ងន់ធ្ងរពេក។
សមត្ថកិច្ចបានសន្និដ្ឋានថា ហេតុការណ៍នេះ អាចបណ្តាលមកពីរថយន្តបុកពេលកំពុង ធ្វើដំណើរ ស្របទិសគ្នា ពីខាងត្បូង ទៅខាងជើង។ បន្ទាប់ពីកើតហេតុសមត្ថកិច្ច បានស្រាវជ្រាវ ស្វែងរករថយន្តបង្ក ដើម្បីនាំមកទទួលខុសត្រូវ ចំពោះមុខច្បាប់៕

ដោយ៖ ជ្រោយពេជ្រ
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច