ព័ត៌មានទាន់ហេតុការណ៍៖

នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ចុះពិនិត្យទីតាំងយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺ ឆ្លងកូវីដ-១៩ ជូនគ្រួសារកងទ័ពនិងប្រជាពលរដ្ឋនៅតំបន់ក្រហម

ចែករំលែក៖

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី ២៩ ខែមេសា ឆ្នាំ ២០២១ នេះ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះនៃកងយោធពលខេមរភូមិន្ទ រួមដំណើរដោយមន្ត្រីយោធាជាន់ខ្ពស់ក្នុងក្រសួងការពារជាតិ អគ្គបញ្ជាការ.បញ្ជាការដ្ឋានកងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ បានអញ្ជើញចុះពិនិត្យមើលទីតាំងសម្រាប់រៀបចំពិធីបើកយុទ្ធនា ការចាក់វ៉ាក់សាំងការពារជំងឺ ឆ្លងកូវីដ-១៩ ជូនកងទ័ព និងគ្រួសារ និងប្រជាពលរដ្ឋ ដែលមានលំនៅដ្ឋាន រស់នៅក្នុងតំបន់ក្រហម នៃតំបន់បិទខ្ទប់ដែលមានហានិភ័យខ្ពស់ ការឆ្លងរាតត្បាតនៃជំងឺកូវីដ-១៩ ខ្លាំងក្នុងសហគមន៍ ២០ កុម្ភៈ នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញនិងក្រុងតាខ្មៅនៃខេត្តកណ្ដាល ។ 

ទីតាំងដែលត្រូវរៀបចំធ្វើពិធីបើកយុទ្ធនាការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅនៃខេត្តកណ្ដាល នឹងរៀបចំឡើងនៅក្នុងទីតាំងមូលដ្ឋានកងទ័ព នៃកងពលតូចថ្មើរជើងលេខ ៧០ ស្ថិតក្នុងភូមិព្រៃព្រីងខាង ត្បូង សង្កាត់ចោមចៅ រាជធានីភ្នំពេញ 

បើតាមប្រសាសន៍របស់នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានបញ្ជាក់ថា កិច្ចដំណើរការបើកយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនដល់ប្រជាពលរដ្ឋ ដែលមានលំនៅដ្ឋានរស់នៅក្នុងតំបន់ក្រហម នៃតំបន់បិទខ្ទប់ដែលមានហានិភ័យខ្ពស់នៃការចម្លងជំងឺកូវីដ-១៩ ក្នុងសហគមន៍ ២០ កុម្ភៈ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅខេត្តកណ្ដាល នាលើកនេះ  នឹងរៀបចំធ្វើពីធីបើកយុទ្ធនាការជាផ្លូវការនៅព្រឹកថ្ងៃទី ៣០ ខែមេសា ឆ្នាំ ២០២១ស្អែកនេះ នៅក្នុងបរិវេណអង្គភាពកងពលតូចថ្មើរជើងលេខ ៧០ ក្រោមវត្តមានដ៏ខ្ពង់ខ្ពស់ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ តំណាងដ៏ខ្ពង់ខ្ពស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។

យុទ្ធនាការនេះ ក្រសួងការពារជាតិនឹងចាប់ផ្ដើមបញ្ជូនក្រុមគ្រូពេទ្យជំនាញនៃកងយោធពលខេមរភូមិន្ទ ចូលទៅកាន់តំបន់បិទខ្ទប់ ដែលមានការឆ្លងរីករាលដាលខ្លាំងនៃជំងឺកូវីដ-១៩ ក្នុងសហគមន៍ ២០ កុម្ភៈ ទៅតាមបទបញ្ជាបន្ទាន់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងការបើកយុទ្ធនាការថ្នាក់ជាតិ ចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដល់ប្រជាពលរដ្ឋ ចាប់ពីអាយុ១៨ឆ្នាំឡើងទៅ ដោយផ្តើមចេញពី «តំបន់ក្រហម»ដែលមានហានិភ័យខ្ពស់ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅបៃខេត្តកណ្ដាល ។ 

នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បញ្ជាក់ថា យោងតាមបញ្ជាផ្ទាល់របស់សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រីរដ្ឋ មន្ត្រីក្រសួងការពារជាតិ នឹងបទបញ្ជារបស់អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ ពិសេសបទបញ្ជារបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា .កងយោធពលខេមរភូមិន្ទ ក្រោយពីធ្វើពីធីបើកយុទ្ធនាការចាក់វ៉ាក់សាំងជាផ្លូវការ នឹងបញ្ជូនក្រុមគ្រូពេទ្យជំនាញជាក្រុមៗ ចូលទៅកាន់តំបន់គោលដៅ ដែលមានហានិភ័យខ្ពស់ ការចម្លង ជំងឺកូវីដ-១៩ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅខេត្តកណ្ដាល ដើម្បីចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនដល់ប្រជាពលរដ្ឋ ក្នុងតំបន់ទាំងនោះ ចាប់ពីថ្ងៃទី ០១ ខែឧសភា ឆ្នាំ ២០២១នេះ តទៅ ហើយប្ដេជ្ញាចាក់ឲ្យរួចរាល់ក្នុងរយៈពេល ១៥ថ្ងៃ ជូនដល់ប្រជាពលរដ្ឋទូទៅក្នុងតំបន់រងគ្រោះទាំងនោះ ។

ក្នុងសារជាសំឡេងរបស់សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា «ក្នុងអំឡុងពេលយុទ្ធនាការចាក់វ៉ាក់សាំងហ្នឹង កុំខ្វល់ថាប្រជាជនមកពីត្រង់ណាអី ឲ្យតែយល់ព្រមចាក់ គឺចាក់ឲ្យតែម្តង ហើយចេញកាតឲ្យគាត់ទៅ ព្រោះសុទ្ធតែប្រជាជនយើងដដែល តែយើងត្រូវមានសណ្តាប់ធ្នាប់ ដោយសារយើងខ្វះកន្លែង អញ្ចឹងយើងត្រូវឲ្យអាជ្ញាធរមូលដ្ឋានកំណត់ថា ថ្ងៃនេះ ភូមិនេះ ថ្ងៃនោះភូមិនោះ ។ អញ្ចឹងយើងអាចចាប់ផ្តើមយុទ្ធនាការថ្នាក់ជាតិ ប្រើកម្លាំងកងទ័ពចាក់ជូនប្រជាពលរដ្ឋតែម្តង» ។ 

សូមរំលឹកថាដោយសារកំណើននៃការឆ្លងរាលដាលជំងឺកូវីដ-១៩ ក្នុងសហគមន៍ ២០ កុម្ភៈ នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញកាន់តែមានកំណើនច្រើនឡើងៗ ដូចដែលរបាយការណ៍របស់ក្រសួងសុខាភិបាលចេញសេចក្តីជូនដំណឹង គិតត្រឹមព្រឹក ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងសរុបចំនួន ១១,៧៦១នាក់, អ្នកជាសះស្បើយចំនួន ៤៦៩៨នាក់, អ្នកកំពុងសម្រាកព្យាបាលចំនួន ៦៩៦៨នាក់, និងមានអ្នកស្លាប់កើនដល់ចំនួន ៨៨នាក់ ។ ដូច្នេះអត្រានៃការឆ្លងរាលដាលកាន់តែកើនឡើងៗជាលំដាប់ពីមួយថ្ងៃទៅមួយថ្ងៃតម្រូវឲ្យយើងទាំងអស់គ្នា ចូលរួមសហការគ្នាជាធ្លុងមួយ ជាតិ ខ្មែរតែមួយ ក្នុងការទប់ស្កាត់ និងលុបបំបាត់ជំងឺដ៏កាចសាហាវនេះឲ្យអស់ពីកម្ពុជា ។ 

ក្នុងខណ:ចុះពិនិត្យមើលទីតាំងសម្រាប់រៀបចំពិធីបើកយុទ្ធនា ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនដល់ប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិសាស្រ្តតំបន់បិទខ្ទប់ (Lockdown)របស់រាជធានីភ្នំពេញ និងក្រុងតាខ្មៅ ខេត្តកណ្ដាល នៅក្នុងអង្គភាពកងពលតូចលេខ ៧០ នាពេលនោះនាយឧត្តមសេនីយ៍ ឥត សារ៉ាត់ ក៏បានរំលឹកដល់ថ្នាក់ដឹកនាំ មេបញ្ជាការកងពលតូចលេខ ៧០និងមេបញ្ជាការកងទ័ព ជើងគោករួមជាមួយនឹងក្រុមគ្រូពេទ្យរបស់ក្រសួងការពារជាតិ អគ្គបញ្ជាការនៃកងយោធពលខេមរភូមិន្ទ ដើម្បីរៀបចំកម្លាំងក្រុមគ្រូពេទ្យនិងសម្ភារបរិក្ខារពេទ្យ និងវ៉ាក់សាំង ដោយសហការជាមួយអាជ្ញាធរមូលដ្ឋានក្នុងតំបន់ទាំងនោះ និងស្ថាប័នពាក់ព័ន្ធ ចូលទៅកាន់គោល ដៅក្នុងការផ្ដល់សេវាចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនដល់ប្រជាពលរដ្ឋទាំងអស់ ដែលរស់នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ក្នុងតំបន់មានហានិភ័យខ្ពស់នៃការឆ្លងជំងឺកូវីដ-១៩ ក្នុងសហគមន៍ ២០ កុម្ភៈនេះឱ្យទទួលបានជោគ ជ័យ ដើម្បីរួមគ្នាកាត់ផ្ដាច់ចង្វាក់នៃការចម្លងរាលដាលកាន់តែខ្លាំងនៅក្នុងប្រទេសរបស់យើង។

 ជាមួយគ្នានេះដែរនាយឧត្តមសេនីយ៍ ឥត សារ៉ាត់ ក៏បានណែនាំដល់មេបញ្ជាការគ្រប់អង្គភាព ដែលបានបញ្ជូនក្រុមគ្រូពេទ្យទៅកាន់គោលដៅចាស់វ៉ាក់សាំង ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញទាំងអស់ ត្រូវផ្សព្វផ្សាយណែនាំបន្ថែមអំពីវិធានការការពារសុខភាពសម្រាប់គ្រូពេទ្យជួរមុខរបស់ខ្លួនទាំងអស់ ត្រូវមានការប្រុង ប្រយ័ត្នខ្ពស់ ក្នុងពេលបំពេញ បេសកកម្មការងារ លើការផ្ដល់វ៉ាក់សាំង ជូនប្រជាពលរដ្ឋក្នុងតំបន់ទាំងនោះ  ដោយប្រកាន់ខ្ជាប់វិធានការអនាម័យ ៣ កុំ ៣ ការពារ នៅលើវិធានការផ្សេងៗតាមការណែនាំរបស់ក្រសួងសុខាភិបាល ៕

ដោយ៖ អ៊ុក ស៊ុនហេង


ចែករំលែក៖