ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋបាលរាជធានី សម្រេចឱ្យបើកដំណើរការផ្សារទំនើបឡាក់គី នៅតំបន់លឿងឡើងវិញ នៅថ្ងៃ២៨ មេសា ឆ្នាំ២០២១

ចែករំលែក៖

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី២៨ មេសា ឆ្នាំ២០២១ បានសម្រេចឱ្យផ្សារទំនើបឡាក់គី នៅតំបន់លឿងនៅក្នុងរាជធានីភ្នំពេញ បើកដំណើរការឡើងវិញហើយ ដើម្បីសម្រួលដល់ការលំបាករបស់បងប្អូនប្រជាពលរដ្ឋ ក្រោយពីបិទមួយរយៈ ដើម្បីទប់ស្កាត់នូវការរីករាលដាលជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ។

  នេះបើតាមការបញ្ជាក់របស់លោកកើត ឆែ អភិបាលរងរាជធានីភ្នំពេញ ខណៈ លោក ជាតំណាងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ អញ្ជើញទទួលអំណោយពីលោក Charlie Bettencourt អគ្គនាយកក្រុមហ៊ុន ឌី អេហ្វ អាយ ឡាក់គី ប្រាយវេត លីមីធីតនៅសាលារាជធានីភ្នំពេញនាព្រឹកថ្ងៃទី២៨ ខែមេសានេះ ។

   លោក កើត ឆែ បានមានប្រសាសន៍ថា ៖ ក្នុងនាម ក្រុមប្រឹក្សារាជធានី គណៈអភិបាលរាជធានី មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋទាំងអស់ នៅរាជធានីភ្នំពេញ និងក្នុងនាមខ្លួនលោកផ្ទាល់ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោកអគ្គនាយក ដែលបានឧបត្ថម្ភ អង្ករ ៥តោន ស្មើរនឹង១០០០កញ្ចប់ និងត្រីខ ចំនួន ៦០០០កំប៉ុង ស្មើរនឹង១០០០កញ្ចប់ជូនរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីជួយឧបត្ថម្ភជីវភាពជូនប្រជាពលរដ្ឋដែលទទួលរងគ្រោះ ឬរងផលប៉ះពាល់ធ្ងន់ធ្ងរ ពីមេរោគកូវីដ-១៩ (Covid-19)។ តាមរយៈកាយវិការដ៏ល្អប្រពៃ ប្រកបដោយមនុស្សធម៌ និងគុណធម៌ខាងលើនេះ ពិតជាបានរួមចំណែកយ៉ាងសំខាន់ជាមួយរដ្ឋបាលរាជធានីភ្នំពេញ និងរាជរដ្ឋាភិបាល ស្របតាមការអំពាវនាវរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការចាត់វិធានការទប់ស្កាត់ការរីករាលដាលន មេរោគកូវីដ-១៩ (Covid-19) នៅរាជធានីភ្នំពេញ ក៏ដូចជានៅទូទាំងព្រះរាជាណាចក្រកម្ពុជា បានទាន់ពេលវេលា។

      ទឹកចិត្តសប្បុរសធម៌ដ៏ថ្លៃថ្លាមួយនេះ ស្តែងឱ្យឃើញអំពីការគិតគូរ និងក្តីអាណិតស្រលាញ់ចំពោះជនរួមជាតិ ដោយឈរលើបុព្វហេតុជាតិ សាមគ្គីជាធ្លុងមួយ ក្នុងស្មារតីជួយគ្នា នៅក្នុងកាលៈទេសៈដែលប្រទេសជាតិបាន និងកំពុង ជួបប្រទះនឹងគ្រោះភ័យ នៃការរាតត្បាតពីមេរោតកូវីដ-១៩ (Covid- 19)។ 

   ជាមួយគ្នានេះដែរ លោកកើត ឆែ បាន បញ្ជាក់ថា៖ ការទទួលអំណោយមនុស្សធម៌នៅពេលនេះ គឺស្របពេលដែល រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី២៨ មេសានេះ បាន សម្រេចឱ្យផ្សារទំនើបឡាក់គី នៅតំបន់លឿងនៅក្នុងរាជធានីភ្នំពេញ បើកដំណើរការឡើងវិញផងដែរ៕

ដោយ៖ សំរិត


ចែករំលែក៖