ព័ត៌មានទាន់ហេតុការណ៍៖

ឥណ្ឌា៖​ ប្រជាពលរដ្ឋ​ អាចប្រឈមមុខនឹងរលកទី២​ នៃកូវីដ-១៩ ខណៈ​នាំគ្នាសម្រុកចុះឈ្មោះចាក់វ៉ាក់សាំងតាមអនឡាញ

ចែករំលែក៖

អន្តរជាតិ​៖ បើតាមទីភ្នាក់ងារសារព័ត៌មាន CNA នៅថ្ងៃព្រហស្បតិ៍ ទី២៩ ខែមេសា ឆ្នាំ២០២១នេះ​ បានចុះផ្សាយថា​ ប្រជាជនឥណ្ឌា កំពុងប្រញាប់ប្រញាល់ចុះឈ្មោះតាមប្រព័ន្ធអនឡាញ សម្រាប់យុទ្ធនាការចាក់វ៉ាក់សាំងទ្រង់ទ្រាយធំមួយ ដែលនឹងត្រូវធ្វើឡើងនៅចុងសប្ដាហ៍នេះ ខណៈចំនួនអ្នកស្លាប់ដោយសារ COVID-19 នៅទូទាំងប្រទេសកើនលើស ២សែននាក់ហើយ។

ជាក់ស្ដែង​យោងតាមរបាយការណ៍ឥណ្ឌា​ បានបញ្ជាក់ថា​ នៅក្នុងរលកទី២នៃ COVID-19​ ស្ដីពីអ្នកឆ្លងលើស ៣សែននាក់ក្នុងមួយថ្ងៃដែលនេះ​ បានធ្វើឱ្យប្រព័ន្ធសុខាភិបាល និងមន្ទីរពេទ្យខ្វះខាតបរក្ខាពេទ្យ ជាពិសេសអុកស៊ីសែន និងគ្រែដើម្បីសង្រ្គោះជីវិតអ្នកជំងឺ។ ខណៈ​ឥណ្ឌា​ កាលពីថ្ងៃពុធទី២៨​ មេសាម្សិលមិញនេះ​ រកឃើញអ្នកឆ្លង COVID-19 ចំនួន ៣៦០,៩៦០នាក់ ក្នុងពេលមួយថ្ងៃនាំឱ្យអ្នកឆ្លងសរុបកើនដល់ជិត១៨លាននាក់ ខណៈអ្នកស្លាប់បានកើន ដល់ ២០១,១៨៧នាក់ បន្ទាប់ពីអ្នកស្លាប់ ៣,២៩៣នាក់ត្រូវបានរាយការណ៍ក្នុងរយៈពេលត្រឹមតែមួយថ្ងៃដូចគ្នា។

ដោយ​ឡែក​ បើតាមអង្គការសុខភាពពិភពលោក(WHO)​ បានប្រកាសថា​៖ ឥណ្ឌាមានអ្នកឆ្លង COVID-19 ប្រហែលជា៣៨ភាគរយ នៃអ្នកឆ្លង ៥.៧លាននាក់ដែល ត្រូវបានរាយការណ៍នៅជុំវិញពិភពលោកកាលពីសប្ដាហ៍មុន។ ចំណែក​ វីរុសបំប្លែងខ្លួនថ្មី B.1.617 ដែលអ្នកជំនាញជឿថាមានសមត្ថភាពចម្លងលឿនរហ័ស និងមានកាចសាហាវជាងវីរុសដើមអាចជាមូលហេតុមួយនៅពីក្រោយនៃរលកទី២នាពេលបច្ចុប្បន្ន៕

ដោយ​៖ស​ តារា​


ចែករំលែក៖