ខេត្តបាត់ដំបង ៖ ដោយរដូវនេះជារដូវបិទការនេសាទ ហើយមានជនខឹលខូចមួយចំនួនលួចប្រើឧបករណ៍នេសាទត្រីខុសច្បាប់នោះ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលកោះជីវាំង នៃអធិការដ្ឋាននគរបាលស្រុកឯកភ្នំ សហការជាមួយកម្លាំងសមត្ថកិច្ចចម្រុះ ពេញមួយថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១បានចុះបង្ក្រាបបទល្មើសនេសាទខុសច្បាប់ ១លេីក នៅចំណុចព្រែកអង្ក្រង អតីតឡូត៍នេសាទលេខ២ ឃុំកោះជីវាំង ស្រុកឯកភ្នំ ខេត្តបាត់ដំបង។
មន្រ្តីនគរបាលប៉ុស្តិ៍រដ្ឋបាលកោះជីវាំងបានឲ្យដឹងថាជាលទ្ធផលក្នុងការបង្រ្កាបនេះសមត្ថកិច្ចចម្រុះបានបំផ្លាញ សាច់មងប្រវែង ២៥០ម៉ែត្រ បង្គោលចំនួន ៨០ដើម និងឡុកចាប់ត្រីចំនួន ០១។ តែគួរឲ្យសោកស្តាយដោយករណីនេះ អ្នកប្រព្រឹត្តបទល្មើសដឹងខ្លួនទាន់បានរត់គេចខ្លួនបាត់មុនពេលសមត្ថកិច្ចចុះទៅបង្រ្កាប ធ្វើឲ្យសមត្ថកិច្ចមិនចាប់បានម្នាក់ឡើយ៕
ដោយ៖ ប្រាថ្នា