ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋាភិបាលចិនផ្ដល់ជំនួយឱសថបុរាណចិន Lianhua Qingwen ចំនួន 88,000 ប្រអប់ ជូនកម្ពុជា

ចែករំលែក៖

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១ សេចក្តីជូនព័ត៌មានរបស់ក្រសួងសុខាភិបាល បានបញ្ជាក់អោយដឹងថា, នាថ្ងៃព្រហស្បតិ៍ ៣រោច ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង០៩:៣០នាទីព្រឹក លោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល រួមជាមួយ លោក  វ៉ាង វិនធៀន ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំ ព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់-ទទួលឱសថបុរាណចិន Lianhua Qingwen Capsules ចំនួន 88,000ប្រអប់ ដែលជាជំនួយដ៏ថ្លៃថ្លារបស់រដ្ឋាភិបាល និងប្រជាជននៃសាធារណរដ្ឋប្រជាមានិត ចិន ជូនរាជរដ្ឋាភិបាល និងប្រជាជននៃព្រះរាជាណាចក្រកម្ពុជា ក្រោមកិច្ចសហប្រតិបត្តិការក្នុងភាពជាដៃគូ យុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងការសម្របសម្រួលយ៉ាងសកម្មរបស់ស្ថានទូតភាគីមិត្តចិន ប្រចាំនៅកម្ពុជា។

លោករដ្ឋមន្ត្រីក្រសួងសុខាភិបាលបានគូសបញ្ជាក់ថា ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប្រកបដោយគតិ បណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា កិច្ចសហប្រតិបត្តិការកម្ពុជា-ចិន ត្រូវបានពង្រឹង និងពង្រីកឥតឈប់ឈរពីមួយថ្ងៃទៅមួយថ្ងៃ លើគ្រប់វិស័យ ទាំងអស់ ជាពិសេសវិស័យសុខាភិបាលបានទទួលនូវជំនួយឥតសំណងយ៉ាងច្រើនឥតគណនា និយាយជារួម និង ការជួយឧបត្ថម្ភគាំទ្រក្នុងការប្រយុទ្ធនឹងការរាតត្បាតជំងឺកូវីដ-១៩ នៅកម្ពុជា ទាំងបច្ចេកទេស ថវិកា និងឧបករណ៍ សម្ភារៈបរិក្ខារវេជ្ជសាស្ត្រ រួមទាំងវ៉ាក់បង្ការជំងឺកូវីដ-១៩ និយាយដោយឡែក។

លោករដ្ឋមន្រ្តី បានសម្តែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះរដ្ឋាភិបាល និងប្រជាជនចិន ជាពិសេស លោក វ៉ាង វិនធៀន ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រ កម្ពុជា ដែលតែងតែសម្របសម្រួលក្នុងការផ្ដល់ជំនួយជូនរាជរដ្ឋាភិបាលកម្ពុជា ជាពិសេសវិស័យសុខាភិបាល។
លោករដ្ឋមន្ត្រីក៏បានថ្លែងអំណរគុណដល់សភាពាណិជ្ជកម្មចិននៅកម្ពុជា ចំពោះការផ្តល់អំណោយ មនុស្សធម៌ជាឱសថបុរាណចិន Lianhua Qingwen Capsules ដល់ក្រសួងសុខាភិបាល នាពេលនេះ៕

ដោយ៖ សុខ ខេមរា


ចែករំលែក៖