ខេត្តមណ្ឌលគិរី៖ ជនសង្ស័យម្នាក់ត្រូវបានកម្លាំងសមត្ថកិច្ចធ្វើការឃាត់ខ្លួនបញ្ជូនទៅសាលាដំបូងខេត្តក្រោយពីបានប្រើអំពើហិង្សាដោយចេតនាយកកាំបិតផ្គាក់អត់ដងកាប់ទៅលើជនរងគ្រោះបណ្តាលឱ្យរងរបួសចំក្បាលនិងកំភួនយ៉ាងដំណំព្រោះតែភ្លើងប្រចណ្ឌ។
ហេតុការណ៍ប្រើអំពើហិង្សាយកកាំបិតផ្គាក់អត់ដងកាប់ទៅលើជនរងគ្រោះឱ្យរងរបួសនោះបានកើតឡើងកាលពីថ្ងៃទី២៦ខែមេសាឆ្នាំ២០២១នៅចំណុចអគារចិន ស្ថិតក្នុងភូមិស្រែហ៊ុយ ឃុំស្រែហ៊ុយ ស្រុកកោះញែក ខេត្តមណ្ឌលគិរី។
ប្រភពបានឱ្យដឹងថា ករណីប្រើអំពើហិង្សានោះបង្កឡើងដោយជនសង្ស័យឈ្មោះ កែម ចិត្ត ភេទប្រុស អាយុ៤២ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិស្រែហ៊ុយ ឃុំស្រែហ៊ុយ ស្រុកកោះញែកខេត្តមណ្ឌលគិរី ។
ចំណែកជនរងគ្រោះឈ្មោះ ឆន ឈុយ ភេទប្រុស អាយុ៥៨ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅក្នុងភូមិ-ឃុំកើតហេតុជាមួយគ្នា។
ដោយសារតែភ្លើងប្រចណ្ឌទើបជនដៃដល់បានយកកាំបិតផ្គាក់អត់ដងកាប់ទៅលើជនរងគ្រោះបណ្តាលឱ្យរងរបួសធ្ងន់ធ្ងរត្រូវចំក្បាលផ្នែកខាងឆ្វេងមានប្រវែង១១សង់ទីម៉ែត្រ ជម្រៅ០,១សងទីម៉ែត្រនិងរបួសកំភួនដៃខាងឆ្វេងចំនួន២កន្លែងទៀត។
ដើមចមបង្កហេតុគឺដោយសារតែជនសង្ស័យនេាះឆេះឆួលដោយភ្លើងប្រចណ្ឌ បានចោទប្រកាន់ថា ជនរងគ្រោះលួចចូលដេកជាមួយប្រពន្ធរបស់ខ្លួនទើបឈានដល់ប្រើអំពើហឹង្សាបែបនេះ ។
ក្រោយកើតហេតុសមត្ថកិច្ចបានចុះទៅធ្វើការឃាត់ខ្លួនដកហូតបានវត្ថុតាងរួមមាន កាំបិតផ្គាក់អត់ដងចំនួនមួយ។
ជនសង្ស័យកំពុងត្រូវបានកម្លាំងសមត្ថកិច្ចធ្វើកាឃាត់ខ្លួនជាបណ្តោះអាសន្នដើម្បីកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមនីតិវិធីច្បាប់ ៕
ដោយ៖ ជីវ័ន្ត