ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋបាល​ខេត្តកំពង់ចាម៖​ គិតត្រឹមព្រឹកថ្ងៃទី២៩ មេសានេះ ករណី​វិជ្ជមាន​ជំងឺកូវីដ-១៩ សរុបចំនួន​​ ៨២នាក់ហើយ

ចែករំលែក៖

ខេត្ត​កំពង់ចាម​៖ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានថ្លែង​ឲ្យ​ដឹង​ថា​ ខេត្តកំពង់ចាម បេីគិតត្រឹមព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១នេះ​ មានអ្នកឆ្លងជំងឺកូវីដ-១៩ សរុបចំនួន៨២នាក់ហើយ​ ក្នុងនោះអ្នកវិជ្ជមានកូវីដ-១៩​ចំនួន​ ៦៦នាក់ ឆ្លងចេញពីព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ។

លោក អ៊ុន ចាន់ដា​ ថ្លែង​បន្ត​ថា ក្នុងចំណោមអ្នកឆ្លងទាំង៨២នាក់នេះ មានចំនួន២៥នាក់ដែលបានព្យាបាលជាសះស្បើយ។

បច្ចុប្បន្ន​ អ្នកកំពុងធ្វើចត្តាឡីស័កសរុប ៧០២នាក់​ ក្នុងនោះ​ (ស្រី៣៣២នាក់) មាននៅសាលាគរុកោសល្យ ៤៨២នាក់, មន្ទីរពេទ្យស្រីសន្ធរ ៥៤នាក់ និងនៅតាមផ្ទះ ១៦៦នាក់។

ជាក់ស្ដែង​ រដ្ឋបាលខេត្តកំពង់ចាម នៅព្រឹក​ថ្ងៃ​ព្រហស្បតិ៍​ទី​២៩​ ខែមេសា​នេះ​ ក៏បានប្រកាសពីការរកឃើញអ្នកឆ្លងជំងឺកូវីដ១៩​ ថ្មី​ចំនួន៣៩នាក់បន្ថែមទៀត នៅស្រុកបាធាយ, ស្រុកកងមាស និងស្រុកស្រីសន្ធរ ដែលសុទ្ធតែចេញពីចង្កោមរោងចក្រ Six Plus និងរោងចក្រ 7NG។

បន្ថែមពីនេះ​ រដ្ឋបាលខេត្តកំពង់ចាម ក៏បានដាក់ចេញវិធានការបន្ទាន់ សម្រេចបិទខ្ទប់រយៈពេល១៤ថ្ងៃ នៅទីតាំងភូមិ ឃុំមួយចំនួនដែលពាក់ព័ន្ធករណីវិជ្ជមានជំងឺកូវីដ-១៩ខាងលើ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាល នៃជំងឺកូវីដ-១៩ ទៅសហគមន៍ផ្សេងទៀត ក្នុងនោះរួមមាន​ ដូច​ខាង​ក្រោម​នេះ៖

ទី១;​ ស្រុកកងមាស​ មានដូចជា​៖ ឃុំកងតាណឹង, ឃុំស្ដៅ និងឃុំរកាអារ និងភូមិគងជ័យ អន្លង់គគី ឃុំព្រែកកុយ។

ទី២; ស្រុកបាធាយ៖ ភូមិកំពង់ព្រះ និងភូមិជើងឆ្នុក ឃុំតាំងក្រាំង, ភូមិចុង និងភូមិសង្កើប ឃុំសំបូរ, ភូមិតាំងក្រាំង ឃុំជាលា។

និងទី៣; ស្រុកស្រីសន្ធរ៖ ឃុំប្រាំយ៉ាម (មាន៤ភូមិ), ភូមិសន្ទៃ ភូមិច្រស់ ឃុំព្រែកពោធិ៍ និងភូមិជ័យ ឃុំមានជ័យ៕

ដោយ​៖សហការី​


ចែករំលែក៖