ព័ត៌មានទាន់ហេតុការណ៍៖

បិទខ្ទប់ភូមិលាបទងនិងបិទផ្សារសេរីស្ទោងបណ្តោះអាសន្នដើម្បីស្រាវជ្រាវរកអ្នកវិជ្ជមានកូវីដ-១៩

ចែករំលែក៖

ខេត្តកំពង់ធំ៖ រដ្ឋបាលខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១ បានចេញ សេចក្តីជូនដំណឹង ស្តីពី ការបិទបណ្តោះអាសន្នផ្សារសេរីស្ទោង ក្នុងភូមិកំពង់ក្តី ឃុំកំពង់ចិនត្បូង ស្រុកស្ទោង ខេត្តកំពង់ធំ ។

រដ្ឋបាលខេត្តកំពង់ធំ សូមជម្រាបជូនដំណឹងដល់សាធារណៈជនជ្រាបថា នៅពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១ បរុស ០១នាក់ ឈ្មោះ ស៊ា គឹមសាន អាយុ ៤៧ឆ្នាំ នៅភូមិលាបទង ឃុំកំពង់ចិនត្បូង ស្រុកស្ទោង ត្រូវបានខេត្តសៀមរាបផ្ដល់ព័ត៌មានមកថាវិជ្ជមានកូវីដ-១៩។
ទទួលបានព័ត៌មាននេះភ្លាម រដ្ឋបាលខេត្តកំពង់ធំបានធ្វើការស្រាវជ្រាវ និងរកឃើញថា កាលពីថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២១ ក្រុមគ្រួសាររបស់បុគ្គលខាងលើចំនួន០៤នាក់បានយកម្តាយទៅ ព្យាបាលនៅមន្ទីរពេទ្យនៅរាជធានីភ្នំពេញ។ លុះដល់ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១ ម្ដាយគាត់ បានស្លាប់ និងបានបញ្ជាក់ដោយគ្រូពេទ្យថាអវិជ្ជមានកូវីដ-១៩ ទើបអនុញ្ញាតឲ្យធ្វើបុណ្យតាមប្រពៃណី នៅភូមិលាបទង ហើយ ឈ្មោះ ស៊ាង គឹមសាន ក៏បានចូលរួមពិធីបុណ្យសពនៅពេលនោះដែរ។ នៅថ្ងៃទី ២៣ និងថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១ ឈ្មោះ ស៊ាង គឹមសាន នេះ បានទៅលាងឈាមនៅមន្ទីរពេទ្យ បង្អែកខេត្តសៀមរាប។ ដោយមានការសង្ស័យ មន្ទីរពេទ្យខេត្តសៀមរាបបានយកសំណាកទៅពិនិត្យនៅ មន្ទីរពិសោធន៍ ភ្នំពេញ ហើយទទួលបានលទ្ធផលវិជ្ជមាននៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១។
នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១ដដែលនេះ រដ្ឋបាលខេត្តបានកំណត់មុខសញ្ញាពាក់ព័ន្ធ និងយកសំណាកធ្វើតេស្តរហ័ស(Rapid Test) ចំនួន ១០៤នាក់ ដោយបានរកឃើញវិជ្ជមានចំនួន ១៣នាក់ ស្រី ០៣នាក់ ក្នុងនោះមានម្នាក់ ឈ្មោះ ចេង គឹមនៅ ប្រកបមុខរបរលក់សាច់ជ្រូកនៅផ្សារសេរីស្ទោង។
ដើម្បីធានាដល់ការគ្រប់គ្រងការរីករាលនៃជំងឺកូវីដ១៩ ឲ្យបានល្អប្រសើរ រដ្ឋបាលខេត្តសម្រេច បិទផ្សារសេរីស្ទោង ក្នុងភូមិកំពង់ក្តី ឃុំកំពង់ចិនត្បូង ស្រុកស្ទោង ជាបណ្ដោះអាសន្ន និងសូមអំពាវនាវ ដល់អ្នកដែលបានចូលរួមបុណ្យសពនៅថ្ងៃ១៩ ខែមេសា ឆ្នាំ២០២១ខាងលើ និងអ្នកដែលបានប៉ះពាល់ ផ្ទាល់ជាមួយឈ្មោះ ចេង គឹមនៅ រួសរាន់ទៅផ្ដល់សំណាកដើម្បីវិភាគរកមេរោគកូវីដ១៩ នៅសាលាបឋម សិក្សាព្រះនាង។ ចំពោះបងប្អូនដែលធ្លាប់មានការពាក់ព័ន្ធ ហើយមានការសង្ស័យ សូមពិនិត្យតាមដាន សុខភាពផ្ទាល់ខ្លួនជាប្រចាំ និងត្រូវសម្រាកនៅផ្ទះដាច់តែឯង ក្នុងករណីមានការប្រែប្រួលខុសប្រក្រតីដូចជា ឡើងកម្ដៅលើស ៣៧អង្សាសេ ក្អក កណ្ដាស់ ឈឺបំពង់ក ត្រូវប្រញាប់ទំនាក់ទំនងអាជ្ញាធរ ឬមណ្ឌលសុខភាព ដែលនៅជិតបំផុត។
អាស្រ័យដូចបានជម្រាបជូនខាងលើ សូមបងប្អូនប្រជាពលរដ្ឋមេត្តាជ្រាប និងចូលរួមអនុវត្តខ្លឹមសារនៃសេចក្តីជូនដំណឹងនេះឲ្យមានប្រសិទ្ធភាពខ្ពស់៕

ដោយ ៖ សិលា


ចែករំលែក៖