ខេត្តបាត់ដំបង៖ បេីយោងតាមការបញ្ជាក់ពីស្នងការនគរបាលខេត្តបាត់ដំបង លោកឧត្តមសេនីយ៍ទោ សាត គឹមសាន នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១ បានឲ្យដឹងថា លោកចាត់តាំងកម្លាំងនគរបាលផែនជំនាញ ចូលរួមសហការជាមួយមន្ត្រីជំនាញ នៃមន្ទីរសុខាភិបាលខេត្តបាត់ដំបង ដេីម្បីអនុវត្តវិធានការផាក(ពិន័យ)អន្តរការណ៍ ចំពោះបុរសចំនួន ០២នាក់ ដែលបានប្រព្រឹត្តិល្មើសនឹងវិធានការហាមឃាត់ដូចមានចែងក្នុងមាត្រា៧ នៃច្បាប់ស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ ប្រកបដោយគ្រោះថ្នាក់ និងធ្ងន់ធ្ងរផ្សេងទៀត ។
លោកឧត្តមសេនីយ៍ទោ សាត គឹមសាន បានបន្តថា
បុរសទាំងពីរនាក់ ដែលបើកបររថយន្តល្មើសបម្រាមនេះរួមមាន ៖
ទី១-ឈ្មោះ វិញ យូស៊ីន ភេទប្រុស អាយុ ៣៤ឆ្នាំ រស់នៅឃុំវត្តតាមឹម ស្រុកសង្កែ ខេត្តបាត់ដំបង ។ និងទី២-ឈ្មោះ ដោក ដាំ ភេទប្រុស អាយុ៣៩ឆ្នាំ រស់នៅភូមិសុភី១ សង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។
ស្នងការនគរបាលខេត្តបាត់ដំបង បន្ថែមទៀតថា កាលពីវេលាម៉ោង២០និង៤០នាទីយប់ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១កន្លងទៅ នៅចំណុចភូមិដូនអោក ឃុំល្វា ស្រកបវេល ខេត្តបាត់ដំបង នៅចំណុចគោលដៅរបស់សមត្ថកិច្ចរាំងខ្ទប់ ការធ្វើចរាចរណ៍ ឆ្លងកាត់ខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ។ ស្រាប់តែពេលនោះមានបុរស២នាក់ខាងលើនេះ បានបើកបររថយន្តម្នាក់មួយគ្រឿង ដែលមានទិសដៅ ពីខេត្តបន្ទាយមានជ័យ ចូលមកក្នុងមូលដ្ឋានខេត្តបាត់ដំបង លុះពួកគេបានបើកគេចពីចំណុចគោលដៅត្រួតពិនិត្យ របស់សមត្ថកិច្ច នៅលើផ្លូវជាតិលេខ៥ រួចក៏ឆ្ពោះចូលតាមផ្លូវតូចៗ សំដៅមកមូលដ្ឋានស្រុកបវេល តែមកដល់ចំណុចនេះ ក៏ត្រូវបានសមត្ថកិច្ច កាក់ឃាត់ និងសាកសួរ ទើបដឹងអំពីល្បិចកលរបស់គាត់ ក្នុងការមិនគោរពតាមវិធានការ បិទការធ្វើដំណើរឆ្លងកាត់ខេត្ត ហើយជនល្មើសទាំងពីរនាក់ ត្រូវបាននាំទៅធ្វើចត្តាឡីស័ក នៅស្រុកបវេល និងបានយកវត្ថុសំណាករបស់គាត់ទៅពិនិត្យ រកមេរោគកូវីដ-១៩ ហើយនៅដំណាក់កាលទី០១នេះ លទ្ធផលទទួលបាន គឺ(អវិជ្ជមាន)កូវីដ១៩ ទាំង២នាក់ ។
បច្ចុប្បន្ន បុរសទាំងពីរបើកបររថយន្ត ដែលល្មើសនឹងវិធានការហាមឃាត់ ត្រូវបានអនុវត្តការផាកពិន័យអន្តរការណ៍ក្នុងម្នាក់ៗ ចំនួន៣,០០០,០០០រៀល (បីលានរៀល) ហើយបន្ទាប់ពីការពិន័យរួច អ្នកទាំងពីរនាក់នៅបន្តធ្វើចត្តាឡីស័ក ស្របតាមវិធានសុខាភិបាល តាមកាលកំណត់ចំនួន១៤ថ្ងៃបន្តទៀត៕
ដោយ៖សហការី