ព័ត៌មានទាន់ហេតុការណ៍៖

លោក ឃួង ស្រេង បន្ដទទួលអំណោយពីសប្បុរស់ជនជាគ្រឿងឧបភោគ បរិភោគ ដើម្បីជួយឧបត្ថម្ភជីវភាពពលរដ្ឋរងគ្រោះដោយជម្ងឺរាតត្បាតកូវីដ-១៩

ចែករំលែក៖

ភ្នំពេញ៖ អំណោយជាគ្រឿងឧបភោគ បរិភោគ ដែល មានដូចជា អង្ករ មី ត្រីខ ទឹកស៊ីអុីវ ជាច្រើនតោន កេសនិងយួរ ត្រូវបានក្រុមហ៊ុន NagaWorld យកមកប្រគល់ជូនរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីជួយឧបត្ថម្ភជីវភាពជូនប្រជាពលរដ្ឋដែលទទូលរងគ្រោះឬប៉ះពាល់ធ្ងន់ធ្ងរពីជម្ងឺរាតត្បាតកូវីដ-១៩។ 

   ពិធីប្រគល់និងទទួលនេះ បានធ្វើឡើងថ្ងៃទី២៩ មេសា ឆ្នាំ២០២១ នៅសាលារាជធានីភ្នំពេញ ក្រោមវត្តមាន លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញនិងតំណាងក្រុមហ៊ុន។

   លោក ឃួង ស្រេង ក្នុងឱកាសនោះបានមានប្រសាសន៍ថា ក្នុងនាមក្រុមប្រឹក្សារាជធានី គណៈអភិបាលរាជធានី មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋទាំងអស់នៅរាជធានី ភ្នំពេញ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកឧកញ៉ា តាន់ ស្រី (Tan Sri Dr. CHEN LIP KEONG) ស្ថាបនិក និង ជាអគ្គនាយកក្រុមហ៊ុន NagaWorld ដែលបានឧបត្ថម្ភ អង្ករ ចំនួន៨៧,៥ តោន ត្រីខចំនួន ៣,៥០០យួរ មី៣,៥០០ កេសតូច ទឹកត្រី៣,៥០០ យួរ ទឹកស៊ីអុីវ ចំនួន ៣,៥០០ យួរ ជូនរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីចាត់វិធានការទប់ស្កាត់ការរីករាលដាល នៃមេរោគកូវីដ-១៩ (Covid-19)។ 

  តាមរយៈកាយវិការដ៏ល្អប្រពៃ ប្រកបដោយមនុស្សធម៌ និងគុណធម៌ខាងលើនេះ ពិតជាបានរួមចំណែកយ៉ាងសំខាន់ជាមួយរដ្ឋបាលរាជធានីភ្នំពេញ និងរាជរដ្ឋាភិបាល ស្របតាមការអំពាវនាវរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការចាត់វិធានការទប់ស្កាត់ការរីករាលដាល នៃមេរោគកូវីដ-១៩Covid-19 នៅរាជធានីភ្នំពេញ ក៏ដូចជានៅទូទាំងព្រះរាជាណាចក្រកម្ពុជា បានទាន់ពេលវេលា។ ទឹកចិត្តសប្បុរសធម៌ដ៏ថ្លៃថ្លាមួយនេះ ស្តែងឱ្យឃើញអំពីការគិតគូរ និងក្តីអាណិតស្រលាញ់ចំពោះជនរួមជាតិ ដោយឈរលើ បុព្វហេតុជាតិ សាមគ្គីជាធ្លុងមួយ ក្នុងស្មារតីជួយគ្នា នៅក្នុងកាលៈទេសៈដែលប្រទេសជាតិបាន និងកំពុងជួបប្រទះនឹងគ្រោះភ័យ នៃការរាតត្បាតពីមេរោគកូវីដ-១៩ (Covid-19) នៅភ្នំពេញ និងប្រជាជនកម្ពុជាទាំងអស់៕

ដោយ៖ សំរិត


ចែករំលែក៖