ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋបាល​ព្រៃឈើ​សៀមរាប​ ចាប់​ឃាត់រថយន្ត​យី​ឌុបខ្នាត​យក្ស​មួយគ្រឿង បន្ទាប់ពី​លួច​ដឹកឈើ​ល្មើសច្បាប់​

ចែករំលែក៖

ខេត្ត​សៀមរាប​៖ ​រថយន្ត​យី​ឌុបខ្នាត​យក្ស​មួយគ្រឿង ដែល​លួច​ដឹកឈើ​ល្មើសច្បាប់ ត្រូវ​កម្លាំង​មន្រ្តីរដ្ឋបាល​ព្រៃឈើ​ខេត្ត ធ្វើការ​បង្រ្កាប​បានកាលពី​រំលង​អា​ធ្រា​ត្រឈានចូល​ថ្ងៃទី​២៩ ខែមេសា ឆ្នាំ​២០២១​នេះ ត្រង់​នៅ​ចំណុច​ភូមិ​ទ័ព​សៀម ឃុំ​គោកធ្លក​ក្រោម ស្រុក​ជីក្រែង ខេត្តសៀមរាប​។​

​បេីយោង​តាមការលើកឡើងរបស់​លោក ម៉ុង ប៊ុន​លីម នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ ខេត្តសៀមរាប បាន​ថ្លែងថា​ មន្ត្រីជំនាញ​របស់រដ្ឋបាលព្រៃឈេី​ កាលពីយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី២៩​ ខែមេសា​នេះ​ បាន​ឃាត់​រថយន្ត​យី​ឌុប ១​គ្រឿង ម៉ាក​ហ៊ីយ៉ាន់ដាយ ពាក់​ស្លាក​លេខ ភ្នំពេញ 3D-7657 ដែល​បាន​ដឹកឈើ ល្មើសច្បាប់ ជា​ប្រភេទ​ឈើ (​ឈ្លី​ច​) ឈើ​លេខ​១​។ ក្នុងពេល​ស្ទាក់​បង្ក្រាប​អ្នកបើកបរ រថយន្ត បាន​ចុះ​រត់​គេចខ្លួនបាត់​។​

​នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើរូបនេះ​ ​បន្តថា រហូតមកដល់ម៉ោង១២ ថ្ងៃ​ត្រង់​ទី២៩​ មេសានេះ​ កម្លាំង​សមត្ថកិច្ច​ជំនាញ នៅ​មិនទាន់​រាប់​ចំនួន​ដឹងនៅឡើយ​នោះទេ​។ ប៉ុន្តែ​បើ​តាម​ការ​​សន្និដ្ឋានបឋមបាន ប្រហែល​ជាង ១០ម៉ែត្រគូប​។​

​គួរបញ្ជាក់ថា​ ដោយឡែក​បេីតាម​ការស្រាវជ្រាវ​ជាក់ស្ដែង​ឈើ​ទាំងនេះ គឺ​ពួកគេ​អាច​ដឹកជញ្ជូនតាមរយៈរ​ទះ​គោ ចេញពី​ក្នុងព្រៃ មក​ទុក​ក្នុងភូមិ ពេល​មានឱកាស ទើប​ពួកគេ​លើកដាក់​ឡាន ហើយ​ដឹក​ចេញ ហើយ​បំរុងដឹក​ទៅ​ទីរាជធានីភ្នំពេញ​។

បច្ចុប្បន្ន​រថយន្ត ព្រមទាំងវត្ថុតាង​ ត្រូវ​បាន​យកទៅ​រក្សាទុក​នៅ​ផ្នែក​រដ្ឋបាល ព្រៃឈើ ជីក្រែង ដោយ​ទុកពេល ៣០ ថ្ងៃ ដើម្បីឲ្យ​ម្ចាស់​ចូលខ្លួនមកដោះស្រាយ​ និងធ្វើការ​​បង់ពិន័យ ជា​អន្តរកាល តែបើ ៣០ ថ្ងៃ ម្ចាស់​មិន​ចូលខ្លួន នោះ​នឹង​បញ្ជូនទៅសាលាដំបូងខេត្ត​ ដេីម្បីបន្តនីតិវិធី៕ ដោយ​៖ សហការី​


ចែករំលែក៖